ខ្មែរ​ក្រហម
ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​សង្គ្រោះ​ជាតិ​ឆ្លើយតប៥ចំណុច​ទៅកាន់​ញត្តិ លោក ជុំ ម៉ី និង​ជង​រងគ្រោះ
10, Jun 2013 , 5:05 pm        
រូបភាព
ដោយ:
មួយថ្ងៃ​បន្ទាប់ពី​បានទទួល​ញត្តិ​ពី​លោក ជុំ ម៉ី និង​ក្រុមបាតុករ​ប្រមាណ​ជាជាង២ម៉ឺន​នាក់​ហើយ​នោះ នៅ​ថ្ងៃទី១០ ខែមិថុនា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​របស់ លោក កឹម សុខា បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​របស់ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​ញត្តិ​ទាមទារ​របស់​ពួកគេ។


ជាការ​កត់សំគាល់​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​នោះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឆ្លើយតប​ទៅនឹង​ញត្តិ​ក្រុម​ជនរងគ្រោះ​ដែលមាន៥ចំណុច ប៉ុន្តែ​គ្មាន​ចំណុច​ណាមួយ​ដែល​បង្ហាញថា លោក កឹម សុខា បន្ទន់ឥរិយាបទ​រប​ស់​ខ្លួន​សុំទោស​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​ដូច​ការទាមទារ​ក្នុង​ញត្តិ​របស់​ពួកគេ​នោះទេ។

ខ្លឹមសារ​នៃ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​នោះ លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ មិនដែល​បដិសេធថា​គ្មាន​ការកាប់សម្លាប់ ឬ​ធ្វើ​ទារុណកម្ម​នៅក្នុង​គុក​ទួលស្លែង​នោះទេ ហើយ​ថា លោក កឹម សុខា ក៏​មិនបាន​ប្រមាថ​ដល់​អាយុជីវិត​របស់​ជនរ​ង​គ្រោះ​ដែល​បាន​បាត់​បង់ជីវិត​នៅ​ក្នុងសម័យ​ខ្មែរក្រហម​នោះដែរ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា  ជា​រៀងរាល់ឆ្នាំ លោក កឹម សុខា និង​គណបក្ស តែងតែបាន​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម នៅ​ថ្ងៃទី១៧ ខែមេសា ហើយ​ថា ការគោរព​នេះ​នឹង​នៅតែ​បន្ត​ធ្វើជា​បន្តទៀត។

ពាក់ព័ន្ធ​នឹង​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​វិញ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា បុគ្គល​លោក កឹម សុខា និង​គណបក្ស យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការទាមទារ​រក​យុត្តិធម៌​ពិត​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដើម្បី​ឲ្យ​មានការ​កាត់ទោស​ជនឧក្រិដ្ឋ​នៃ​របប​នេះ។

នៅក្នុង​លិខិត​ឆ្លើយតប​ទាំង៥ចំណុច​នោះ គេ​សង្កេតឃើញថា លោក កឹម សុខា បានបង្ហាញ​ពី​ការឯកភាព​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​មានការ​ផ្សៈ​ផ្សា​ជាតិ  និង​បង្ហាញ​ពី​ការគោរព​ដ្ឋ​ធម្មនុញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com