អន្តរជាតិ
សិង្ហ​បុរី និង​ស្លូ​វេ​នី ផ្តល់​ភាពកក់ក្តៅ​ដល់​កុមារ​ជាងគេ កម្ពុជា​លេខ​១១៩ ម៉ាលី និង​នី​ហ្សេ ដុនដាប​ខ្លាំង​
16, Jun 2018 , 10:19 pm        
រូបភាព
ដោយ: ធីតា
​អង្គការ Save the Children បានចេញ​របាយការណ៍​លើក​ទី​ពីរ​របស់ខ្លួន​ស្តីពី​ស្ថានភាព​កុមារ​នៅ​ប្រទេស​ចំនួន​១៧៥​លើ​ពិភពលោក​។ របាយការណ៍​ដែលមាន​ឈ្មោះថា End of the Childhood Index បានដាក់​ពិន្ទុ​ដោយ​ផ្អែកលើ​សូចនាករ (Indicator) ដែល​ពាក់ព័ន្ធ​នឹង​សុខភាព​កុមារ ការអប់រំ ពលកម្ម អាពាហ៍ពិពាហ៍ កំណើត​ទារក និង​អំពើហិង្សា​ជាដើម​។​



​ការសិក្សា​របស់ Save the Children បានបង្ហាញ​ឲ្យ​ឃើញថា សិង្ហ​បុរី និង​ស្លូ​វេ​នី ផ្តល់​ដល់​កុមារ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​អាត្រា​ខ្ពស់​ជាងគេ ដោយបាន​រហូតដល់​៩៨៧​ពិន្ទុ​។ អឺរ៉ុប​ខាងលិច​ចំនួន​៧​ប្រទេស​ស្ថិតនៅ​ក្នុងចំណោម Top 10 ដោយបាន​ពិន្ទុ​ខ្ពស់​លើ​សេវាកម្ម​សុខាភិបាល វិស័យ​អប់រំ និង​កិច្ច​គាំពារ​កុមារ​។

​ប្រទេស​ដែល​ញាំញី​ដោយ​សង្គ្រាម រួមមាន នី​ហ្សេ ម៉ាលី សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ឆាត និង​ស៊ូដង់​ខាងត្បូង​ជាដើម​នោះ មិនបាន​ផ្តល់​ភាពកក់ក្តៅ​សម្រាប់​កុមារ​នោះឡើយ​។ សហរដ្ឋអាមេរិក រុស្ស៊ី និង​ចិន ដែលមាន​សេដ្ឋកិច្ច កម្លាំងយោធា និង​បច្ចេកវិទ្យា​រឹងមាំ​នោះ ស្ថិតនៅ​លេខ​រៀង​ទី​៣៦ ទី​៣៧ និង​ទី​៤០ ។​



​កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១១៩​ក្នុងចំណោម​១៧៥​ប្រទេស ដោយ​កុមារ​មាន​ស្ថានភាព​ប្រហាក់ប្រហែល​នឹង​ប្រទេស​បូ​លី​វី រ​វ៉ាន់ដា កូ​ឡុំ​ប៊ី ហ្គា​ណា អែល​សាវ៉ា​ឌ័​រ និង​សាធារណរដ្ឋ​ដូ​មី​និក ជាដើម​។ នេះ​បើតាម​របាយការណ៍​រប​ស់ Save the Chidren ដោយ​បញ្ជាក់ថា ស្ថានភាព​កុមារី នៅតែ​រង​នូវ​ការរើសអើង​ពី​សង្គម​។​

​ចំណាត់ថ្នាក់ End of the Childhood Index ខ្ពស់ជាង 10៖
១. សិង្ហ​បុរី​
២. ស្លូ​វេ​នី​
៣. ន័​រវេ​ស​
៣. ស៊ុយអែត​
៥. ហ្វាំ​ង​ឡង់​
៦. អៀរ​ឡង់​
៦. ហូ​ឡង់​
៨. អ៊ី​ស្លង់​
៨. អ៊ីតាលី​
៨. កូរ៉េខាងត្បូង​

​ចំណាត់ថ្នាក់ End of the Childhood Index ទាប​ជាងគេ​ចំនួន​១០៖
១. នី​ហ្សេ​
២. ម៉ាលី​
៣. សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​
៤. ឆាត​
៥. ស៊ូដង់​ខាងត្បូង​
៦. សូ​ម៉ាលី​
៧. នី​ហ្សេ​រី​យ៉ា​
៨. ហ្គី​ណេ​
៩. សេ​រ៉ា​ឡេ​អូន​
១០. សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​៕



Tag:
 Save the Children
  កុមារ​
  សិង្ហ​បុរី​
  ស្លូ​វេ​នី
© រក្សាសិទ្ធិដោយ thmeythmey.com