កីឡាជាតិ
ជាតិ
អ្នកចាំទី ស៊ូ យ៉ាទី ចាកចេញពីបឹងកេត ក្រោមហេតុផលមិនឯកភាពគ្នាក្នុងកិច្ចសន្យា
× ក្លិបបាល់ទាត់បឹងកេតបានសម្រេចចែកផ្លូវគ្នាជាមួយអ្នកចាំទីដៃទី១ ស៊ូ យ៉ាទី ក្រោយមិនឯកភាពគ្នាលើចំណុចមួយចំនួន ដែលមិនអាចឈានដល់ការបន្តចុះកិច្ចសន្យាថ្មី។ តែយ៉ាងណា ក្លិបនេះមិនបានបញ្ជាក់ពីព័ត៌មានលម្អិតពីចំណុចដែលមិនឯកភាពគ្នានោះទេ។ ស៊ូ យ៉ាទី បានចំណាយពេលជាង៣ឆ្នាំរួមរស់ជាមួយបឹងកេត និងជួយឲ្យក្លិបលើកពានលីគកំពូលបានពីរលើក។
ក្រោយរួមរស់ជាមួយគ្នាជាង៣ឆ្នាំ ក្លិបបាល់ទាត់បឹងកេតបានសម្រេចចែកផ្លូវគ្នាជាមួយអ្នកចាំទីដៃទី១ ស៊ូ យ៉ាទី ដែលកំពុងញាំញីដោយរបួសភ្លាត់សរសៃសាច់ដុំភ្លៅ និងសរសៃកំភ្លួនជើង ក្រោមហេតុផលមិនឯកភាពគ្នាលើចំណុចមួយចំនួនក្នុងកិច្ចសន្យា។ តែក្លិបនេះ មិនបានបញ្ជាក់ព័ត៌មានលម្អិតពីចំណុចមិនឯកភាពគ្នានោះឡើយ។
«គ្រប់ៗគ្នានៅបឹងកេតសូមជូនពរ យ៉ាទី ឲ្យទទួលបានជោគជ័យក្នុងអាជីពនាពេលខាងមុខ។ យើងសោកស្ដាយដែលក្លិបនិង យ៉ាទី ពុំអាចឯកភាពគ្នារហូតឈានដល់កិច្ចព្រមព្រៀងក្នុងការបន្ដកិច្ចសន្យាថ្មី។ ដូច្នេះយើងទាំងអស់គ្នាអរគុណដល់ យ៉ាទី សម្រាប់ការរួមចំណែក និងការខិតខំប្រឹងប្រែងកន្លងមកជាមួយពួកយើង»។ ជាសារបង្ហាញពីការមិនព្រមព្រៀងគ្នារវាងអ្នកចាំទី ស៊ូ យ៉ាទី ជាមួយក្លិបបឹងកេត ដែលក្លិបនេះបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ។
កីឡាករ ស៊ូ យ៉ាទី បានចំណាយពេលជាង៣ឆ្នាំរួមរស់ជាមួយបឹងកេត ពោលគឺពី២០១៥ ដល់ពាក់កណ្តាលរដូវកាលឆ្នាំ២០១៨។ អ្នកចាំទីវ័យ២៦ឆ្នាំរូបនេះ បានជួយក្លិបបឹងកេតលើកពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជាបានចំនួនពីរលើក គឺនៅឆ្នាំ២០១៦ និង ២០១៧។ យ៉ាទី ធ្លាប់រួមរស់ជាមួយក្រសួងការពារជាតិពីឆ្នាំ២០០៩-២០១៣ បន្ទាប់មកបានផ្ទេរទៅកាន់ក្លិបបាល់ទាត់ភ្នំពេញក្រោនពីឆ្នាំ២០១៣-២០១៥៕
Tag:
បឹងកេត
ស៊ូ យ៉ាទី
© រក្សាសិទ្ធិដោយ thmeythmey.com