អន្តរជាតិ
មន្ត្រី​ជប៉ុន​ម្នាក់​ត្រូវ​ពិន័យ​ដោយសារ​ចេញទៅ​បាយ​ថ្ងៃត្រង់​៣​នាទី​មុន​ចប់​ម៉ោង​ធ្វើការ​
23, Jun 2018 , 8:00 pm        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ: ធីតា
​មន្ត្រី​ជប៉ុន​ម្នាក់​ដែល​បម្រើការ​នៅ​ការិយាល័យ​ចែក​ចាញ​បណ្តាញទឹក​ក្នុង​ក្រុង Kobe ត្រូវបាន​ពិន័យ​កាត់​ប្រាក់ខែ ដោយសារតែ​គាត់​ទម្លាប់​ចេញទៅ​បរិភោគ​អាហារ​ថ្ងៃត្រង់ មុន​ចប់​ម៉ោង​ធ្វើការ​។ បើតាម AFP គាត់​ចេញ​មុន​ម៉ោង​តែ​ប្រមាណ​៣​នាទី​ប៉ុណ្ណោះ​។​

 
​ម៉ោង​ការងារ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​នៅ​ជប៉ុន ដោយ​រាល់​ពេលវេលា​នៅ​ការិយាល័យ​សុទ្ធតែ​មានតម្លៃ​។ ក្រោម​សង្កេត​អស់​រយៈពេល​៧​ខែ បុគ្គលិក​អាយុ​៦៤​ឆ្នាំ​ម្នា​ក់នៅ​ការិយាល័យ​ចែក​ចាញ​បណ្តាញទឹក​ក្នុង​ក្រុង Kobe បានចេញ​មុន​ម៉ោង​២៦​លើក​។​
 
​អ្នកនាំពាក្យ​ម្នាក់​របស់​សាលាក្រុង Kobe បាន​ថ្លែងប្រាប់ AFP ថា ពេល​សម្រាក​បាយ​ថ្ងៃត្រង់​គឺ​ម៉ោង​១ ប៉ុន្តែ​បុគ្គលិក​រូបនេះ បាន​តែងតែ​កេង​ប្រ​វញ្ច​ម៉ោង​៣​នាទី​មុន​ជានិច្ច​។​
 
​ជាការ​ព្រមាន ស្ថាប័ន​បានសម្រេច​កាត់​ប្រាក់​បុគ្គលិក​រូបនោះ ពាក់កណ្តាល​ដើម្បី​ជាការ​ព្រមាន ហើយ​តម្រូវ​ឲ្យ​ធ្វើ​សន្និសីទ​សារព័ត៌មាន​សុំទោស​។ «​យើង​សោកស្តាយ​ខ្លាំងណាស់​ដែល​បណ្តាល​ឲ្យ​មានរឿង​បែបនេះ​កើតឡើង​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រី​ម្នាក់​។​
 
​នៅ​ជប៉ុន មន្ត្រី​ត្រូវ​ផ្តោតទៅលើ​ការងារ​របស់ខ្លួន​ឲ្យ​បាន​ដិតដល់ ដើម្បី​កុំ​រំលោភ​លើ​សេវាកម្ម​សាធារណៈ​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នកប្រើប្រាស់​បណ្តាញ​សង្គម Twitter មួយចំនួន​បានលើកឡើង​ថា វា​ជា​រឿង​គួរ​ឲ្យ​ហួសចិត្ត ឆ្កួត​លីលា និង​អស់សំណើច​។ អ្នកខ្លះ​ចោទសួរ​ថា​៖ «​ចុះបើ​បុគ្គលិក​ចេញទៅ​ជក់បារី​?»​។​
 
​តាមពិតទៅ វា​មិនមែនជា​រឿង​ថ្មី​នោះឡើយ ពីព្រោះ​កាលពី​ខែកុម្ភៈ​កន្លងមក មន្ត្រី​ម្នាក់​ត្រូវបាន​ព្យួរការងារ​មួយខែ ដោយសារតែ​ចេញពី​ការិយាល័យ​មុន​បញ្ចប់​ការងារ​ជាច្រើនលើក​។ តាម​ការ​បូកសរុប មន្ត្រី​នោះ បាន​អវត្តមាន​៥៥​ម៉ោង​នា​អំឡុង​៦​ខែ​៕​

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com