ការប្រកួត FIFA World Cup នៅរុស្ស៊ី បានបញ្ចប់ថ្ងៃទីបីរបស់ខ្លួន ដោយនៅក្នុងពូល C បារាំងឈ្នះអូស្ត្រាលី ២-១ ដាណឺម៉ាកឈ្នះប៉េរូ ១-០ ។ រីឯនៅក្នុងពូល D អ៊ីស្លង់ បង្ហាញវត្តមាននៅ World Cup ដំបូងជាមួយនឹងលទ្ធផលស្មើ ១-១ ជាមួយអាហ្សង់ទីន មុនពេលដែលក្រូអាស៊ី ស៊ី នីហ្សេរីយ៉ា ២-០ ។
VAR សម្រេចក្តីលើកដំបូងនៅ World Cup ខណៈបារាំងឈ្នះអូស្ត្រាលី ២-១
Paul Pogba បានស៊ុតបាល់បញ្ចូលទីនៅនាទី៨០ ដើម្បីនាំជ័យជម្នះសម្រាប់ក្រុមជម្រើសជាតិបារាំងលើអូស្ត្រាលីក្នុងជំនួបបើកឆាកពូល C ស្របពេលបច្ចេកវិទ្យា VAR (វីដេអូជំនួយការអាជ្ញាកណ្តាល) ត្រូវយកទៅអនុវត្តជាលើកដំបូងក្នុងព្រឹត្តិការណ៍ World Cup។
តាមរូបភាពវីដេអូ VAR អាជ្ញាកណ្តាលបានសម្រេចឲ្យមានការទាត់បាល់ប៉េណាល់ទី ក្រោយខ្សែការពារអូស្ត្រាលី Josh Risdon ធ្វើឲ្យ Antoine Griezmann ដួលនៅប្រអប់គ្រោះថ្នាក់។ Griezmann ផ្ទាល់ជាអ្នកស៊ុតបាល់ប៉េណាល់ទីបានសម្រេចនៅនាទី៥៨។ ៤នាទីក្រោយមក Mile Jedinak បានទាត់បាល់ប៉េណាល់ទីតាមស្មើវិញ ក្រោយខ្សែការពារបារាំង Samuel Umtiti យកដៃរងពីការទាត់ហ្វ្រីឃីករបស់ Aaron Mooy។
អ៊ីស្លង់ដែលជាសមាជិកថ្មីនៅ World Cup បានបង្ហាញសមត្ថភាពដ៏គួរឲ្យភ្ញាក់ផ្អើលតាមរយៈការទប់ស្មើក្នុងលទ្ធផល ១-១ ជាមួយអាហ្សង់ទីនដែលជាក្រុមកំពូលមួយនៅលើពិភពលោក។ បន្ថែមពីលើនេះ កីឡាករអ៊ីស្លង់ធ្វើបានយ៉ាងល្អក្នុងការរារាំងឱកាសមាសរបស់អាហ្សង់ទីន ជាពិសេសការវាយលុករបស់ Lionel Messi។
នៅលើទីលាន Spartak Stadium ខ្សែប្រយុទ្ធ Sergio Aguero បានស៊ុតបាល់បញ្ចូលទីនាំមុខនៅនាទី១៩ ប៉ុន្តែជាង៤នាទីក្រោយ Alfred Finnbogason បានវាយបកតាមស្មើវិញ និងជាគ្រាប់បាល់បញ្ចូលទីដំបូងបំផុតផងដែររបស់អ៊ីស្លង់នៅក្នុង World Cup។
នៅនាទី៦៤ Messi មានឱកាសរកគ្រាប់បាល់ជ័យជម្នះសម្រាប់អាហ្សង់ទីន ប៉ុន្តែត្រូវរារាំងយ៉ាងល្អពីសំណាក់អ្នកចាំទីអ៊ីស្លង់ Hannes Halldorsson ដើម្បីរក្សាលទ្ធផលស្មើ ១-១ រហូតដល់បញ្ចប់ការប្រកួត។
អាហ្សង់ទីនខកមិនបានជ័យជម្នះបើកឆាកជាលើកដំបូងនៅ World Cup បើគិតចាប់តាំងពីចាញ់កាមេរូននៅឆ្នាំ១៩៩០ ។ នៅតង់ទីពីរ អ៊ីស្លង់មិនមានឱកាសស៊ុតមួយគ្រាប់ណាឡើយ ខណៈអាហ្សង់ទីន បានព្យាយាមរហូតដល់ទៅ១៦លើក។
ដាណឺម៉ាកឈ្នះប៉េរូ ១-០ ក្រោយគូប្រជែងធ្វើមិនបានសម្រេចគ្រាប់បាល់ប៉េណាល់ទី
ដាណឺម៉ាកចាប់ផ្តើមយុទ្ធនាការ World Cup របស់ខ្លួនជាមួយនឹងជ័យជម្ន ១-០ លើប៉េរូ។ ក្រោយពិនិត្យរូបភាពវីដេអូ VAR ប៉េរូ ត្រូវបានផ្តល់ការទាត់បាល់ពិន័យ១១ម៉ែត្រនៅចុងតង់ទីមួយ ប៉ុន្តែ Christian Cueva ធ្វើមិនបានសម្រេច។
Own goal និងប៉េណាល់ទីនាំក្រូអាស៊ី ឈ្នះ នីហ្សេរីយ៉ា ២-០
ក្រូអាស៊ីបើកឆាកពូល D ជាមួយនឹងជ័យជម្នះ ២-០ លើនីហ្សេរីយ៉ា។ នៅនាទី៣២ Luka Modric បានបញ្ជូនបាល់ចេញពីជ្រុង ហើយក្រោយការប៉ះបន្តបន្ទាប់របស់ Ante Rebic និង Mario Mandzukic ខ្សែការពារនីហ្សេរីយ៉ា Oghenekara Etebo បានផ្លាត់ស្នៀតរុញបាល់ឲ្យចូលទីខ្លួនឯង។
Modric បានស៊ុតបាល់ប៉េណាល់ទីនៅនាទី៧១ ដើម្បីនាំឲ្យក្រូអាស៊ី ឈ្នះ ២-០ ។ ឱកាសកើតឡើង បន្ទាប់ពី Modrid ខ្លួនឯង បានទាត់បានចេញពីជ្រុង ហើយ William Troost-Ekong បង្កឲ្យ Mario Mandzukic ដួលនៅក្នុងតំបន់គ្រោះថ្នាក់៕