កីឡាជាតិ
ជាតិ
កីឡាករ អ៊ឹម រិ​ទ្ធា រ៉ាប់រង​ជំនួស​សិស្ស​ច្បង រារាំង​កុំ​ឲ្យ​មានការ​ស៊ុត​បញ្ចូល​ទី​ពី​ក្រុម​វិសាខា​រសៀល​នេះ​
09, Jun 2018 , 2:14 pm        
រូបភាព
កីឡាករ អ៊ឹម រិទ្ធា ហ្វឹក​​ហាត់មុន​​ជំនួ​​បជា​​មួយវិ​​សាខា, រូប​​​ភាពពី​​ហ្វេស​​ប៊ុកក្លិប​​បាល់​​ទាត់​​ព្រះ​​​ខ័ន​​​រាជ​​ស្វាយ​​​រៀង
កីឡាករ អ៊ឹម រិទ្ធា ហ្វឹក​​ហាត់មុន​​ជំនួ​​បជា​​មួយវិ​​សាខា, រូប​​​ភាពពី​​ហ្វេស​​ប៊ុកក្លិប​​បាល់​​ទាត់​​ព្រះ​​​ខ័ន​​​រាជ​​ស្វាយ​​​រៀង
ដោយ:
​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវ​បង្ខំចិត្ត​ប្រើប្រាស់​អ្នកចាំទី​ដៃ​ទី​៣ អ៊ឹម រិ​ទ្ធា ជំនួស​អ្នកចាំទី​ដៃ​ទី​១​និង​ទី​២​ក្នុងជំនួប​តទល់​ជាមួយ​ក្រុម​វិសាខា សម្រាប់​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​កំពូល​កម្ពុ​ជានា​ម៉ោង​៣​រសៀល​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៨​។ ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រើប្រាស់​កីឡាករ​យុវជន​ច្រើន​សម្រាប់​ជំនួប​រសៀល​នេះ ក្រោយ​កីឡាករ​មួយចំនួន​ជាប់​ពិន័យ​។ ទោះបី​យ៉ាងនេះ​ក្តី វិសាខា​មិនបាន​មើលស្រាល​សមត្ថភាព​គូប្រកួត​នោះទេ ដោយ​អះអាងថា នឹង​ប្រើប្រាស់​កីឡាករ​ពេញ​ជើង​តែម្តង​។

 
​អ្នកចាំទី​ដៃ​ទី​៣ អ៊ឹម រិ​ទ្ធា មាន​ភារកិច្ច​ដ៏​ធំ​មួយ គឺ​រារាំង​កុំ​ឲ្យ​មានការ​ស៊ុត​បញ្ចូល​ទី​ព្រះខ័ន​រាជ​ស្វាយរៀង​ពី​សំណាក់​កីឡាករ​វិសាខា ជំនួស​អ្នក​ចាំ​ដៃ​ទី​១ អោម ឧ​ត្ត​ម និង​អ្នក​ចាំ​ដៃ​ទី​២ អាំ សុវណ្ណារ៉ា​ត់ ដែល​រង​ពិន័យ​ព្យួរ​បី​ខែ​ពាក់ព័ន្ធ​ចូលរួម​ប្រើប្រាស់​អំពើហិង្សា​។ បទពិសោធ​ក្មេងខ្ចី​របស់​អ្នកចាំទី​វ័យ​១៩​ឆ្នាំ​ខាងលើ បាន​ក្លាយជា​ក្តីកង្វល់​ដ៏​ធំ សម្រាប់​ថ្នាក់ដឹកនាំ​ក្លិប​ព្រះរាជ​ស្វាយរៀង​ក្នុងការ​តទល់​ជាមួយ​ក្រុម​ចំណូល​ថ្មី​វិសាខា​។ 
 
​លោក អោក សំណាង អគ្គលេខាធិការ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​បានបង្ហាញ​ក្តីបារម្ភ​យ៉ាង​ដូច្នេះ​ថា​៖«​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​ប្រើប្រាស់​តែ​យុវជន​ខ្លួនឯង​នោះទេ ហើយក៏​មិនបាន​យក​ពី​ក្លិប​ផ្សេងៗ​ដែរ មាន​ប៉ុន្មាន​ប្រើ​ប៉ុណ្ណឹង​។ ប៉ុន្តែ​អ្វីដែល​ពិបាក​បំផុត គឺ​អ្នកចាំទី​ខ្ញុំ​ទាំងពីរ​ជាប់​ពិន័យ ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ យើង​ជួប​វិសាខា ដូច្នេះ​យើង​ត្រូវ​ប្រើ​អ្នកចាំទី​ដៃ​ទី​៣​ដែល​គាត់​មាន​បទពិសោធ​ក្មេងខ្ចី នេះ​ជា​ក្តីកង្វល់​សម្រាប់​យើង​»​។​
 
​ការប្រើប្រាស់​អ្នកចាំទី​ដៃ​ទី​៣​ជា​បញ្ហា​មួយ ប៉ុន្តែ​ការ​អវត្តមាន​ខ្សែការពារ សឿ​យ វិសាល​, ណុប តុលា​, សារ៉េត គ្រី​យ៉ា​, ខែ​បម្រើ ហូ​យ ផល្លី​ន និង​ខ្សែប្រយុទ្ធ សុក សំណាង ដែល​ជាប់​ពិន័យ​រៀងៗ​ខ្លួន បានជា​បញ្ហា​ធំ​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង​។ តែ​យ៉ាងណា លោក Conor Nestor គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ចាត់ទុក​បញ្ហា​នេះ មិន​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ឡើយ​សម្រាប់​ក្រុម​។ 
 
