ជាតិ
សេដ្ឋកិច្ច
CSX បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ថ្មី​មួយទៀត​ឡើង​ផ្សារភាគហ៊ុន​
08, Jun 2018 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX) បានសម្រេច​ជាគោលការណ៍​លើ​ពាក្យស្នើសុំ​ពិនិត្យ​លទ្ធភាព​ចុះបញ្ជី​របស់​ក្រុមហ៊ុន Pestech (Cambodia) នៅ​ថ្ងៃទី​៣១​ខែឧសភា ដែល​នឹង​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​នេះ​ចូល​ផ្សា​រមូល​ប​ត្រ​នៅពេល​ខាងមុខ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់ CSX ។



Pestech (Cambodia) មាន​ក្រុមហ៊ុនមេ Pestech International ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​។ Pestech (Cambodia)   គឺជា​ក្រុមហ៊ុន​បច្ចេកទេស​ថាមពល​អគ្គិសនី​ដែល​ផ្ដល់​សេវាកម្ម​ចម្បង​លើ​ការសាងសង់​បណ្ដាញ​បញ្ជូន​អគ្គិសនី​, អនុ​ស្ថានីយ​, ប្រព័ន្ធ​ថាមពល​ខ្សែកាប​ក្រោម​ដី និង​ការជួញដូរ​បង្គុំ​និង​គ្រឿង​បរិក្ខារ​ប្រព័ន្ធ​ថាមពល​។

​សេចក្ដីជូនដំណឹង​ខាងលើនេះ​បញ្ជាក់ថា ដើម្បី​អាច​ចុះបញ្ជី និង​ជួញដូរ​ជា​ផ្លូវការ​បាន​នៅ CSX ក្រុមហ៊ុន ផេស​ថិ​ក ត្រូវ​ទទួលបាន​ការអនុញ្ញាត​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​ត្រូវបំពេញ​លក្ខខណ្ឌ​តម្រូវ​ផ្សេងៗ​មួយចំនួនទៀត​ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​នៅ CSX ។​

Pestech ត្រូវបាន​រំពឹងថា​នឹង​ក្លាយជា​ក្រុមហ៊ុន​ទី​៦ ក្នុង​ផ្សារភាគហ៊ុន​របស់​កម្ពុ​ជា ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​ចំណុះ​រដ្ឋ​ចំនួន​៣ និង​ក្រុមហ៊ុន​ឯកជន​ចំនួន​២​ទៀត កំពុង​ប្រតិបត្តិ​ការលក់​ភាគហ៊ុន​ក្នុង​ទីផ្សារ​មួយ​នេះ​៕
 


Tag:
 ផ្សារភាគហ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com