អន្តរជាតិ
ប្រមុខ​ការពារជាតិ​អាមេរិក​ទៅ​ចិន ដើម្បី​ពិភាក្សា​ពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​
25, Jun 2018 , 4:30 pm        
រូបភាព
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជេ​ម ម៉ា​ធី​ស នឹង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ចិន​សប្តាហ៍​នេះ ដើម្បី​ស្វែងរក​ការពិភាក្សា​ពាក់ព័ន្ធ​នឹង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ក្រៅពីនេះ តំណាង​ក្រុង​វ៉ាស៊ីនតោន​ក៏​នឹង​ផ្តោតលើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដ៏​ចម្រូងចម្រាស​ផងដែរ ស្របពេល​ដែល​ចិន​បាន​ដំឡើង​សព្វាវុធ​លើ​កោះ​សិប្បនិម្មិត​ក្នុង​តំបន់​ជម្លោះ​រួចទៅហើយ​នោះ​។



​នៅ​សប្តាហ៍​នេះ ប្រមុខ​ការពារជាតិ​អាមេរិក​នឹង​ចាប់ផ្តើម​ដំណើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន កូរ៉េខាងត្បូង និង ជប៉ុន​។ គោលដៅ​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ ផ្តោត​សំខាន់​លើ​បញ្ហា​តំបន់​មានដូចជា​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែល​នៅ​បន្ត​កើន​កម្តៅ​ផង​។​

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ការពារជាតិ​អាមេរិក​លោក ម៉ា​ធី​ស នឹង​ជួប​មន្ត្រី​យោធា​ជាន់ខ្ពស់​ចិន​នៅ​ថ្ងៃ​អង្គារ​ទី ២៦ ខែមិថុនា ដើម្បី​ស្នើសុំ​ឲ្យ​ក្រុង​ប៉េកាំង​បន្ត​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ឲ្យ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​តាម​ការសន្យា​របស់ខ្លួន​។​

​គេ​ដឹង​ច្បាស់​ថា ការរំសាយ​អាវុធ​នេះ​ជា​លក្ខខណ្ឌ​ចម្បង​ដែល​ត្រូវ​កូរ៉េខាងជើង​បាន​សន្យា​ក្នុងជំនួប​ប្រវត្តិសាស្ត្រ​រវាង​លោក គីម ជុង​អ៊ុន ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃ ១២​មិថុនា​នោះ​។

​នៅ​ថ្ងៃអាទិត្យ​ទី ២៤ ខែមិថុនា លោក ម៉ា​ធី​ស បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា អាមេរិក ជប៉ុន កូរ៉េខាងត្បូង និង​ចិន​មាន​គោលដៅ​រួមគ្នា គឺ​ធានាថា វា​នឹងមាន​ការរំសាយ​សព្វាវុធ​ពេញលេញ មិនអាច​ត្រឡប់ក្រោយ​បាន និង​អាច​ផ្ទៀងផ្ទាត់​បានច្បាស់លាស់​ផង​។

​ក្រោយ​ចាក​ចេញពី​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក ម៉ា​ធី​ស នឹង​បន្តដំណើរ​ទៅកាន់​កូរ៉េខាងត្បូង និង​ជប៉ុន​ទៀត​ដោយ​លោក​នឹង​ជួប​មួយ​សម​ភាគី​កូរ៉េខាងត្បូង Song Young-Moo និង សម​ភាគី​ជប៉ុន Itsunori Onodera ទៀត​។

​ជំនួប​ជាមួយ​ប្រមុខ​ការពារជាតិ​កូរ៉េខាងត្បូង និង​ជប៉ុន​នេះ លោក​ម៉ា​ធី​ស នឹង​ពន្យល់​សម្ព័ន្ធមិត្ត​ទាំងពីរ​ពាក់ព័ន្ធ​នឹង​ជំហរ​អាមេរិក​ក្នុង​ការជួយ​ធានា​សន្តិសុខ​តំបន់​។ លោក​នឹង​ប្រាប់ថា ជំហរ​អាមេរិក​នឹងមិន​ប្រែប្រួល​នោះឡើយ បើទោះបីជា​ប្រធានាធិបតី ត្រាំ បានប្រកាស​ផ្អាក​សមុទ្រ​យោធា​ជាមួយ​កូរ៉េខាងត្បូង​ដែលជា​សម្បទាន​ដ៏​ធំ​ទៅ​ឲ្យ​កូរ៉េខាងជើង​ក៏ដោយ​។ 

​ម៉ា​ធី​ស​ទៅ​ឈ្លេចសួរ​ចិន ពី​មហិច្ឆតា​ពិតប្រាកដ ក្រោយ​ដំឡើង​សព្វាវុធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

