កីឡាជាតិ
ជាតិ
ការប៉ះទង្គិច​នៅ​ស្វាយរៀង​ធ្វើ​ឲ្យ​កីឡាករ​និង​មន្ត្រី​១២​រូប​រង​ពិន័យ
07, Jun 2018 , 6:34 pm        
រូបភាព
លោក អោក សំណាង (ស្តាំ)អគ្គលេខាធិការ និងគ្រូបង្វឹក​ក្លិបព្រះខ័នរាជស្វាយរៀងក្នុងសន្និសីទសារព័ត៌មានជុំវិញការពិន័យកីឡាកររបស់ខ្លួន
លោក អោក សំណាង (ស្តាំ)អគ្គលេខាធិការ និងគ្រូបង្វឹក​ក្លិបព្រះខ័នរាជស្វាយរៀងក្នុងសន្និសីទសារព័ត៌មានជុំវិញការពិន័យកីឡាកររបស់ខ្លួន
ដោយ:
​គណៈកម្មការ​វិន័យរ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​ថ្ងៃទី​៧ ខែមិថុនា​នេះ បានសម្រេច​ពិន័យ​កីឡាករ និង​មន្ត្រី​ចំនួន​១២​រូប​ពាក់ព័ន្ធ​រឿង​ប្រទូសរ៉ាយ​រវាង​កីឡាករ​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ​ក្រសួងការពារជាតិ​។ បន្ថែម​លើ​នេះ​ម្ចាស់ផ្ទះ​ស្វាយរៀង​រង​ពិន័យ​ពីបទ​ធ្វេសប្រហែស​ធ្ងន់ធ្ងរ ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការការពារ ដែល​អាច​រង​ពិន័យ​២​លាន​រៀល​ក្នុង​១​ប្រកួត បើ​គ្មាន​អ្នកគាំទ្រ​នៅ​ប្រកួត​ក្រោយៗ​។​

 
​ការប្រទូសរ៉ាយ​គ្នា​រវាង​កីឡាករ​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ​ក្រសួងការពារជាតិ បានធ្វើ​ឲ្យ​កីឡាករ​និង​មន្ត្រី​នៃ​ក្លិប​ទ​ទាំងពីរ​ចំនួន​១២​រូប​រង​ពិន័យ​យ៉ាងធ្ងន់ធ្ងរ​ពី​គណៈកម្មការ​វិន័យ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដោយ​៨​រូប​មកពី​ព្រះខ័ន​រាជ​ស្វាយរៀង និង​៤​រូប​មកពី​ក្រសួងការពារជាតិ​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​វិន័យ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។  
 
​កីឡាករ ណុប តុលា និង សឿ​យ វិសាល ត្រូវបាន​ពិន័យ​ព្យួរ​២​ប្រកួត និង​៤​ប្រកួត​រួមទាំង​ថវិកា​៥០​ម៉ឺន​រៀល​រៀងៗ​ខ្លួន ក្រោម​បទ​ចោទ​វាយ​គូប្រកួត ខណៈ​កីឡាករ ហូ​យ ផល្លី​ន​, សុក សំណាង​, អោម ឧ​ត្ត​ម​, សារ៉េត គ្រី​យ៉ា​, អាំ សុវណ្ណារ៉ា​ត់ និង​គ្រូ​ជំនួយ សួន ធួន រង​ពិន័យ​ព្យួរ​រយៈពេល​៣​ខែ​និង​ថវិកា​៥០​ម៉ឺន​រៀល ក្រោម​បទ​ចោទ​ចូល​រួមការ​វាយតប់​តាម​មាត្រា​៤៨ និង​៥០​នៃ​ក្រម​វិន័យ​។  
 
​បន្ថែម​លើ​នេះ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវបាន​គណៈកម្មការ​វិន័យ​ចោទ​ពីបទ​ធ្វេសប្រហែស​ធ្ងន់ធ្ងរ ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការការពារ ដែល​អាច​រង​ពិន័យ​ពីរលាន​រៀល​ក្នុង​១​ប្រកួត ក្នុងករណី​ប្រកួត​លើក​ក្រោយៗ​មិនមាន​អ្នកគាំទ្រ​។​
 
​លោក អោក សំណាង អគ្គលេខាធិការ​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​បញ្ជាក់ថា លោក​នឹងដាក់​បណ្តឹងឧទ្ធរណ៍​ទៅកាន់​គណៈកម្មការ​ឧទ្ធរណ៍​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដើម្បី​ស្នើសុំ​បន្ធូរ​ទណ្ឌកម្ម ក្រោយ​លោក​យល់ថា ការពិន័យ​របស់​គណៈ​កម្ម​ការ​វិន័យ​ហាក់​ធ្ងន់ធ្ងរ​ពេក​។ តែ​លោក​អះអាងថា សម្រាប់​កីឡាករ ណុប តុលា​, សឿ​យ វិសាល និង​គ្រូ​ជំនួយ សួន ធួន មិន​ត្រឹមតែ​មិន​ដាក់​បណ្តឹងឧទ្ធរណ៍​ដើម្បី​សម្រាលទោស​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​រង​ពិន័យ​បន្ថែម​ពី​ក្លិប​ថែម​ទៀតផង​។  
 
