ជាតិ
ក្រសួង​រាជវាំង​៖ ព្រះរាជសារ ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត មិនមែន​ធ្វើឡើង​ក្រោម​ការ​គំរាម​នោះទេ​
08, Jun 2018 , 4:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺជា​ព្រះរាជសារ​ពិតប្រាកដ ហើយ​មិនមែន​ធ្វើឡើង​ក្រោម​ការគំរាមកំហែង​រប​ស់ជន​ណា​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងព្រះបរមរាជវាំង តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចុះ​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨​។



​សេចក្តីប្រកាស​ព័ត៌មាន​នោះ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ក្រសួងព្រះបរមរាជវាំង សូម​បដិសេធ  និង​ច្រានចោល​ទាំងស្រុង​នូវ​រាល់​ការចោទប្រកាន់ និង​ការ​បំផ្លើស ប្រាសចាក​ការពិត [​អំពី​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​]»​។

​ដ្បិត​មិន​សំដៅចំៗ​ទៅកាន់​បុគ្គល​ណា​ក្តី តែ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងព្រះបរមរាជវាំង គឺធ្វើឡើង​ក្រោយពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយ​អះអាងថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ គឺជា​ព្រះរាជសារ​ក្លែងក្លាយ​។ លោក ថែមទាំង​បកស្រាយ​ថា ទោះជា​ព្រះរាជសារ ជាការ​ពិត​ក៏ដោយ ក៏​ធ្វើឡើង​ក្រោម​ការគំរាមកំហែង​ដែរ​។

​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​លើកឡើងថា លោក សម រង្ស៊ី បាន​ប្រមាថ​ព្រះមហាក្សត្រ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ​។ តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ហៅ​សំណេរ​របស់​អតីត​មេបក្ស​ប្រឆាំង ថា​ជាការ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ង​ន់​ដល់​ព្រះ​កិត្តិយស​របស់​ព្រះមហាក្សត្រ​៕
 


Tag:
 បោះឆ្នោត​
  ព្រះមហាក្សត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com