អន្តរជាតិ
តួ​ក​គី​៖​លោក Erdogan ឈ្នះឆ្នោត​ប្រធានាធិបតី​ជាថ្មី និង​ត្រៀម​ពង្រឹង​អំណាចនីតិប្រតិបត្តិ​
25, Jun 2018 , 10:31 am        
រូបភាព
ដោយ: ថ្មីៗ
​លោក Recep Tayyip Erdogan ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ចុង​សប្តាហ៍​នេះ ហើយ​គណបក្សកាន់អំណាច​យុត្តិធម៌ និង​អភិវឌ្ឍន៍​(AKP) ក៏​ឈ្នះឆ្នោត​បាន​អាសនៈ​សភា​ភាគច្រើន​ផងដែរ​។ ជ័យជម្នះ​លើក​នេះ ធ្វើ​ឲ្យ​លោក​អាច​បន្ត​ក្តោប​ក្តាប់​អំណាច​ទៀត ក្រោយ​ស្ថិតក្នុង​តំណែង​អស់ ១៥ ឆ្នាំ​មក​រួចមក​នោះ​។​



​ប្រជាជន​តួ​ក​គី​នាំគ្នា​ទៅ​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ទី ២៤ ខែមិថុនា​នេះ ដោយ​ជ្រើសរើស​លោក  Recep  Erdogan ជា​ប្រធានាធិបតី​ជាថ្មីទៀត​។ លោក​បានទទួល​សំឡេងគាំទ្រ​លើសពី ៥២ ភាគរយ ដែល​ធ្វើ​ឲ្យ​ក្លាយជា​អ្នកទទួល​ជ័យជម្នះ​ជា​ផ្លូវការ​មិនបាច់​ចូល​ប្រកួត​តង់​ទី​ពីរ​ឡើយ​។ ប្រជាជន​តួ​ក​គី​ជា​អ្នកគាំទ្រ​លោក Erdogan នាំគ្នា​ប្រមូលផ្តុំ​នៅ​រដ្ឋធានី អង់កា​រ៉ា និង​ក្រុង​អ៊ី​ស្តង់​ប៊ុល ដើម្បី​អបអរសាទរ​ជ័យជម្នះ​ជាថ្មី​នេះ​។
​    ​
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Anadolu ការបោះឆ្នោត​មុន​អាណត្តិ​នៅ​តួ​ក​គី​លើក​នេះ​មានការ​ប្រកួតប្រជែង​ខ្ពស់​ដោយសារ​បេក្ខជន​ប្រធានាធិបតី​ដែល​ឈរឈ្មោះ​ចង់​ផ្តួល​លោក Erdogan នោះ​មាន​ប្រជាប្រិយភាព​ខ្ពស់​ដែរ​។ បេក្ខជន​ម្នាក់​នោះ​គឺ​លោក Muharrem Ince ដែល​មកពី​បក្សប្រឆាំង​ដ៏​ធំ បក្ស​អ្នក​សាធារណរដ្ឋ (CHP)​។ លោក​បានទទួល​សំឡេងគាំទ្រ​ត្រឹម ៣១,៥ ភាគរយ​ប៉ុណ្ណោះ​។

​វា​ជា​លើកដំបូង​ហើយ​ដែល​ប្រជាជន​តួ​ក​គី​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​សមាជិកសភា​នៅពេល​ជាមួយគ្នា​នោះ​។ ការបោះឆ្នោត​របៀបនេះ​គឺ​អនុលោម​ទៅតាម​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវបាន​អនុម័ត​តាម​ប្រជាមតិ​មួយ​កាលពី​ឆ្នាំមុន ហើយ​វា​ក៏​ប្តូរ​ប្រព័ន្ធ​ដឹកនាំ​សភានិយម​ទៅកាន់​ប្រធានាធិបតីនិយម​ផងដែរ​។​

​ដោយឡែក​ក្រៅពី​ឈ្នះ​តំណែង​ប្រធានាធិបតី បក្ស​កាន់អំណាច​របស់លោក Erdogan គឺ​បក្ស AKP ក៏​ឈ្នះ​បាន​អាសនៈ​ភាគច្រើន​ក្នុង​សភា​ផងដែរ​ថែម​ទៀតផង​។ បក្ស AKP និង​បក្ស​សម្ព័ន្ធមិត្ត ចលនា​ជាតិនិយម (NHP) ឈ្នះ​បាន​អាសនៈ​សរុប ៣៤៣ លើ​អាសនៈ​សរុប ៦០០ ឯណោះ​។​

​យ៉ាងណា​ក៏ដោយចុះ គណបក្សប្រឆាំង CHP របស់លោក Muharrem បាន​ទិតៀន​ការបោះឆ្នោត​ជាពិសេស​ការរាប់​សន្លឹក​ឆ្នោត​តែម្តង​។ ហើយ​ក្រៅពីនេះ​គេ​ថែមទាំង​ចោទថា ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ផ្សាយ​ព័ត៌មាន​លម្អៀង​ទៅរក​ប្រធានាធិបតី និង​បក្ស​កាន់អំណាច​ផងដែរ​។

