អន្តរជាតិ
បារាំង​ដឹកនាំ​រដ្ឋ​អឺរ៉ុប ៨ បង្កើត​កងកម្លាំង​អន្តរាគមន៍​ថ្មី​មួយ​ដើម្បី​ការពារ​អឺរ៉ុប​
25, Jun 2018 , 10:19 pm        
រូបភាព
​ប្រទេស​អឺរ៉ុប​ប្រាំបួន​ត្រៀម​ឯកភាពគ្នា​លើ​គម្រោង​បង្កើត​កងកម្លាំង​យោធា​សម្រាប់​ការអន្តរាគមន៍​នៅ​អឺរ៉ុប​នៅ​ដើម​សប្តាហ៍​នេះ​។ គំនិត​ផ្តួចផ្តើម​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​ប្រមុខរដ្ឋ​បារាំង និង​បានទទួល​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​ចក្រភព​អង់គ្លេស​ដែល​ត្រៀម​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប​ផងដែរ​។​



​គំនិត​ផ្តួចផ្តើម​របស់​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ក្នុងការ​បង្កើត​កម្លាំង​យោធា​អន្តរាគមន៍​របស់​អឺរ៉ុប (European Intervention Initiative) ជិត​ចេញ​រូបរាង​ហើយ​។ នៅ​ថ្ងៃ​ចន្ទ​ទី ២៥ មិថុនា​នេះ ប្រទេស​សមាជិក​ប្រាំបួន​នឹង​អនុម័ត​យក​គម្រោង​នេះ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ដកស្រង់​សម្តី​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​លោកស្រី Florence Parly សមាជិក​ប្រាំបួន​នោះ​មានដូចជា បារាំង អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស ដា​ណឺ​ម៉ាក  ហូ​ឡង់ អេ​ស្តូ​នី អេ​ស្ប៉ា​ញ និង​ព័រ​ទុយ​កាល់​។

​បើតាម​ការអះអាង​រប​ស់មេ​ដឹកនាំ​បារាំង​កន្ល​ង​មក ការបង្កើត​កម្លាំង​ទ័ព​ពិសេស​តែមាន​លក្ខណៈ​ទ្រង់ទ្រាយ​តូច​នេះ​គឺ​ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​មាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធិភាព ព្រោះ​គេ​អាច​ពង្រាយ​កងទ័ព​ងាយស្រួល​ជាង​កិច្ចសហប្រតិបត្តិការ​ធំៗ​។

​សម្រាប់​បារាំង កងទ័ព​នេះ​អាច​នឹង​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នានា​ដែល​គំរាមកំហែង​សន្តិសុខ​អឺរ៉ុប ជម្លៀស​ប្រជាជន និង​ឆ្លើយតប​នឹង​គ្រោះមហន្តរាយធម្មជាតិ​ជាដើម​។ ហើយ​វា​ក៏​អាច​សម្រេច​ធ្វើការ​ងារ​បាន​ដាច់​ណាត់ និង​ដោយ​សេរី មិនសូវមាន​បន្ទុក​ធ្ងន់​ដូច បក្សសម្ព័ន្ធ​យោធា​ណា​តូ ឬ​គំនិត​ផ្តួចផ្តើម​យោធា​ផ្សេង​ទៀតឡើយ​។​

​គេ​ឃើញ​អង់គ្លេស​ដែល​ត្រៀម​ដើរ​ចេញពី​សហភាព​អឺរ៉ុប​ចូលរួម​ជា​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​ថ្មី​នេះដែរ​ព្រោះ​គំនិត​ផ្តួចផ្តើម​ថ្មី​នេះ​វា​ដាច់ដោយឡែក​ពី​កិច្ចសហប្រតិបត្តិការ​អឺរ៉ុប​ដែលមាន​ស្រាប់​។ ដូច្នេះ វា​បង្ក​ការងារ​ស្រួល​សម្រាប់​ប្រទេស​ដែល​ចង់​ចូលរួម​ទោះជា​មិនមែន​សមាជិក​សហភាព​អឺរ៉ុប​ក៏ដោយ​។

​តាំងពីដើម​មក អង់គ្លេស​ពិតជា​ចង់​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​អឺរ៉ុប​ជាពិសេស​វិស័យ​ការពារជាតិ​នេះ​តែម្តង បើទោះជា​ខ្លួន​នឹង​លែង​ជា​សមាជិក​សហភាព​អឺរ៉ុប​ក៏ដោយ​។ អង់គ្លេស​មើលឃើញ​ពី​ផល​លំបាក​ជាពិសេស​ការគំរាមកំហែង​នានា​ដែល​អង់គ្លេស​ពិបាក​ប្រឈម​ម្នាក់ឯង​។​

​ចាប់ពី​ឆ្នាំ ២០០៧ មក សហភាព​អឺរ៉ុប​មាន​កងកម្លាំង​យោធា​ចម្រុះ​បួន​ផ្សេងគ្នា ប៉ុន្តែ​ដោយសារ​ការ​មិ​នេ​ក​ភាព​គ្នា​លើ​បញ្ហានយោបាយ កង​ម្លាំ​ង​នេះ​មិនដែល​ត្រូវបាន​គេ​ប្រើប្រាស់​និង​ពង្រាយ​ឡើយ​។ កាលពី​ខែធ្នូ​ឆ្នាំមុន សមាជិក​សហភាព​អឺរ៉ុប​ចំនួន ២៥ បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​ការពា​ជាតិ​ទ្រង់ទ្រាយ​ធំ​មួយ​ដោយ​ភាគី​បាន​សហការគ្នា​បង្កើត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន ប៉ុន្តែ​គេ​មិន​បានដឹង​ច្បាស់​ថា អង់គ្លេស​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចូលរួម​ឬ​អត់​ឡើយ​។​

​ក្រៅពី​ប្រទេស ៩ ខាងលើ អ៊ីតាលី​ក៏​ចង់​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​នេះដែរ​ដើមឡើយ ប៉ុន្តែ​រដ្ឋាភិបាល​ថ្មី​កំពុង​ពិចារណា​ឡើងវិញ និង​សម្រេចចិត្ត​នៅឡើយ​ថា​គួរ​ចូលរួម​ឬ​អត់​។ មកដល់ពេលនេះ គេ​ក៏​មិនទាន់​ឃើញ​មានការ​សម្រេច​ចិត្តជា​ផ្លូវការ​ឡើយ​ទេ​៕


Tag:
 បារាំង​
  សហភាព​អឺរ៉ុប​
  European Intervention Initiative
© រក្សាសិទ្ធិដោយ thmeythmey.com