អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មី​យ៉ាន់​ម៉ា សុំ​ចិត្ត​សហគមន៍​អន្តរជាតិ​«​កុំ​បញ្ឆេះ​បញ្ហា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ឲ្យ​កាន់តែ​តានតឹង​ទៀត​»
24, Jun 2018 , 6:40 pm        
រូបភាព
ដោយ:
រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ បាន​ទទូច​សុំ​សហគមន៍​អន្តរជាតិ ដែល​រួមមាន​ទាំង​ភ្នាក់ងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ​ផង​នោះ​ចូលរួមចំណែក​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដ៏​ស្មុគស្មាញ ជាជាង​ការបន្ទោស និង​ថ្កោលទោស ដែល​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ពិបាក​ដោះស្រាយ​។



​នា​សន្និសីទ​សិទ្ធិមនុស្ស​ប្រចាំ​ក្រុង​ហ្សឺ​ណែវ​នៅ​ថ្ងៃ​២០ ខែមិថុនា តំណាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា លោក Myint Thu បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ ដែល​រួមទាំង​ភ្នាក់ងារ​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ( OHCHR ) មើល​ស្ថានភាព​នៅក្នុង​រដ្ឋ​រ៉ា​ខាន (Rakhine) របស់​មី​យ៉ាន់​ម៉ា​ក្នុង​ផ្លូវ​វិជ្ជមាន និង​ចូលរួម​ជា​ផ្នែក​នៃ​ដំណោះស្រាយ​។ អ្នកតំណាង​រូបនេះ បាន​តវ៉ា​សហគមន៍​អន្តរជាតិ​តាមរយៈ​វេទិកា​សិទ្ធិមនុស្ស​យ៉ាង​ដូច្នេះ​ថា​៖« ការ​ចុច​ឈ្មោះ​ប្រទេស និង​ធ្វើ​ឲ្យ​មី​យ៉ាន់​ម៉ា​រង​ភាពអាម៉ាស មិន​អាចជួយ​ដោះស្រាយ​ស្ថានភាព​បានឡើយ​។ វា មានតែ​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​អាក្រក់​ទៅវិញ​នោះទេ​។​»
 
​លោក Myint Thu បាន​អះអាងថា មី​យ៉ាន់​ម៉ា​បាន​រង​ការរំខាន​យ៉ាងធ្ងន់ធ្ងរ​តាមរយៈ​ការបង្កើន​ការប្រើប្រាស់​ព័ត៌មាន​បែកខ្ញែក ដែល​រាប់បញ្ចូល​ទាំង​ព័ត៌មាន​ដែលជា​របាយការណ៍​រប​ស់​អង្គការ​សិ​ទិ្ធ​មនុស្ស OHCHR ដែល​មិនបាន​គោរព​បូរណភាព នៃ​រដ្ឋ​អធិបតេយ្យ​មួយ​។ លោក បន្ថែមថា ស្ថានភាព​នៅក្នុង​រដ្ឋ​រ៉ា​ខាន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ច្រើន​ដែល​រួមមាន​ទាំង​អធិបតេយ្យភាព ភេរវកម្ម នីតិរដ្ឋ និង​សិទ្ធិមនុស្ស​ជាដើម​។​
 
​គួរ​ជម្រាប​ផងដែរ​ថា វិបត្តិ​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា ដែល​ផ្ទុះឡើង​តាំងពី​ខែសីហា ឆ្នាំមុន បាន​ក្លាយជា​បន្ទុក​មួយ​ដ៏​ធ្ងន់​សម្រាប់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដ្បិត​ដំណោះស្រាយ ត្រូវមាន​ការប្រុងប្រយ័ត្ន​បំផុត​ទាំង​សម្រាប់​កែវភ្នែក​សហគមន៍​អន្តរជាតិ និង​ប្រជាជន​ក្នុងស្រុក​។ 
 
​ថ្មីៗ​នេះ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​ចុះហត្ថលេខា​ព្រមព្រៀង​អនុស្សារណៈ​យោគយល់​ពាក់ព័ន្ធ​ដើម្បី​បញ្ជូន​ជនភៀសខ្លួន​ពី​បង់​ក្លា​ដែ​ស​ទៅ​មី​យ៉ាន់​ម៉ា​វិញ​ជាមួយនឹង​ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ​។ ភាគី​ទាំងពីរ កំពុងតែបន្ត​នីតិវិធី​ចរចា​លម្អិត ដ្បិត​កិច្ចព្រមព្រៀង​នេះ ទាមទារ​ឲ្យ​មី​យ៉ាន់​ម៉ា​ត្រូវ​លះបង់​សិទ្ធិ​អធិបតេយ្យ​ច្រើន​ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ក្រុមការងារ​ជំនាញ​របស់​អង្គការ​អាចអនុវត្ត​ការងារ​នៅក្នុង​តំបន់​រង​ផលប៉ះពាល់​៕ 
 
 

Tag:
 ​មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com