អន្តរជាតិ
ប្រមុខ​ការទូត​អ៊ីរ៉ង់​៖ មជ្ឈិមបូព៌ា​មិនអាច​ប្រគល់​សន្តិសុខ​តំបន់​ទៅ​ឲ្យ ត្រាំ ចាត់ចែង​ឡើយ​
22, Jun 2018 , 3:56 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif (រូបភាព AFP)
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif (រូបភាព AFP)
​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់  Mohammad Javad Zarif នៅ​ថ្ងៃទី​២១ ខែមិថុនា បានស្នើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ទាំងអស់​ជជែក​គ្នា​ដោយ​ខ្លួនឯង​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​។ ទំនង​ចង់​ប្រាប់​សម្ព័ន្ធមិត្ត​អាមេរិក​ក្នុង​តំបន់ លោក Zarif និយាយថា មជ្ឈិមបូព៌ា​មិនអាច​ប្រគល់​សន្តិសុខ​របស់ខ្លួន​ទៅ​ឲ្យ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចាត់ចែង​ឡើយ​។ សម្រាប់​អ៊ីរ៉ង់ ប្រទេស​ក្នុង​តំបន់​អាច​ដោះស្រាយ​បញ្ហា​បាន​ដោយ​មិនចាំបាច់​ពឹង​នរណា​ទេ​។​



​ប្រមុខ​ការទូត​អ៊ីរ៉ង់ Mohammad Javad Zarif បាន​រិះគន់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ថា​ជាម​នុស្ស​គ្រោះថ្នាក់ និង​ក្រឡេចក្រឡុច​។ ដោយសារ​បែបនេះ លោក Zarif និយាយថា អ៊ីរ៉ង់ មិនអាច​ចរចា​ជាមួយ​អាមេរិក​បានឡើយ ហើយក៏​មិនអាច​ទុក​ឲ្យ​ប្រធានាធិបតី​អាមេរិក​ដែលមាន​ចរិត​បែបនេះ ចាត់ចែង​កិច្ចការ​សន្តិសុខ​របស់​មជ្ឈិមបូព៌ា​ដែរ​។ លោក​ក៏បាន​ប្រាប់​ឲ្យ​រដ្ឋ​មជ្ឈិមបូព៌ា​ផ្សេងទៀត​ចូល​តុ​ចរចា​ជាមួយគ្នា ជាជាង​ពឹងពាក់​អាមេរិក​ឲ្យ​រក​ដំណោះស្រាយ​។​

​ក្នុង​អត្ថបទ​ដែល​ផ្សាយ​ទីភ្នាក់ងារ​អ៊ីរ៉ង់ Mehr នៅ​ថ្ងៃទី​២១ ខែមិថុនា លោក Zarif និយាយទៀតថា ប្រទេស​ក្នុង​តំបន់​អាច​សម្រេចបាន «​កិច្ចព្រមព្រៀង​មិន​ឈ្លានពាន​» និង​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង ដោយ​មិនបាច់​ពឹង​អាស្រ័យ​អ្នក​កម្លាំង​ខាងក្រៅ​។ ក្នុងន័យ​រិះគន់​លោក ត្រាំ ត្រង់ៗ ប្រមុខ​ការទូត​អ៊ីរ៉ង់​បញ្ជាក់ថា ការសម្រេចចិត្ត​មិន​សម​ហេតុផល​របស់ និង​អាកប្បកិរិយា​ប្រធានាធិបតី​អាមេរិក បាន​ក្លាយជា​របៀប​នៃ​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក​ក្នុង​រយៈពេល​១៧​ខែ​មកនេះ​។​

​ជាថ្មី​ម្ដងទៀត រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​រូបនេះ​ក៏បាន​ប្រតិកម្ម​តប​ទៅ​ការ​គំរាម​របស់​អាមេរិក​ជុំវិញ​ដាក់​លក្ខខណ្ឌ​ទាមទារ​១៥​ចំណុច​ឲ្យ​អ៊ីរ៉ង់​អនុវត្ត​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ថ្មី​។ លោក Zarif បានទាមទារ​ឲ្យ​អាមេរិក​បញ្ឈប់​ការ​លូកលាន់​កិច្ច​អ៊ីរ៉ង់ បញ្ចប់សង្គ្រាម​នៅ​យេ​ម៉ែន ក៏ដូចជា​ប្រាប់​អ៊ីស្រាអែល​ឲ្យ​រំសាយ​នុយក្លេអ៊ែរ និង​ផ្អាក​សកម្មភាព​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្កា​ស្សា និង​ត្រើយ​ខាងលិច​ផង​។​

​ជាងនេះទៅទៀត លោក Zarif ក៏​លើកឡើង​ពី​ភាពលំបាក​ក្នុង​ការជជែក​ជាមួយ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​លោក​ចាត់ទុកថា​គ្មាន​ហេតុផល និង​គ្រោះថ្នាក់​។ មន្ត្រីការទូត​រូបនេះ​ចង់​សំដៅ​អាកប្បកិរិយា​អាងយ៉ាង​របស់លោក ត្រាំ ចំពោះមុខ​សម្ព័ន្ធមិត្ត​ខ្លួន​ក្នុង​កិច្ចប្រជុំ G7 នៅ​កាណាដា តែ​បែរជា​រួសរាយ​ខ្លាំង​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុងជំនួប​នៅ​សិង្ហ​បុរី​ទៅវិញ​។ លោក Zarif សង្កត់​ថា អ៊ីរ៉ង់​មិន​រំពឹង​ចរចា​ជាមួយ​រដ្ឋាភិបាល​ដែល​ផ្លាស់ប្ដូរ​ជំហរ​តាម​មិនទាន់​បែបនេះ​ឡើយ​។​

​បើ​ពិនិត្យ​តាម​ការលើកឡើង​របស់​លោក Zarif ការចរចា​រវាង​ប្រទេស​នៅ​មជ្ឈិមបូព៌ា​ពិបាក​នឹង​កើតឡើង​ណាស់​។ តំបន់​សម្បូរ​ធនធាន​មួយ​នេះ កំពុង​ត្រូវបាន​បែង​ចែកជា​ចម្រៀក​ទៅហើយ​។ ម្ខាង​គឺ​ក្រុម​ប្រទេស​ដែល​ងាក​ទៅរក​អា​រ៉ា​ប៊ី​សា​អូឌីត​មាន​អាមេរិក​ចាំ​ជួយ​ពីក្រោយ និង​ម្ខាង​ទៀត គឺ​ប្រទេស​លំអៀង​ទៅរក​អ៊ីរ៉ង់​ដែលមាន​រុស្ស៊ី​ខាងក្រោយ​ខ្នង​។ មហាអំណាច​តំបន់​ទាំងពីរ​ចោទ​គ្នា​ទៅមក​ថា ព្យាយាម​ពង្រីក​ឥទ្ធិពល​លើក​ប្រទេស​ផ្សេង ដែល​ធ្វើ​ឲ្យ​មាន​ជម្លោះ​បង្ហូរ​ទល់​សព្វថ្ងៃ​៕


Tag:
 មជ្ឈិមបូព៌ា​
  អ៊ីរ៉ង់​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com