FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ូឡូញ ក្រុមអឺរ៉ុបទីមួយដែល ធ្លាក់ចេញពី World Cup ក្រោយចាញ់កូឡុំប៊ី ៣-០ Robert Lewandoswki ធ្វើបានយ៉ាងល្អនៅវគ្គជម្រុះ ប៉ុន្តែខកចិត្តនៅរុស្ស៊ី។ រូបថត Getty/FIFA
× កូឡុំប៊ីយកឈ្នះប៉ូឡូញ ៣-០ ដើម្បីរក្សាឱកាសរបស់ខ្លួនក្នុងការប្រជែងយកកៅអីវគ្គ១៦ក្រុមចុងក្រោយ ជាមួយជប៉ុន និងសេណេហ្គាល់ ដែលបានបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ២-២ សម្រាប់ជំនួបពូល H នៃព្រឹត្តិការណ៍ FIFA World Cup 2018។ លទ្ធផលដ៏ខកចិត្តនេះ នាំឲ្យប៉ូឡូញ ក្លាយជាក្រុមអឺរ៉ុបដំបូងដែលបានហាលអាវ។
Yerry Mina បានស៊ុតបាល់បញ្ចូលទីនៅតង់ទីមួយ មុនពេលដែល Radamel Falcao និង Juan Cuadrado បន្ថែមម្នាក់១គ្រាប់នៅតង់ទីពីរ នាំឲ្យកូឡុំប៊ី ទទួលបាន៣ពិន្ទុលើប៉ូឡូញ ក្រោយចាញ់ជប៉ុន ២-១ នាជំនួបបើកឆាក។ James Rodriguez ជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួត ក្រោយការបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបាល់បញ្ចូលទីគ្រាប់ទី១ និងទី៣ ។
Robert Lewandoswki ដែលបានស៊ុតបាល់បញ្ចូលទីរហូតដល់ទៅ១៦គ្រាប់ ពោលគឺមួយគ្រាប់លើស Cristiano Ronaldo នាការប្រកួតជម្រុះនោះ មិនអាចស្រោចស្រង់ស្ថានភាពសម្រាប់ប៉ូឡូញឡើយ បន្ទាប់ពីក្រុមអឺរ៉ុបមួយនេះ ក៏បានចាញ់សេណេហ្គាល់ ២-១ ផងដែរនាជំនួបបើកឆាក។
សម្រាប់ការប្រកួតគូដំបូង កាលពីរាត្រីថ្ងៃអាទិត្យ ជប៉ុនបានវាយបកតាមពីក្រោយជាបន្តបន្ទាប់លើសេណហ្គាល់ដើម្បីបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ២-២ ។ នៅតង់ទីមួយ Sadio Mane រកបានគ្រាប់បាល់នាំមុខសម្រាប់សេណេហ្គាល់ ហើយ Takashi Inui តាមស្មើវិញ។ ឈានដល់តង់ទីពីរ Moussa Wague ជួយឲ្យក្រុមអាហ្វ្រិកនាំមុខសារជាថ្មីនៅនាទី៧១ តែ៧នាទីក្រោយមក Keisuke Honda ដែលទើបបង្ហាញវត្តមាននៅលើទីលាន បានតាមស្មើវិញសម្រាប់ក្រុមអាស៊ី។
ពីរប្រកួតនៅក្នុងពូល នាំឲ្យជប៉ុនឡើងឈរកំពូលតារាងបណ្តោះអាសន្នក្នុងពូល H ដោយមាន៤ពិន្ទុ និងគ្រាប់បាល់ ស្មើ សេណេហ្គាល់ តែជប៉ុនមានអាទិភាពលើពិន្ទុ Fair Play ដោយទទួលបានកាតលឿងតែ៣ ខណៈសេណេហ្គាល់បាន៥ ។ កូឡុំប៊ី មាន៣ពិន្ទុ ខណៈប៉ូឡូញគ្មានពិន្ទុរាប់។
ការប្រកួតចុងក្រោយនៅក្នុងពូល H នាថ្ងៃទី២៨ ខែមិថុនា ជាជំនួបដ៏មានសារសំខាន់របស់ជប៉ុន សេណេហ្គាល់ និងកូឡុំប៊ី ក្នុងការប្រជែងយកកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ជប៉ុនត្រូវប៉ះជាមួយក្រុមខកចិត្តប៉ូឡូញ ខណៈសេណេហ្គាល់តទល់ជាមួយកូឡុំប៊ី។
ក្រោយបញ្ចប់ការប្រកួតជើងទីពីរក្នុងពូលនីមួយៗ អង់គ្លេស និងបែលហ្ស៊ិក បានកៅអីដោយស្វ័យប្រវត្តិទៅវគ្គ១៦ក្រុមចុងក្រោយ ជាមួយម្ចាស់ផ្ទះរុស្ស៊ី អ៊ុយរូហ្គាយ បារាំង និងក្រូអាស៊ី រីឯប៉ូឡូញ ធ្លាក់ចេញពីព្រឹត្តិការណ៍ដូច ប៉ាណាម៉ា ទុយនីស៊ី អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត ម៉ារ៉ុក ប៉េរូ និងកូស្តារីកា ៕
Tag:
FIFA World Cup
GroupH
© រក្សាសិទ្ធិដោយ thmeythmey.com