អន្តរជាតិ
ត្រាំ ថា កូរ៉េខាងជើង​ចាប់ផ្ដើម​រំសាយ​នុយក្លេអ៊ែរ តែ​មន្ត្រី​អាមេរិក​ថា មិនដឹង​រឿង​
22, Jun 2018 , 6:05 pm        
រូបភាព
លោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី (រូបភាព AFP)
លោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី (រូបភាព AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មន្ត្រីក្រោមឱវាទ​របស់លោក​បាន​បញ្ចេញ​គំនិត​ផ្ទុយគ្នា​លើ​ការរំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន​កូរ៉េខាងជើង​។ នៅ​ថ្ងៃទី​២១ ខែមិថុនា លោក ត្រាំ បានប្រកាសថា កូរ៉េខាងជើង​បានចាប់ផ្ដើម​ការរំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន​ហើយ និង​បាន​កម្ទេច​ទីតាំង​សាកល្បង​ធំៗ​ដល់​ទៅ​៤​កន្លែង​។ យ៉ាងណាមិញ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស បែរជា​អះអាងថា លោក​មិនដឹង​កូរ៉េខាងជើង​បានចាប់ផ្ដើម​រំសាយ​នុយក្លេអ៊ែរ​ឡើយ​។​



​នា​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្ងៃទី​២១ ខែមិថុនា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយថា កូរ៉េខាងជើង​ឈប់​បាញ់​មី​ស៊ី​ល​រាប់ទាំង​មី​ស៊ី​ល​បាលី​ស្ទិ​ក ហើយ​បាន​កម្ទេច​ទីតាំង​ម៉ាស៊ីន​សម្រាប់​បាញ់​ផង​។ លោក ត្រាំ ដែល​អង្គុយ​អមដោយ​រដ្ឋមន្ត្រី​ការពារជាតិ ជេ​ម ម៉ា​ធី​ស និង​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុប​ប៉េ​អូ បាន​បន្តថា កូរ៉េខាងជើង​ថែមទាំង​កម្ទេច​ទីតាំង​សាកល្បង​ដ៏​ធំ​ចំនួន​៤​របស់ខ្លួន​ផង​។ លោក ត្រាំ មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​អ្វី​ទេ​ជុំវិញ​ទីតាំង​ទាំង​បួន​នេះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ត្រាំ ក៏បាន​និយាយ​ដោយ​មោទកភាព​ថា រឿង​ធំ​នោះ គឺ​វា​នឹង​ឈានទៅដល់​ការលុបបំបាត់​នុយក្លេអ៊ែ​រទាំង​ស្រុង ដែល​ដំណើរការ​នេះ​បានចាប់ផ្ដើម​រួចហើយ​ដែរ​។ ប្រធានាធិបតី​អាមេរិក​រូបនេះ​ទំនង​ចង់​អះអាងថា កូរ៉េខាងជើង​កំពុង​ធ្វើតាម​កិច្ចព្រមព្រៀង​រវាង​លោក និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន កាលពី​ជំនួប​នៅ​សិង្ហ​បុរី​ដែល​បាន​សរសេរ​ពី​ការរំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​។

​យ៉ាងណាមិញ រដ្ឋមន្ត្រី​ការពារជាតិ ម៉ា​ធី​ស បាន​និយាយ​មុន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយថ្ងៃ​ថា កូរ៉េខាងជើង​មិនបាន​ធ្វើ​សកម្មភាព​អ្វី​ទេ​។ ឆ្លើយ​នឹង​សំណួរ​ថា កូរ៉េខាងជើង​បានធ្វើ​អ្វីខ្លះ​ពាក់ព័ន្ធ​ការលុបបំបាត់​នុយក្លេអ៊ែ​រ​តាំងពី​ជំនួប​លោក ត្រាំ និង​លោក គីម មក​នោះ ប្រមុខ​ការពារជាតិ​អាមេរិក​រូបនេះ​បញ្ជាក់ថា លោក​មិនដឹង​ពី​សកម្មភាព​អ្វី​របស់​កូរ៉េខាងជើង​ឡើយ​។ លោក​ក៏​មិន​រំពឹងថា ក្រុង​ព្យុងយ៉ាង​នឹងធ្វើ​សកម្មភាព​អ្វី​ដែរ ខណៈ​ការចរចា​ស្ដីពី​បញ្ហា​នេះ​មិនទាន់​ចាប់ផ្ដើម​ផង​នោះ​។​

​ដោយឡែក គេ​ទំ​ហ​ព័រ 38 North ដែល​តាមដាន​រឿងរ៉ាវ​កូរ៉េខាងជើង​ក៏បាន​និយាយ​ដែរ​ថា គេ​មិនឃើញ​មាន​សកម្មភាព​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​នៅ​កូរ៉េខាងជើង ហើយក៏​គ្មាន​សញ្ញា​ពី​ការកម្ទេច​ទីតាំង​សាកល្បង​ថ្មី​ដែរ​។ ដោយសារតែ​សម្ដី​លោក ត្រាំ ថា​កូរ៉េខាងជើង​កម្ទេច​កន្លែង​សាកល្បង​បួន​នោះ ប្រធានាធិបតី​រូបនេះ​ទំនងជា​សំដៅ​ដល់​ការកម្ទេច​រូង​ក្រោម​ដី​ចំនួន​៤​នៅ​ទីតាំង​សាកល្បង Punggye-ri ដែល​ធ្វើឡើង​មុន​ជំនួប​នៅ​សិង្ហ​បុរី​។​

​ក្រុង​ព្យុងយ៉ាង​បាន​អញ្ជើញ​អ្នកសារព័ត៌មាន​បរទេស​ជាច្រើន​ទៅធ្វើជា​សាក្សី​ការកម្ទេច​ទីតាំង Punggye-ri ដែល​ខ្លួន​អះអាងថា ជាការ​បង្ហាញ​ឆន្ទៈ​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ​។ ទីតាំង​នេះហើយ​ដែល​កូរ៉េខាងជើង​បាន​ប្រើប្រាស់​ក្នុងការ​សាកល្បង​នុយក្លេអ៊ែរ​ទាំង​៦​លើក​មក​នោះ​។ យ៉ាងណាក្ដី គេ​មិនដឹងថា កូរ៉េខាងជើង​នៅសល់​កន្លែង​សាកល្បង​ណា​ទៀតឡើយ ហើយក៏​រឹតតែ​មិនដឹងថា បាន​កម្ទេច​ឬ​អត់​ដែរ​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  ជេ​ម ម៉ា​ធី​ស​
© រក្សាសិទ្ធិដោយ thmeythmey.com