អន្តរជាតិ
លោក ត្រាំ បន្ត​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​មួយឆ្នាំ​ទៀត​
23, Jun 2018 , 9:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
១០​ថ្ងៃក្រោយ​ជំនួប​ប្រវត្តិសាស្ត្រ​នៅ​សិង្ហ​បុរី ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានសម្រេច​ចិត្ត​បន្ត​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដដែល ដោយបាន​និយាយថា កូរ៉េខាងជើង​នៅតែ​បន្ត​គំរាមកំហែង​អាមេរិក​។ ការបន្ត​ទណ្ឌកម្ម​មិនមែនជា​រឿង​ប្លែក​ព្រោះ​លោក ត្រាំ ធ្លាប់​ប្រកាស​ហើយ​ថា អាមេរិក​នឹង​បន្ត​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​រហូតដល់​មានការ​រំសាយ​នុយក្លេអ៊ែរ​ពិតប្រាកដ ប៉ុន្តែ​អ្វីដែល​ប្លែក គឺ​វា​ផ្ទុយ​ពី​ការលើកឡើង​របស់លោក ត្រាំ ផ្ទាល់ ដែលថា ជំនួប​នៅ​សិង្ហ​បុរី​ជោគជ័យ​។

 
​គ្មាន​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​ទៀតឡើយ​។ អាច​សម្រាន្ត​បាន​ស្រួល​ហើយ​យប់​នេះ​។ នេះ​គឺជា​សំណេរ​ខ្លះ​នៅ​បណ្ដាញ​សង្គម Twitter របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅក្រោយ​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១២ ខែមិថុនា​។ ប៉ុន្តែ​នៅ​ថ្ងៃទី​២២ ខែមិថុនា លោក ត្រាំ បាន​សរសេរ​សំបុត្រ​មួយ​ទៅកាន់​សភា​អាមេរិក​ដែល​សំដៅ​បន្ត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េខាងជើង​ទៅវិញ​។​
 
​ក្នុង​សំបុត្រ​ផ្ញើ​ទៅកាន់​សភា លោក ត្រាំ ហាក់​ជំហរ​ផ្ទុយស្រឡះ​ពី​ជំហរ​ភ្លាមៗ​ក្រោយ​ជំនួប​ថ្ងៃទី​១២ ខែមិថុនា​។ លោក​បាន​ពន្យល់​ស្ថាប័ន​នីតិបញ្ញត្តិ​អាមេរិក​ពី​ភាពចាំបាច់​ក្នុង​ការបន្ត​អនុវត្ត​ទណ្ឌកម្មសេដ្ឋកិច្ច​ដែល​ដាក់​លើ​កូរ៉េខាងជើង​តាំងពី​សម័យ​រដ្ឋបាល​លោក ច​ច ដា​ប់បែល​យូ ប៊ូ​ស មក​។ លោក ត្រាំ និយាយថា វត្តមាន និង​ការ​សាយភាយ​អាវុធ​ដែល​អាច​ប្រើប្រាស់​បាន​នៅ​ឧបទ្វីប​កូរ៉េ ក៏ដូចជា​សកម្មភាព និង​នយោបាយ​របស់​រដ្ឋាភិបាល​កូរ៉េខាងជើង បន្ត​ជាការ​គំរាមកំហែង​លើ​អាមេរិក​ដដែល​។​
 
«​ខ្ញុំ​បន្ត​មួយឆ្នាំ​ទៀត​នូវ​ភាពអាសន្ន​របស់​អាមេរិក​ពាក់ព័ន្ធ​កូរ៉េខាងជើង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ត្រាំ ដែលមាន​ន័យ​បន្ត​ទណ្ឌកម្ម​ទាំងឡាយ​របស់​អាមេរិក​លើ​កូរ៉េខាងជើង ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ តាមពិតទៅ ការគំរាមកំហែង​រប​ស់​កូរ៉េខាងជើង បានធ្វើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ពីមុន និង​អតីតកាល​ចេញ​បញ្ជា​ប្រតិបត្តិ​ចំនួន​៦ តាមច្បាប់​ស្ដីពី​ភាពអាសន្ន​ជាតិ​។​
 
​ការបន្ត​ដាក់ទណ្ឌកម្ម​មួយឆ្នាំ​ទៀត​លើ​កូរ៉េខាងជើង គឺ​ស្របតាម​ការសន្យា​របស់​លោក ត្រាំ ផ្ទាល់​នាពេល​កន្លងមក​។ ពោល គឺ​បើ​គ្មាន​ការលុបបំបាត់​នុយក្លេអ៊ែ​រទាំង​ស្រុង​ទេ អាមេរិក​នឹង​បន្ត​ដាក់​សម្ពាធ​គ្រប់យ៉ាង​លើ​កូរ៉េខាងជើង​ដដែល​។ ជានិច្ចកាល អាមេរិក​ក៏​តែង​ទទូច​ឲ្យ​កូរ៉េខាងជើង​បោះបង់​នុយក្លេអ៊ែរ​របស់ខ្លួន ជា​ថ្នូរ​នឹង​ការព្យួរ​ទណ្ឌកម្ម​ផង និង​ផលប្រយោជន៍​សេដ្ឋកិច្ច​ផង ប៉ុន្តែ​គេ​មិនទាន់​ឃើញ​មាន​វិធានការ​រឹងមាំ​ណាមួយ​ពី​កូរ៉េខាងជើង​ឡើយ​។​
 
​រឿង​ដែល​ភ្ញាក់ផ្អើល​នោះ មុន​សរសេរ​សំបុត្រ​នេះ លោក ត្រាំ ទើប​និយាយថា គ្មាន​គំរាមកំហែង​ពី​កូរ៉េខាងជើង​ទៀត​ទេ​។ នៅ​ថ្ងៃទី​២១ ខែមិថុនា លោក ត្រាំ បានប្រកាស​ក្ដែ​ងៗ​ថា កូរ៉េខាងជើង​បានចាប់ផ្ដើម​ការរំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន​ហើយ និង​បាន​កម្ទេច​ទីតាំង​សាកល្បង​ធំៗ​ដល់​ទៅ​៤​កន្លែង​ទៀតផង​។ ប៉ុន្តែ​ពេលនេះ លោក​បែរជាយក​រឿង​ដដែល ធ្វើជា​មូលហេតុ​បន្ត​អនុវត្ត​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ទៅវិញ​ដែរ​៕

Tag:
 អាមេរិក​
 ​កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  ទណ្ឌកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com