ជាតិ
GPE ផ្ដល់ជំនួយ​ជាង​២០​លាន​ដុល្លារ ជួយ​លើកកម្ពស់​គុណភាព​អប់រំ​នៅ​បឋមសិក្សា​
09, Jun 2018 , 5:59 pm        
រូបភាព
រូបភាព​ទាំង​អស់​ពី​ក្រ​សួង​អប់រំ
រូបភាព​ទាំង​អស់​ពី​ក្រ​សួង​អប់រំ
​ភ្នំពេញ​៖ ក្រុមប្រឹក្សាភិបាល​នៃ​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ (GPE) បានផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ២០,៦​លាន​ដុល្លារ សម្រាប់​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុងការ​លើកកម្ពស់​គុណ​ភាព​អប់រំ​នៅ​បឋមសិក្សា​។ ហិរញ្ញប្បទាន​ឥត​សំណង​នេះ នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កុមារ​មកពី​គ្រួសារ​ជួប​ការលំបាក ក៏ដូចជា​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការបង្រៀន ពង្រឹង​ភាព​ដឹកនាំ និង​គ្រប់គ្រង​របស់​មន្ត្រី​អប់រំ​រួមមាន គ្រូបង្រៀន នាយក​សាលា ព្រមទាំង​អ្នកផ្ដល់​សេវា​អប់រំ​នៅតាម​មូលដ្ឋាន និង​ថ្នាក់ជាតិ​។


​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​លើកឡើងថា​៖ «​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ បានរួម​ចំណែក​ដ៏​សំខាន់​ដល់​វិស័យ​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០០៦​មក​។ ការជួយ​គាំទ្រ​បន្ថែម​របស់ GPE នេះ នឹង​ផ្តល់​លទ្ធភាព​ឲ្យ​យើង​អាច​ពង្រីក​និង​ពង្រឹង​គ្រូបង្រៀន​របស់​យើង​ឲ្យ​កាន់​តែមាន​សមត្ថភាព​បន្ថែមទៀត ដើម្បី​ផ្តល់​ឲ្យ​កុមារ​ដែល​ជួប​ការលំបាក​នូវ​លក្ខខណ្ឌ​ដែល​ពួកគេ​ត្រូវការ​រៀនសូត្រ និង​រីកចម្រើន​»​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ដកស្រង់​សម្ដី​លោក ហង់ ជួន ណា​រ៉ុ​ន​។ 
 
​លោកស្រី Alice Albright ប្រធាន​ប្រតិបត្តិ​នៃ​(GPE) បាន​បញ្ជាក់ថា កម្ពុជា​ជា​ដៃគូ​របស់ GPE ចាប់តាំងពី​ឆ្នាំ​២០០៦​មក​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ចំពោះ​វិស័យ​អប់រំ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​វិស័យនេះ​កាន់​តែមាន​ភាពរឹងមាំ និង កាន់​តែមាន​សមធម៌​សម្រាប់​កុមារ​ជាច្រើន​នាក់​ទៀត​។ តាមរយៈ​ហិរញ្ញប្បទាន​ឥត​សំណង​លើក​ទី​៣​នេះ GPE នឹង​ជួយ​ព​ន្លឿ​ន​វឌ្ឍនភាព​វិស័យ​អប់រំ​នៅ​កម្ពុជា​ឲ្យ​មាន​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​បន្ថែមទៀត​។​
 
​នេះ​ជា​លើក​ទី​៣​ហើយ ដែល​GPE បានផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​។ ក្រុមប្រឹក្សាភិបាល​នៃ​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ នឹង​នាំមក​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ជាមួយ​ក្រសួង​អប់រំ អង្គការ​យូណេស្កូ និង​អង្គការ​យូ​នី​សេ​ហ្វ ព្រមទាំង​អង្គការ​ដៃគូ​មួយចំនួនទៀត​៕





Tag:
 អប់រំ​
 ​ ជំនួយ​
  GPE
© រក្សាសិទ្ធិដោយ thmeythmey.com