ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នៅរុស្ស៊ី ឈានដល់ការប្រកួតបើកឆាកក្នុងពូល C និង ពូល D នៅថ្ងៃទី១៦ ខែមិថុនា នេះ។ នៅក្នុងពូល C បារាំងត្រូវជួបអូស្ត្រាលី ប៉េរូប៉ះដាណឺម៉ាក ខណៈពូល D ជាការតទល់គ្នារវាង អាហ្សង់ទីន-អ៊ីស្លង់ និងក្រូអាស៊ី-នីហ្សេរីយ៉ា។
បារាំង ជួប អូស្ត្រាលី ម៉ោង៥ល្ងាច នៅកីឡដ្ឋាន Kazan Arena Kazan
Tim Cahill អាចមានឈ្មោះដូចវីរបុរសប្រេស៊ីល Pele និងអតីតខ្សែប្រយុទ្ធអាល្លឺម៉ង់ Miroslav Klose និង Uwe Seeler ក្នុងនាមជាកីឡាករដែលស៊ុតបាល់បញ្ចូលទីនៅព្រឹត្តិការណ៍ World Cup ៤លើក។ ក្រៅពីខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំរូបនេះ កម្លាំងដ៏សំខាន់មួយទៀតរបស់អូស្ត្រាលីគឺខ្សែបម្រើ Aaron Mooy នៃក្លិប Huddersfield Town។
ទោះបីជាយ៉ាងណាក៏ដោយ វាមិនងាយស្រួលនោះឡើយសម្រាប់ក្រុមកង់គូរូ ពីព្រោះ Antione Griezmann ជាកម្លាំងប្រយុទ្ធដ៏មុតស្រួចមួយរបស់បារាំង។ Griezmann ផ្តោតទៅលើក្រុមជម្រើសជាតិសិន មុននឹងសម្រេចចិត្តលើកអនាគតរបស់ខ្លួនក្នុងក្របខណ្ឌអាជីព។
ក្រុមទាំងពីរធ្លាប់ជួបគ្នា៤លើក ដោយបារាំងឈ្នះ២លើក អូស្ត្រាលីឈ្នះ១លើក និងស្មើគ្នា១លើក។ នាជំនួបមិត្តភាពចុងក្រោយកាលពីឆ្នាំ២០១៣ បារាំងបានយកឈ្នះក្នុងលទ្ធផល ៦-០ ។
កីឡាករដែលអាចជាប់ជម្រើស១១នាក់ដំបូង៖
-បារាំង៖ Hugo Lloris, Benjamin Mendy, Samuel Umtiti, Raphael Varane, Djibril Sidibe, Blaise Matuidi, N'Golo Kante, Paul Pogba, Antoine Griezmann, Kylian Mbappe, Olivier Giroud
-អូស្ត្រាលី៖ Mathew Ryan, Aziz Behich, Trent Sainsbury, Mark Milligan, Josh Risdon, Aaron Mooy, Mile Jedinak, Massimo Luongo, Robbie Kruse, Andrew Nabbout, Mathew Leckie
អាហ្សង់ទីន ជួប អ៊ីស្លង់ ម៉ោង៨យប់នៅកីឡដ្ឋាន Spartak Stadium, Moscow
អាហ្សង់ទីនដែលស្វែងការឈ្នះពាន World Cup លើកទីបីរបស់ខ្លួន ខណៈ Lionel Messi ត្រូវបង្ហាញវត្តមានលើកទី៣ក្នុងព្រឹត្តិការណ៍ពិភពលោកនេះ។ ជំនួបបើកឆាកពូក D នេះ ជាការប៉ះគ្នារវាងក្រុមអាហ្សង់ទីនដ៏មានបទពិសោធន៍ និងក្រុមចំណូលថ្មី អ៊ីស្លង់ដែលមានប្រជាជនត្រឹមជាង៣សែននាក់។
អាចថាពិបាកក្នុងការប្រៀបធៀបខណៈអាហ្សង់ទីនមាន Lionel Messi, Angel Di Maria និង Sergio Aguero ជាដើម ប៉ុន្តែអ៊ីស្លង់ក៏ធ្លាប់មានប្រវត្តិធ្វើឲ្យក្រុមខ្លាំងៗមួយចំនួនចុកចាក់ផងដែរ ដូចជាការទម្លាក់អង់គ្លេសនៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Euro 2016 និងការបំបាក់ក្រុមខ្លាំងក្រូអាស៊ី អ៊ុយក្រែន និងតួកគីក្នុងដំណើរទៅកាន់រុស្ស៊ី ជាដើម។
កីឡាករដែលអាចជាប់ជម្រើស១១នាក់ដំបូង៖
-អាហ្សង់ទីន: Wilfredo Caballero; Eduardo Salvio, Nicolas Otamendi, Marcos Rojo, Nicolas Tagliafico; Javier Mascherano, Lucas Biglia; Maximiliano Meza, Lionel Messi, Angel Di Maria; Sergio Aguero