«​យើង​នៅសល់​កីឡាករ​១៦​រូប​ដែល​ពោរពេញ​ដោយ​សមត្ថភាព ជាធម្មតា​ការប្រកួត​បាល់ទាត់​យើង​មិន​ពឹង​តែ​លើ​កីឡាករ​៥​ទៅ​៦​រូប​នោះទេ​។ ហើយ​ខ្ញុំ​នឹង​ព្យាយាម​ប្រើប្រាស់​ធនធាន​ទាំងនេះ ខ្ញុំ​ជឿជាក់​លើ​ពួកគេ ព្រោះ​ពួកគេ​មាន​សមត្ថភាព និង​ទេពកោសល្យ​។ ដូច្នេះ​យើង​មាន​កីឡាករ​គ្រប់គ្រាន់​ដើម្បី​ប្រកួត និង​ស្វែងរក​ជ័យជម្នះ​»​។ នេះ​ជាការ​អះអាង​របស់លោក Conor Nestor គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​។​
 
​គួររំលឹកថា កីឡាករ​និង​មន្ត្រី​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​ចំនួន​៨​រូប ត្រូវបាន​គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ពិន័យ​ព្យួរ​ការប្រកួត ក្រោយ​ផ្ទុះ​ហិង្សា​ក្នុងជំនួប​ជាមួយ​ក្រសួង​ការពារ​កាលពី​សប្តាហ៍​មុន​នៅលើ​ទឹកដី​ខេត្តស្វាយរៀង​។ ក្នុងនោះ​កីឡាករ ណុប តុលា និង សឿ​យ វិសាល ត្រូវបាន​ពិន័យ​ព្យួរ​២​ប្រកួត និង​៤​ប្រកួត​រួមទាំង​ថវិកា​៥០​ម៉ឺន​រៀល​រៀងៗ​ខ្លួន ក្រោម​បទ​ចោទ​វាយ​គូប្រកួត ខណៈ​កីឡាករ ហូ​យ ផល្លី​ន​, សុក សំណាង​, អោម ឧ​ត្ត​ម​, សារ៉េត គ្រី​យ៉ា​, អាំ សុវណ្ណារ៉ា​ត់ និង​គ្រូ​ជំនួយ សួន ធួន រង​ពិន័យ​ព្យួរ​រយៈពេល​៣​ខែ​និង​ថវិកា​៥០​ម៉ឺន​រៀល ក្រោម​បទ​ចោទ​ចូល​រួមការ​វាយតប់​តាម​មាត្រា​៤៨ និង​៥០​នៃ​ក្រម​វិន័យ​។  
 
​បន្ថែម​លើ​នេះ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវបាន​គណៈកម្មការ​វិន័យ​ចោទ​ពីបទ​ធ្វេសប្រហែស​ធ្ងន់ធ្ងរ ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការការពារ ដែល​អាច​រង​ពិន័យ​ពីរលាន​រៀល​ក្នុង​១​ប្រកួត ក្នុងករណី​ប្រកួត​លើក​ក្រោយៗ​មិនមាន​អ្នកគាំទ្រ​។​
 
​ទោះបី​ស្វាយរៀង​បាន​បាត់បង់​សមាជិក​មួយចំនួន​ក៏ដោយ តែ​វិសាខា​មិន​ហ៊ាន​មើលស្រាល​សមត្ថ​ភា​យុវជន​ស្វាយរៀង ហើយក៏​មិន​ធ្វេសប្រហែស​ដែរ ពោលគឺ​វិសាខា​នឹង​ប្រើប្រាស់​កីឡាករ​ពេញ​ជើង​តែម្តង​សម្រាប់​ជំនួប​នៅ​រសៀល​នេះ​។  «​យើង​មិនអាច​ដឹង​លទ្ធផល​មុន​បាន​នោះទេ​។ ដូច្នេះ​យើង​ក៏​មិនអាច​មើលស្រាល​លើ​សមត្ថភាព​គូប្រកួត​ដែរ ព្រោះ​ស្វាយរៀង​នៅសល់​យុវជន​ដែល​សមត្ថភាព​ច្រើន ហើយ​ពួកគេ​ក៏​ជា​កីឡាករ​ជម្រើសជាតិ អតីត​កីឡាករ​ជម្រើសជាតិ និង​ជម្រើស​កម្រិត U ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុងការ​យកឈ្នះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហុក សុ​ជី​វ័​ន្ត គ្រូបង្វឹក​ក្រុម​វិសាខា​។​
 
​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ​ក្លាយជា​ទីតាំង​កាត់សេចក្តី​ជំនួប​រវាង​ក្រុម​វិសាខា​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង សម្រាប់​ជំនួប​សប្តាហ៍​ទី​៩​នៃ​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​កំពូល​កម្ពុជា ន​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។ សម្រាប់​ជំនួប​សប្តាហ៍​មុន​វិសាខា​បាន​យកឈ្នះ​ណាហ្គា​វើ​ល​ក្នុង​លទ្ធផល ៣-០ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​ចាញ់​ក្រសួង​ការពារ ២-១ ក្នុងជំនួប​ដ៏​រកាំរកូស​។ 
 
​នៅ​ថ្ងៃ​សៅរ៍​នេះដែរ ក្រុម​អង្គ​រថា​យ​ហ្គឹ​រ​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​ដូចគ្នា សូល​ទី​ឡូ​អង្គរ នា​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​។ ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​ន​បើកទ្វារ​កីឡដ្ឋាន RSN ស្វាគមន៍​ក្រុម​បឹងកេត​នា​ម៉ោង​៦​ល្ងាច​៕  

Tag:
 Cambodian League 2018
  វិសាខា​
  ស្វាយរៀង​
  អ៊ឹម រិ​ទ្ធា​
© រក្សាសិទ្ធិដោយ thmeythmey.com