​អគ្គលេខាធិការ​រូបនេះ​បន្ថែមថា ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​នឹងដាក់​ពិន័យ​លើ​កីឡាករ​ខាងលើ​បន្ថែម តាមរយៈ​ការ​កាត់​ប្រាក់ខែ​ពី​៣០​ទៅ​៤០​ភាគរយ រហូតដល់​៦០​ភាគរយ​ក្នុងករណី​រកឃើញថា​បាន​ប្រព្រឹត្ត​អំពើហិង្សា​ធ្ងន់ធ្ងរ​។ បន្ថែម​លើ​នេះ លោក​នឹង​មើល​វីដេអូ​សកម្មភាព​បន្ថែម ដើម្បី​ស្វែងរក​អ្នកបង្ក​កំហុស​ផ្សេងទៀត​យកមក​ដាក់ពិន័យ​។ តែ​លោក​អះអាងថា មិនមាន​ការដាក់ពិន័យ​រហូត​បញ្ចប់​កិច្ចសន្យា​នោះទេ​។  
 
​ដោយឡែក​ខ្សែបម្រើ​ជប៉ុន Yudai Ogawa ដែល​រងរបួស​បែក​ក្រដាសត្រចៀក​, ខ្សែបម្រើ​កូរ៉េខាងត្បូង Song Chi-hun ដែល​ក្លិប​ក្រសួងការពារជាតិ​បានបញ្ចប់​កិច្ចសន្យា​រង​ពិន័យ​១​ប្រកួត​និង​២​ប្រកួត​រៀងខ្លួន ពីបទ​វាយ​គូប្រកួត​។ រីឯ​លោក ឡេង ណារិន រង​ពិន័យ​ព្យួរ​៣​ខែ ក្រោម​បទ​ចោទ​ចូល​រួមការ​វាយតប់ និង​លោក ភា សុភ​ក្ត្រា គ្រូបង្វឹក​ក្លិប​ក្រសួងការពារជាតិ​ទទួល​លិខិត​ព្រមាន​ចុងក្រោយ ក្រោម​បទ​ចោទ​បំពាន​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​វិន័យ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​
 
​គួររំលឹកថា ក្នុងជំនួប​សប្តាហ៍​ទី​៨​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​កាលពី​ថ្ងៃទី​៣ មិថុនា នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង មាន​ករណី​វាយតប់​គ្នា​រវាង​កីឡាករ​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ​ក្រសួងការពារជាតិ ដែល​បណ្តាល​ឲ្យ​កីឡាករ​ជប៉ុន Ydai Ogawa រងរបួស​បែក​ក្រដាសត្រចៀក និង​កីឡាករ​កូរ៉េខាងត្បូង​ម្នាក់​ត្រូវបាន​ក្លិប​បញ្ចប់​កិច្ចសន្យា​មុនពេល​វេលា​កំណត់​។ ភ្លាមៗ​នោះ​កីឡាករ​៤​រូប​ត្រូវបាន​អាជ្ញាកណ្តាល​បណ្តេញ​ចេញពី​ទីលាន​ប្រកួត​ផងដែរ​។ 
 
​មួយថ្ងៃ​ក្រោយ​ការប៉ះទង្គិច​លោក រិ​ទ្ធ ឌី​កា ប្រធាន​បច្ចេកទេស​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង និង​លោក ខូវ ឆាយ ថ្នាក់ដឹកនាំ​ក្លិប​ក្រសួងការពារជាតិ​បាន​លេង​បាល់ទាត់​ជាមួយ ដើម្បី​ជា​គំរូ ក៏ដូចជា​បញ្ចប់​ភាព​តានតឹង​រវាង​ក្លិប​ទាំងពីរ​។ បន្ថែម​លើ​នេះ កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៨ លោក អោក សំណាង អគ្គលេខាធិការ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​និង​កីឡាករ​បានមក​សួរសុខទុក្ខ​កីឡាករ​ជប៉ុន Yudai Ogawa ដែល​កំពុង​សម្រាក​ព្យាបាល​របួស​បែក​ក្រដាសត្រចៀក​ថែម​ទៀតផង​៕  
 
 
 
 
 

Tag:
 Cambodian League 2018
  FFC
  ស្វាយរៀង​
  ទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com