-អ៊ីស្លង់: Hannes Halldorsson; Hordur Magnusson, Ragnar Sigurdsson, Kari Arnason, Birkir Saevarsson; Emil Hallfredsson, Aron Gunnarsson; Birkir Bjarnason, Gylfi Sigurdsson, Johann Gudmundsson; Jon Bodvarsson
ប៉េរូ ជួប ដាណឺម៉ាក ម៉ោង១១យប់នៅកីឡដ្ឋាន Mordovia Arena Saransk
ប៉េរូវិលត្រឡប់ក្នុងព្រឹត្តិការណ៍ FIFA World Cup វិញ ក្រោយអវត្តមានអស់រយៈពេល៣៦ឆ្នាំ ខណៈដាណឺម៉ាក ខកខានបង្ហាញខ្លួននៅប្រេស៊ីលកាលពី៤ឆ្នាំមុន។ ទោះបីជាមិនសូវលេចធ្លោខ្លាំង ប៉ុន្តែក្រុមទាំងពីរសុទ្ធតែធ្លាប់មានប្រវត្តិឆ្លងចូលវគ្គ១/៤ផ្តាច់ព្រ័ត្រ។
ប៉េរូមាន Paolo Guerrero, Jefferson Farfan និង Edison Flores ជាកម្លាំងដ៏សំខាន់ រីឯដាណឺម៉ាក ដាក់ក្តីរំពឹងខ្ពស់លើ Christian Eriksen ខណៈ Kasper Schmeichel នឹងដើរតាមលំនាំឪពុកក្នុងការបំពេញតួនាទីជាអ្នកចាំទីដ៏ល្អ។
កីឡាករដែលអាចស្ថិតក្នុងជម្រើស១១នាក់ដំបូង៖
ប៉េរូ៖ Pedro Galesse, Luis Advincula, Alberto Rodriguez, Christian Ramos, Miguel Trauco, Renato Tapia, Yoshimar Yoton, Edison Flores, Christian Cueva, Jefferson Farfan, Paolo Guerrero។
ដាណឺម៉ាក៖ Kasper Schmeichel, Jens Stryger Larsen, Andreas Christensen, Simon Kjaer, Henrik Dalsgaard, William Kvist, Tomas Delaney, Christian Eriksen, Pione Sisto, Nicolai Jorgensen, Yurary Poulsen។
ក្រូអាស៊ី ជួប នីហ្សេរីយ៉ា ម៉ោង២អធ្រាត្រ នៅកីឡដ្ឋាន Kaliningrad Stadium Kaliningrad
ថ្វីដ្បិតតែក្រុមទាំងពីរមានប្រវត្តិច្រើននៅក្នុង World Cup ប៉ុន្តែជំនួបក្នុងពូល D នេះ ជាការប៉ះគ្នាលើកដំបូងបំផុត។ កាលពី៤ឆ្នាំមុន ក្រូអាស៊ី ធ្លាក់នៅវគ្គជម្រុះតាមពូល ហើយនីហ្សេរីយ៉ាឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ បីពិន្ទុពិតជាមានសារសំខាន់ខ្លាំងណាស់ ខណៈអាហ្សង់ទីន គឺជាក្រុមដែលមានប្រៀបជាងគេនៅក្នុងពូល។
ជំនួបរវាងក្រុមក្រូអាស៊ីជាមួយក្រុមអាហ្វ្រិកក៏ទទួលបានកំណត់ត្រាល្អផងដែរ ដោយកាលពី World Cup ឆ្នាំ២០១៤ ពួកគេបានយកឈ្នះកាមេរូនដល់ទៅ ៤-០ រីឯនីហ្សេរីយ៉ា ក៏ធ្លាប់ធ្វើឲ្យក្រុមពីតំបន់បាល់កង់រងគ្រោះវិញផងដែរ ជាពិសេសការយកឈ្នះបូស្នី-ហឺសេហ្គ្រោវីន ១-០ កាលពី៤ឆ្នាំមុន។
កីឡាករដែលអាចស្ថិតក្នុងជម្រើស១១នាក់ដំបូង៖
ក្រូអាស៊ី: Danijel Subasic; Sime Vrsaljko, Domagoj Vida, Dejan Lovren, Ivan Strinic; Luka Modric, Ivan Rakitic; Ivan Perisic, Andrej Kramaric, Ante Rebic; Mario Mandzukic
នីហ្សេរីយ៉ា: Francis Uzoho; Brian Idowu, Shehu Abdullahi, Kenneth Omeruo, William Troost-Ekong; Wilfred Ndidi, Oghenekaro Etebo, Victor Moses, Alex Iwobi, John Obi Mikel; Odion Ighalo៕