អន្តរជាតិ
ហុង​ឌូ​រ៉ា​ស​៖ រាល់ថ្ងៃ​មនុស្ស​ជាច្រើន​បញ្ចុះបញ្ចូល​ឲ្យ​ហុង​ឌូ​រ៉ា​ស​បោះបង់​តៃវ៉ាន់ ហើយ​ក្រសោប​ចិន​
25, Jun 2018 , 9:39 pm        
រូបភាព
ដោយ:
​ខណៈពេលដែល​តៃវ៉ាន់ កំពុងតែ​ធ្លាក់ចុះ​ឥទ្ធិពល​ការទូត និង​ថែមទាំង​បាត់បង់​កល្យាណមិត្ត​ជា​បន្តបន្ទាប់​នោះ ប្រទេស​សម្ព័ន្ធមិត្ត​ប្រចាំ​តំបន់​អាមេរិក​ឡាទីន ហុង​ឌូ​រ៉ា​ស បានចេញ​ថ្លែងការណ៍​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​តៃវ៉ាន់ និង​ថែមទាំង​ប្តេជ្ញា​ពង្រឹង​ទាំង​ទំនាក់ទំនង​រវាង​រដ្ឋ​និង​រដ្ឋ ក៏ដូចជា​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​។



​អគ្គរដ្ឋទូត​ហុង​ឌូ​រ៉ា​ស ប្រចាំ​ក្រុង​តៃប៉ិ នៃ​កោះ​តៃវ៉ាន់ លោក Rafael Sierra បានធ្វើ​សេចក្តីថ្លែងការណ៍​មួយ ដោយបាន​អះអាងថា រដ្ឋាភិបាល​របស់លោក ពិតជា​រង​សម្ពាធ​ច្រើន​ទាំង​ខាងក្នុង និង​ខាងក្រៅ​ជុំវិញ​ការរក្សា​ទំនាក់ទំនង​ការ​ទូ​ជាមួយ​តៃវ៉ាន់​។ សម្ពាធ​នោះ​គឺ មិន​ខុសពី​អតីត​កល្យាណមិត្ត​តៃវ៉ាន់​ផ្សេងទៀត ហុង​ឌូ​រ៉ា​ស ត្រូវ​ពិចារណា​គួរ​បន្ត​នៅ​ជាមួយ​តៃវ៉ាន់ ឬ​ងាក​ទៅ​ក្រសោប​ចិន​វិញ​។​

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​សិង្ហ​បុរី Today Online នៅ​ថ្ងៃ​២៤ មិថុនា លោក​អគ្គរដ្ឋទូត បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« រៀងរាល់ថ្ងៃ យើង​មាន​សម្ពាធ​ច្រើនណាស់ .... មាន​មនុស្ស​ជាច្រើន បន្ត​ជជែក​ជាមួយនឹង​ប្រធានាធិបតី​ហុង​ឌូ​រ៉ា​ស ដោយនិយាយ​ម្តង​ហើយ​ម្តង​ទៀតថា តោះ​យើង​ទៅរក​ចិន តោះ​យើង​ទៅរក​ចិន​»​។​

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​អគ្គរដ្ឋទូត ក៏បាន​លើកឡើង​ពី​ជំហរ​រដ្ឋាភិបាល​របស់​លោក​ទៅកាន់​តៃវ៉ាន់ យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ​បាន​ប្រាប់​តៃវ៉ាន់​ថា អ្នក​ត្រូវតែ​ឆ្លាត​។ រដ្ឋាភិបាល​ចិន កំពុងតែ​បង្ហាញ​ឥទ្ធិពល​ក្នុង​កម្រិត​ខ្ពស់ ខណៈ​អ្នក​នៅតែ​អនុវត្ត​គោលនយោបាយ​ការទូត​ត្រឹមត្រូវ​»​។​

​លោក ថែ្ល​ង​បែបនេះ​រួចហើយ​បន្តទៀតថា ស្ថានភាព​នយោបាយ​រវាង​តៃវ៉ាន់ និង​ចិន គឺជា​រឿង​ដ៏​ស្មុគស្មាញ ដែល​ពិតជា​ជះឥទ្ធិពល​ដល់​ហុង​ឌូ​រ៉ា​ស​។ លោក​បន្ថែមថា វា​ហាក់ដូចជា​មានការ​ប្រយុទ្ធ​មួយ ដើម្បី​រុញច្រាន​គ្រប់​ប្រទេស​ទាំងអស់​ឲ្យ​នៅ​ឆ្ងាយ​ពី​តៃវ៉ាន់​។

​យ៉ាងណាក៏ដោយ មន្ត្រី​ការបរទេស​ហុង​ឌូ​រ៉ា​សរូប​នេះ បាន​បញ្ជាក់ថា ពេលនេះ​ហុង​ឌូ​រ៉ា​ស មិន​ទៅណា​ចោល​តៃវ៉ាន់​ឡើយ​។ លោក​ក៏បាន​ទទូច​ឲ្យ​មានការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ ហើយ​ក្រុមហ៊ុន​តៃវ៉ាន់​កាន់តែច្រើន​ទៅ​វិនិយោគ​នៅ​ហុង​ឌូ​រ៉ា​ស និង​ផ្លាស់ប្តូរ​បច្ចេកវិទ្យា​ជាន់ខ្ពស់​របស់​តៃវ៉ាន់​ទៅកាន់​ហុង​ឌូ​រ៉ា​ស​ជាដើម​។​

​គួរ​ជម្រាប​ផងដែរ មកទល់ពេលនេះ មានតែ​ប្រទេស និង​រដ្ឋ​ចំនួន ១៨​ប៉ុណ្ណោះ ដែល​នៅតែ​បន្ត​ទទួលស្គាល់​ទំនាក់ទំនង​ការបរទេស​ជាមួយនឹង​តៃវ៉ាន់ ដែល​ក្នុងនោះ​តំបន់​ដែល​តៃវ៉ាន់​នៅ​សេសសល់​សម្ព័ន្ធ​ច្រើនជាងគេ គឺ​នៅក្នុង​តំបន់​អាមេរិក​ឡាទីន​នោះឯង​។ ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ តៃវ៉ាន់​បាន​បាត់​សម្ព័ន្ធមិត្ត​ពីរ​ជា​បន្តបន្ទាប់​រួមមាន បួ​គី​ណា ហ្វា​សូ និង​សាធារណរដ្ឋ​ដូ​មី​និក​។​

​រដ្ឋាភិបាល​តៃវ៉ាន់ ចោទ​រដ្ឋាភិបាល​ចិន​ពេញៗ​មាត់​ថា ការបាត់បង់​សម្ព័ន្ធមិត្ត​របស់ខ្លួន ក៏​ព្រោះតែ​គោលនយោបាយ​ដុល្លារ​របស់​ក្រុង​ប៉េកាំង​៕



Tag:
 ហុង​ឌូ​រ៉ា​ស​
  ចិន​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com