​លោក Erdogan ដែលជា​អ្នកឈ្នះឆ្នោត​បន្ត​កាន់អំណាច​ទៅមុខទៀត​នោះ បាន​ព្រមាន​ផងដែរ​រាល់​អ្នក​ដែលមាន​មន្ទិលសង្ស័យ​ចំពោះ​ដំណើរការ​នៃ​ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត​នោះ​។ លោក​សង្កត់ធ្ងន់ថា អ្នកចាញ់​ឆ្នោត​ត្រូវ​ទទួលលទ្ធផល ហើយ​មិនគួរ​ព្យាយាម​បំផ្លាញ​ដំណើរការ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ឡើយ​។​

Erdogan កំពុង​បន្ត​ពង្រឹង​អំណាច​ផ្តាច់ការ​?


​លោក Erdogan ដែលមាន​វ័យ ៦៤ ឆ្នាំ​បាន​កាន់អំណាច​អស់​រយៈពេល ១៥​ឆ្នាំ​មកហើយ​ដោយ​លោក​ឡើងកាន់តំណែង​លើកដំបូង​បំផុត​ជា​នាយករដ្ឋមន្ត្រី​។ នៅក្នុង​ឆ្នាំ ២០១៤ លោក​ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​រហូត ស្រវា​ចាប់បាន​កៅអី​ប្រធានាធិបតី​តែម្តង​។​

​ស្ថិតក្រោម​ការដឹកនាំរ​ប​ស់លោក វា​មានការ​រិះគន់​ច្រើន​ជាពិសេស​ការ​រឹតត្បិត​សិទ្ធិសេរីភាព និង​ការកែប្រែ​ច្បាប់​នានា​ដើម្បី​ពង្រឹង​អំណាច​ប្រធានាធិបតី​។ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ លោក​អាច​នឹង​អនុវត្តតាម​ការ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​កាលពី​ឆ្នាំ ២០១៧ កន្លងទៅ ដែល​ផ្តល់​អំណាច​លើសលុប​ដល់​ប្រមុខរដ្ឋ​នេះ​ផង​។ ទីមួយ​គឺ​លោក​មានអំណាច​តែងតាំង​រដ្ឋាភិបាល​មួយ​ដែល​គ្មាន​តំណែង​នាយករដ្ឋមន្ត្រី​។

​បន្ទាប់មក លោក Erdogan នឹង​អាច​ពង្រឹង​ឥទ្ធិពល​អំណាចនីតិប្រតិបត្តិ​លើ​អំណាចសភា​ទៀត​ព្រោះ​លោក​មានអំណាច​ពេញលេញ​រំលាយ​សភា​ទាំងមូល​ដោយ​គ្មាន​ការជំទាស់​, អាច​ជ្រើសរើស​សមាជិកសភា​ទាំងឡាយណា​ដែល​មកពី​បក្ស​របស់លោក​បាន​ផងដែរ​។ រឿង​គោលនយោបាយ​វិញ​នោះ លោក​ក៏​អាច​អន្តរាគមន៍​ក្នុង​បញ្ហា​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​របស់​ធនា​គារ​កណ្តាល​ដែលជា​ស្ថាប័ន​ឯករាជ្យ​ថែម​ទៀតផង​។​
 
​យោងតាម​ច្បាប់​ស្តីពី​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​តួ​ក​គី​ដដែល​នោះ លោក Erdogan ក៏​នឹងមាន​អភ័យឯកសិទ្ធិ​ពេញលេញ​រួច​ផុតពី​ការកាត់ទោស​នានា ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​សមាជិកសភា​ក៏​គ្មាន​លទ្ធភាព​អាច​ទាមទារ​ដកហូត​តំណែង​ប្រធានាធិបតី​បានឡើយ ទោះជា​ក្រោម​ហេតុផល​ណាក៏ដោយ​។

​តាមពិតទៅ លោក Erdogan បាន​ដឹកនាំ​ប្រទេស​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ​ដោយ​ប្រើប្រាស់​ច្បាប់​ដាក់​រដ្ឋ​ក្នុងការ​ប្រកាសអាសន្ន​នៅឡើយ បន្ទាប់ពី​មាន​ចលនា​រដ្ឋប្រហារ​បរាជ័យ​មួយ​ប្រឆាំង​លោក​នៅ​ឆ្នាំ ២០១៦​។ មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុងការ​បង្ក្រាប​ចលនា​រដ្ឋប្រហារ​នេះ ហើយ​វា​ក៏​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​រង​ការ​ថ្កោលទោស​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ដែរ​៕


Tag:
 តួ​ក​គី​
  Recep Tayyip Erdogan
© រក្សាសិទ្ធិដោយ thmeythmey.com