ជាតិ
ខ្យល់​កន្ត្រាក់​នៅ​ភ្នំពេញ​៖ មនុស្ស​ម្នាក់​របួស​, យានយន្ត​មួយចំនួន​ខូចខាត​, ដើមឈើ និង​ផ្ទាំង​ប៉ាណូ​មួយចំនួន​បាក់​រលំ​
09, Jun 2018 , 4:10 pm        
រូបភាព
រូបភាពពី ហ្វេសប៊ុក
រូបភាពពី ហ្វេសប៊ុក
​ភ្នំពេញ​៖  ដើមឈើ និង​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ចំនួន ៣​ទីតាំង​ផ្សេងគ្នា  បាន​បាក់​រលំ ដោយសារ​ភ្លៀង និង​ខ្យល់​កន្ត្រាក់​ខ្លាំង​។ ករណីនេះ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​រងរបួស  និង​ម៉ូតូ​១​គ្រឿង រួមទាំង​រ៉ឹ​ម៉ក​១​គ្រឿង​ខូចខាត​។

 
​នា​រសៀល​ថ្ងៃទី ៩ មិថុនា​នេះ មាន​ភ្លៀង និង​ខ្យល់​កន្ត្រាក់​ខ្លាំង បានធ្វើ​ឲ្យ​ដើមឈើ និង​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មួយចំនួន បាន​បាក់​រលំ​។ លោក ម៉ែត មាស​ភក្ដី អ្នកនាំពាក្យ​នៃ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​៖ «​តាម​ព័ត៌មាន​បឋម ភ្លៀង​និង​ខ្យល់​កន្ត្រាក់​ខ្លាំង​នៅ​រសៀល​នេះ បានធ្វើ​ឲ្យ​ដើមឈើ​បាក់​រលំ និង​ស្លាក​ប៉ាណូ​២​ទីតាំង​បាក់  ដែល​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​រងរបួស និង​ម៉ូតូ​១​គ្រឿង រួមទាំង​រ៉ឺម៉ក​១​គ្រឿង​ខូ​ត​ខាត​»​។ 
 
​ករណីនេះ កើតឡើង​នៅ​ទីតាំង​៣​ផ្សេងគ្នា គឺ​នៅមុខ​វិទ្យាល័យ​បាក់​ទូក (​ដើមឈើ​), ច្រមុះជ្រូក​ស្ទឹងមានជ័យ (​ស្លាក​ប៉ាណូ​) និង​មុខ​ប៉ុស្ដិ៍នគរបាល​ចតុមុខ (​ស្លាក​ប៉ាណូ​)​។ ក្រោយ​កើតហេតុ អាជ្ញាធរ​នៅ​តំបន់​នោះ បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ និង​រៀបចំ​សណ្ដាប់ធ្នាប់​ឡើងវិញ​។ លោក ម៉ែត មាស​ភក្ដី ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ​ផងដែរ​៕

 
រូបភាពពី ហ្វេសប៊ុក

Tag:
 ខ្យល់​
 ​ ភ្លៀង​
 ​ ដើមឈើ​
  ​ស្លាក​ប៉ាណូ​
  ខ្យល់​កន្ត្រាក់​
© រក្សាសិទ្ធិដោយ thmeythmey.com