អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋាភិបាល​ថ្មី​មិនទាន់​ចាប់ផ្តើម​ផង រដ្ឋ​ក្មេងខ្ចី​ទី​ម័​រ​ខាងកើត ជួប​រឿង​ល្អក់កករ​ថ្មី​ទៀត​
24, Jun 2018 , 9:20 pm        
រូបភាព
ដោយ:
នៅ​ថ្ងៃ​២២ មិថុនា ទី​ម័​រ​ខាងកើត បាន​ប្រារព្ធ​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​នា​យក​រដ្ឋមន្ត្រី​ថ្មី លោក Taur Matan Ruak ក្រោម​អធិបតីភាព​លោក​ប្រធានាធិបតី Francisco Guterres​។ ពិធី​ស្បថ​កាន់តំណែង​នេះ ក៏បាន​បង្ក​ជា​ភាពល្អក់​កករ​មួយ ដ្បិត​ឥស្សរជន​មួយចំនួន ដែល​ត្រូវបាន​បក្ស​ឈ្នះឆ្នោត​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្នុងគណៈ​រដ្ឋមន្ត្រី​ថ្មី ត្រូវបាន​បដិសេធ​ដោយ​លោក​ប្រធានាធិបតី Guterres​។​


 
​នៅ​បំផុត​ទី​ម័​រ​ខាងកើត អាចមាន​អ្នក​កាច់ចង្កូត​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​ថ្មី​បាន​ហើយ បន្ទាប់ពី​រដ្ឋ​វ័យក្មេង​បំផុត​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ បាន​ជាប់គាំង​វិបត្តិ​នយោបាយ​អស់​រយៈពេល​ជាង​១១​ខែ​ហើយ​នោះ​។ ការបញ្ចប់​ភាពជាប់គាំង​នោះ កើតឡើង​តាមរយៈ​វត្តមាន​នាយករដ្ឋមន្ត្រី​ថ្មី​គឺ Taur Matan Ruak ដែល​ត្រូវបានតែងតាំង​ពី​សម្ព័ន្ធ​បក្ស​កាន់អំណាច​ដែលមាន​សំឡេង​ក្នុង​សភា​ភាគច្រើន​។ 
 
​យ៉ាងណាក៏ដោយ ស្រប​ជាមួយនឹង​ការចាប់ផ្តើម​នៃ​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​ថ្មី​នេះ នយោបាយ​ទី​ម័​រ​ខាងកើត​ក៏​ចាប់ផ្តើម​ប្រឈម​បាតុភាព​ថ្មី ដែល​បង្ក​ជា​ភាព​ល្អក់កករ​សម្រាប់​ការដឹកនាំ​ប្រទេស​។ នោះ​ក៏​ព្រោះតែ​ការខ្វែងគំនិត​គ្នា​លើ​ការតែងតាំង​សមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី​រវាង​លោក​ប្រធានាធិបតី Francisco Guterres និង​សម្ព័ន្ធ​បក្ស​កាន់អំណាច​ដែល​ដឹកនាំ​ដោយ​វីរៈបុរស​ឯករាជ្យ​ជាតិ Xanana Gusmao ។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ក្នុងស្រុក UCA នា​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង មានតែ​ឥស្សរជន​៣២​រូប​នៃ​ឥស្សរជន​សរុប ៤៣ ដែល​ត្រូវបាន​សម្ព័ន្ធ​បក្ស​កាន់អំណាច​តែងតាំង​ជា​រដ្ឋមន្ត្រី និង​អនុរដ្ឋមន្ត្រី បាន​ចូលរួម​។ ១១​រូប​ផ្សេងទៀត អវត្តមាន ដ្បិត​ត្រូវបាន​ប្រធានាធិបតី​បដិសេធ​ទទួល​សំណើ​តែងតាំង​ក្រោម​មូលហេតុ ឥស្សរជន​ទាំងនេះ កំពុងតែ​ស្ថិតក្រោម​ការស៊ើបអង្កេត​ពុករលួយ​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ជាការ​តវ៉ា នៃ​ការបដិសេធ​ទទួលយក​ការតែងតាំង​បេក្ខភាព​សមាជិក​គណៈរដ្ឋមន្ត្រី​ទាំង​១១​រូប ប្រមុខ​សម្ព័ន្ធ​បក្ស​កាន់អំណាច និង​ជា​អតីត​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត លោក Xanana Gusmao បាន​ពហិកា​ចូលរួម​កម្មវិធី​ផងដែរ​។ 
 
​សូម​ជម្រាប​ផងដែរ​ថា ទី​ម័​រ​ខាងកើត ជា​រដ្ឋ​អធិបតេយ្យ​មួយ ដែល​ប្រកាន់​របប​ដឹកនាំ​តាមបែប​«​ពាក់កណ្តាល​ប្រធានាធិបតី​»​។ របប​នេះ បោះឆ្នោត​ជ្រើស​ប្រធានាធិបតី និង​សភា​ដាច់ដោយឡែក​ពីគ្នា​។ ប្រធានាធិបតី ត្រូវបាន​ជ្រើសរើស​តាមរយៈ​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ ខណៈ​នាយករដ្ឋមន្ត្រី ត្រូវបាន​ជ្រើស​តាំងពី​បក្ស​ឈ្នះឆ្នោត​សភា និង​ទទួលស្គាល់​ដោយ​ប្រធានាធិបតី​។​
 
​ប្រព័ន្ធ​នយោបាយ​បែបនេះ តម្រូវ​ឲ្យ​មេដឹកនាំ ឬ​អ្នកនយោបាយ ធ្វើ​សម្បទាន និង​ការចរចា​ជាមួយនឹង​គ្នាច្រើន​។ ជាក់ស្តែង​ប្រធានាធិបតី​ទី​ម័​រ​ខាងកើត​បច្ចុប្បន្ន គឺជា​សមាជិក​នៃ​បក្សប្រឆាំង​ទី​ម័​រ​ខាងកើត​នោះទេ​។ ដូច្នេះហើយ​ទើបបានជា ភាគី​ទាំងពីរ មានការ​ពិបាក​ក្នុងការ​ស្រុះស្រួល​គ្នា​បែបនេះ​។ 
 
​គួរ​រម្លឹក​មួយទៀត​នោះ​គឺ មុន​នៃ​ការចាប់ផ្តើម​បង្កើត​ក្បាលម៉ាស៊ីន​នេះ ទី​ម័​រ​ខាងកើត ក៏​ជួបប្រទះ​ការជាប់គាំង​វិបត្តិ​នយោបាយ​ជាច្រើន​ដង​រួចទៅហើយ បន្ទាប់ពី​ការបោះឆ្នោត​សភា​ឆ្នាំ​២០១៧ មក​។ វិបត្តិ​នោះ​គឺ រដ្ឋាភិបាល​ដែល​កើតចេញពី​បក្សប្រឆាំង​ទី​ម័​រ​ខាងកើត​បច្ចុប្បន្ន មិនអាច​អនុម័ត​ច្បាប់​សំខាន់ៗ​របស់​ប្រទេស​បាន ដ្បិត​មិនមាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​នៅក្នុង​សភា​៕ 

Tag:
 ​ទី​ម័​រ​ខាងកើត​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com