ជាតិ
ព័ត៍មានសុខភាព
 ក្រសួង​ហាម​នាំចូល​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ខុសច្បាប់​ម៉ាក Maca Extract និង Prolonger
09, Jun 2018 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​បញ្ជា​ឲ្យ​បញ្ឈប់​ការនាំ​ចូល និង​ចែកចាយ ផលិតផល​បំប៉ន​ផ្លូវ​ភេទបុរស MACA EXTRACT និង​ក្រែ​ម​លាប PROLONGER ទៅកាន់​ទីផ្សារ​។ បើតាម​សេចក្ដីជូនដំណឹង​ខាងលើ ផលិតផល​ទាំងនេះ បាន​ផ្សព្វផ្សាយ​បំផ្លើស​ហួស​ពី​ការពិត ពិសេស​ផលិតផល​នេះ មិនបាន​ចុះ​បញ្ជិកា មិនមាន​ការត្រួតពិនិត្យ និង​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​នោះទេ​។​



«​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស MACA EXTRACT ផលិត​នៅ​ប្រទេស​កាណាដា និង​ក្រែ​ម​លាប PROLONGER ផលិត​នៅ​អាមេរិក គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ឡើយ​»​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ខាងលើ​។

​ក្រសួងសុខាភិបាល លើកឡើងថា ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ទាំងនេះ បាន​ផ្សព្វផ្សាយ​អួតអាង បំផ្លើស​ពី​ការពិត ដែល​អាចជួយ​ដល់​ការព្យាបាល​ជំងឺលើសឈាម ជំងឺ​គាំងបេះដូង ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​តម្រង់​នោម​ជាដើម​។​

​បើតាម​សេចក្ដីជូនដំណឹង​ខាងលើ ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ជន​ណា ដែល​នាំចូល និង​ចែកចាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស និង​ក្រែ​ម​លាប​ខាងលើនេះ​។ ក្រសួង បន្ថែមថា ប្រសិនបើ​ពលរដ្ឋ​ជួបប្រទះ ការលក់ ចែកចាយ នូវ​ឱសថ​បំប៉ន​ខាងលើ ត្រូវ​ផ្ដល់ព័ត៌មាន​ដល់​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង តាមរយៈ​ទូរ​សព្ទ​លេខ  ០៩៥ ៣៥៩ ៣៩៩/ ០១៧ ៤៦៦ ៧៦០៕

Tag:
 សុខាភិបាល​
  បុរស​
© រក្សាសិទ្ធិដោយ thmeythmey.com