អន្តរជាតិ
អា​បេ ទៅ​ជួប ត្រាំ ម្ដងទៀត​មុន​ជំនួប​មេដឹកនាំ​អាមេរិក​-​កូរ៉េខាងជើង​នៅ​សិង្ហ​បុរី​
07, Jun 2018 , 9:59 pm        
រូបភាព
លោក ស៊ីនហ្សូ អាបេ ជួបលោក ដូណាល់ ត្រាំ កន្លងមក (រូបភាព AFP)
លោក ស៊ីនហ្សូ អាបេ ជួបលោក ដូណាល់ ត្រាំ កន្លងមក (រូបភាព AFP)
​នៅសល់​៥​ថ្ងៃមុន​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​នៅ​សិង្ហ​បុរី នាយករដ្ឋមន្ត្រី​ជ​ប៉ន ស៊ីន​ហ្សូ អា​បេ បាន​ទៅ​ជួប​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជាថ្មីទៀត​។ របៀបវារៈ​ជាក់លាក់​នៃ​ជំនួប​នេះ​មិនត្រូវ​បានបង្ហាញ​ឡើយ តែ​គេ​រំពឹងថា លោក អា​បេ នឹង​បន្ត​ស្នើ​ឲ្យ​លោក ត្រាំ យក​បញ្ហា​ទ្វេភាគី​ជប៉ុន និង​កូរ៉េខាងជើង​ទៅ​ជជែក​ជាមួយ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ផង​។ កន្លងមក ជប៉ុន​ហាក់​នៅក្រៅ​តុ​ចរចា​ដែល​កំពុង​រំជើបរំជួល​រវាង​អាមេរិក កូរ៉េខាងជើង កូរ៉េខាងត្បូង ចិន និង​រុស្ស៊ី​ជាដើម​។​



​មុន​ធ្វើដំណើរ​ទៅ​កាណាដា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​មហាអំណាច​សេដ្ឋកិច្ច​ទាំង​៧ នៅ​ថ្ងៃទី​៧ ខែមិថុនា នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​ឆ្លៀត​ធ្វើដំណើរ​ទៅ​ជួប​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅឯ​ក្រុង​វ៉ាស៊ីនតោន​សិន​។ នេះ​ជា​ជំនួប​លើក​ទី​ពីរ​រវាង​លោក អា​បេ និង​លោក ត្រាំ ក្នុង​រយៈពេល​មិន​ដល់​មួយខែ​ស្រួលបួល​ផង ហើយក៏​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃមុន​ការមកដល់​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​លោក ត្រាំ និង​លោក គីម ជុង​អ៊ុន នៅ​សប្ដាហ៍​ក្រោយ​។

​ជប៉ុន​ត្រូវ​មើលឃើញថា ស្ថិតនៅ​ឯកោ​ពី​ដំណើរការ​ការទូត​ដ៏​មមាញឹក​ដើម្បី​ឈានដល់​ជំនួប​រវាង​លោក ត្រាំ និង​លោក គីម នៅ​សិង្ហ​បុរី​។ មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង​បាន​ជួប​ជាមួយ​សម​ភាគី​ចិន​ពីរដង ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង​ពីរដង និង​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​ម្ដង​ដែរ​។ ខណៈ​ភាគី​ពាក់ព័ន្ធ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​បាន​ជួបគ្នា​ជា​បន្តបន្ទាប់​នោះ មានតែ​ជប៉ុន​មួយគត់​ដែល​ហាក់​នៅក្រៅ​រង្វង់​ចរចា​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក អា​បេ នឹង​ប្រើ​ទស្សនកិច្ច​នៅ​អាមេរិក​លើក​នេះ​ដើម្បី​ធានាថា ផលប្រយោជន៍​របស់​ជ​ប៉ុន​មិនត្រូវ​បាន​លោក ត្រាំ បំភ្លេច​ឡើយ​ពេល​ជួប​ជាមួយ​លោក គីម នោះ​។ មុន​ឡើង​យន្តហោះ​ទៅ​អាមេរិក លោក អា​បេ បង្ហាញ​ក្ដី​សង្ឃឹមថា លោក​អាច​ឯកភាពគ្នា​ជាមួយ​មេដឹកនាំ​អាមេរិក​លើ​មធ្យោបាយ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​។ អ្វីដែល​ជប៉ុន​ចង់​ឲ្យ​មាន​ដំណោះស្រាយ គឺ​ការបញ្ចប់​នុយក្លេអ៊ែ និង​បញ្ហា​ជនជាតិ​ជប៉ុន​ដែល​ត្រូវបាន​កូរ៉េខាងជើង​ជំរិត​។​

​ចន្លោះ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៨០ ជនជាតិ​ជប៉ុន​ជាច្រើន​នាក់​ត្រូវបាន​កូរ៉េខាងជើង​ចាប់ខ្លួន ដើម្បី​បង្រៀន​ភាសា​ជប៉ុន​ឲ្យ​ចារកម្ម​របស់ខ្លួន​។ នៅ​រយៈពេល​ថ្មីៗ​នេះ​ទៀត មី​ស៊ី​ល​កូរ៉េខាងជើង​បាន​ហោះ​លើ​ដែនអាកាស​ជប៉ុន​ជា​បន្តបន្ទាប់​ដែរ​។​

​លើ​ការរំសាយ​នុយក្លេអ៊ែរ​នេះ ក្រុង​តូ​ក្យូ​ចង់​ឲ្យ​បញ្ចូល​ការលុបបំបាត់​មី​ស៊ី​ល​ចម្ងាយ​ខ្លី និង​មធ្យម​របស់​កូរ៉េខាងជើង​ផង ព្រោះ​ជាការ​គំរាមកំហែង​ដ៏​ធំ​លើ​សន្តិសុខ​ជប៉ុន​។ នេះ​ក៏​ព្រោះតែ​ជប៉ុន​បារម្ភ​ថា លោក ត្រាំ អាច​ផ្ដោតលើ​ការរំសាយ​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ចម្ងាយ​វែង​របស់​កូរ៉េខាងជើង​តែមួយ​មុខ ដែល​គំរាម​សន្តិសុខ​អាមេរិក​ខ្លាំង​។ មកទល់ពេលនេះ កូរ៉េខាងជើង​មាន​មី​ស៊ី​ល​ដែល​អាច​បំពាក់​ក្បាល​នុយក្លេអ៊ែរ និង​បាញ់​ដល់​ទឹកដី​អាមេរិក​ហើយ​៕


Tag:
 អាមេរិក​
  ជប៉ុន​
  សិង្ហ​បុរី​
  ស៊ីន​ហ្សូ អា​បេ​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com