​តាមពិតទៅ វា​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​ប្រាំពីរ​ហើយ​មកកាន់​តំបន់​អាស៊ី​ក្រោយ​លោក ម៉ា​ធី​ស ឡើងកាន់តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​នោះ​។ ប៉ុន្តែ​ទស្សនកិច្ច​របស់​មន្ត្រី​យោធា​អាមេរិក​ជាន់ខ្ពស់​លើក​នេះ​កើតឡើង​ចំពេល​ដែល​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​អាមេរិក​កាន់តែ​តានតឹង​ខ្លាំង​ផង ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម សន្តិសុខ​អ៊ីនធឺណិត និង​បញ្ហា​ផ្សេង​ទៀតផង​។​

​យ៉ាងណា​ដោយ វា​មិនមែនជា​រឿង​ចម្លែក​ទេ ដែល​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ចិន លោក ម៉ា​ធី​ស នឹង​លើកយក​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដាក់​លើ​តុ​ពិភាក្សា​ជាមួយ​ភាគី​ចិន​នោះ​។ លោក​ក៏​ទំនងជា​នឹង​ឆ្លៀត​ឈ្លេច​សួរនាំ​មន្ត្រី​ចិន​ផងដែរ​ពី​គោលបំណង​ពិតប្រាកដ​នៃ​ការដំឡើង​សព្វាវុធ បើទោះជា​ចិន​អះអាង​ម្តង​ជា​ពីរដង​ថា សព្វាវុធ​គឺ​សម្រាប់​ការពារ​ខ្លួន​ប៉ុណ្ណោះ​។

​ប្រមុខ​ការពារជាតិ​អាមេរិក បារម្ភ​ខ្លាំង​ពី​បញ្ហា​សន្តិសុខ​អាស៊ី​ប៉ាស៊ីហ្វិក ក្រោយពេល​ក្រុង​ប៉េកាំង​ដំឡើង​សព្វាវុធ​នៅលើ​កោះ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។ លោក​បាន​ថ្លែងថា ចិន​កំពុង​បង្កើន​មហិច្ឆតា​យុទ្ធសាស្ត្រ​របស់ខ្លួន និង​បង្កើន​អំណាច​យោធា​កាន់តែ​ធំ​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ផងដែរ​។ គេ​នៅ​ចាំបាន​ថា លោក ម៉ា​ធី ធ្លាប់​ហៅ​ចិន​ថា ជា​ដៃគូ​ប្រជែង​យុទ្ធសាស្ត្រ និង​ជា​តួអង្គ​ដែល​គំរាមកំហែង​សន្តិសុខ​ធំ​បំផុត​របស់​អាមេរិក​ផង ពេល​លោក​បញ្ចេញ​យុទ្ធសាស្ត្រ​ការពារជាតិ​ថ្មី​របស់​អាមេរិក​។​

​ដោយឡែក កាលពី​ខែឧសភា​កន្លងមក ដើម្បី​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​ចិន ក្រុង​វ៉ាស៊ីនតោន​សម្រេច​មិន​អញ្ជើញ​ក្រុង​ប៉េកាំង​ឲ្យ​ចូលរួម​ក្នុង​សមយុទ្ធ​យោធ​ប៉ាស៊ីហ្វិក RIMPAC ២០១៨ ខណៈដែល​ប្រទេស​ប្រហែល ២០ ដែល​នឹងមាន​វត្តមាន​ក្នុង​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ប្រចាំ​ឆ្នាំនេះ​។  

​ប៉ុន្មាន​សប្តាហ៍​ក្រោយមក នៅក្នុង​វេទិកា​សន្តិសុខ Shagri-la នៅ​សិង្ហ​បុរី ប្រមុខ​ការពារជាតិ​អាមេរិក​ខាងលើ​ស្រាប់តែ​ចេញ​ទិតៀន​ចិន​ម្តងទៀត​ជុំវិញ​ការបង្ហាញ​ឥរិយាបថ​គឃ្លើន​បំពាន​ប្រយោជន៍​ប្រទេស​ដទៃ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ លោក ម៉ា​ធី​ស បាន​ចោទប្រកាន់​ចំៗ​ថា ការដំឡើង​សព្វាវុធ​នៅក្នុង​តំបន់​ជម្លោះ​នេះ​ជា​មហិច្ឆតា​របស់​ចិន​ក្នុងការ​ឈានទៅ​ប្រើប្រាស់​ក​ម្លាំ​ង​យោធា​គំរាមកំហែង និង​បង្ខំ​ឲ្យ​បណ្តា​ប្រទេស​ដទៃ​ខ្លាច​ខ្លួន​។

​យ៉ាងណាក៏ដោយ ភាគី​ចិន​បាន​ទាត់ចោល​ការចោទប្រកាន់ និង​បាន​បកស្រាយ​ថា សព្វាវុធ​ដែល​ខ្លួន​បាន​ដំឡើង​នៅលើ​កោះ​នោះ​មិនមែន​ប្រើប្រាស់​ដើម្បី​គំរាមកំហែង​អ្នកណា​ឡើយ ប៉ុន្តែ​ដើម្បី​ការពារ​ខ្លួន​ប៉ុ ណ្ណោះ​៕



Tag:
 អាមេរិក​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com