អន្តរជាតិ
​កូរ៉េខាងជើង​រៀបចំ​រម្លឹក​«​ខួប​សង្គ្រាម​កូរ៉េ​» តែ​មិនមាន​វោហា​សព្ទ​នយោបាយ​វាយប្រហារ​អាមេរិក
25, Jun 2018 , 8:19 pm        
រូបភាព
​កូរ៉េ​ទាំងពីរ​នាំគ្នា​រៀបចំ​ខួប ៦៨ នៃ​សង្គ្រាម​កូរ៉េ​នៅ​ថ្ងៃ​ចន្ទ​ទី ២៥ មិថុនា​ដើម​សប្តាហ៍​នេះ​។ អ្វីដែល​គេ​កត់សម្គាល់​នោះ​គឺ នៅ​កូរ៉េខាងជើង​មិនមាន​ការឃោសនា​ណាមួយ​ទិតៀន និង​ប្រឆាំង​សហរដ្ឋអាមេរិក​ដូច​សព្វដង​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កូរ៉េ​ទាំងពីរ​ក៏​កំពុង​ជជែក​គ្នា​បន្ថែម​លើ​ការដក​កាំភ្លើង​ធំ​ពី​ព្រំដែន​ផងដែរ​។​



 ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​រៀងរាល់ថ្ងៃ ២៥ ខែមិថុនា ដែលជា​ថ្ងៃ​កូរ៉េខាងជើង​លើក​កងទ័ព​ឈ្លានពាន​កូរ៉េខាងត្បូង​កាលពី ៦៨​ឆ្នាំមុន​នោះ តែងតែ​បញ្ចេញ​វោហា​សព្ទ​នយោបាយ​ដែល​ប្រឆាំង​អាមេរិក​។

​កូរ៉េខាងជើង​ជា​លក្ខណៈ​ប្រពៃណី​ទៅហើយ​បាន​បន្ត​ចោទថា សហរដ្ឋអាមេរិក​នេះ​ជា​អ្នកបង្កើត​ឲ្យ​សង្គ្រាម​រវាង​កូរ៉េ​ទាំងពីរ​កើតឡើង ព្រោះ​វា​ជា​យុទ្ធសាស្ត្រ​ឈានទៅ​គ្រប់គ្រង​ពិភពលោក​។ ក្រុង​ព្យុងយ៉ាង​ក៏​ចោទ​ផងដែរ​ថា អាមេរិក​ធ្វើ​ឲ្យ​កូរ៉េ​បែង​ចែកជា​ពីរ​ដោយមាន​ការឯកភាព​គ្នា​ជាមួយ​សហភាពសូវៀត​ក្រោយ​ចប់​សង្គ្រាម កាលនោះ​ផង​។​
​យ៉ាងណាមិញ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ការ​រ​រៀបចំ​ខួប​នៃ​សង្គ្រាម​បងប្អូន​កូរ៉េ​ទាំងពីរ​នៅ​ឆ្នាំនេះ វា​មិនមាន​ការឃោសនា​នយោបាយ​ដែលមាន​លក្ខណៈ​ប្រឆាំង​អាមេរិក​ទៀត​នោះឡើយ​។

​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង Rodong Sinmun មាន​បទ​វិចារណកថា​មួយ​ដែល​រៀបរាប់​ពី​ការតស៊ូ​ង​ប្រឹ​ប្រែង​ពលី​របស់​ប្រជាជន និង​ទាហាន​កូរ៉េខាងជើង​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​ក្នុងអំឡុងពេល​សង្គ្រាម និង​ទប់ទល់​បច្ចាមិត្ត​។

​ប៉ុន្តែ​វា​មិនមាន​ការហៅ​ឈ្មោះ​សត្រូវ​ចំៗ​ដូច​ពីមុន​ឡើយ​។ គេ​នៅ​ចាំបាន​ច្បាស់​ថា កាលពី​ឆ្នាំមុន បទ​វិចា​ណ​កថា​ដែលមាន​ប្រាំមួយ​ទំព័រ​របស់​កូរ៉េខាងជើង​បាន​រិះគន់​អាមេរិក​ចំៗ​មិន​សំចៃមាត់ ហើយ​ថែមទាំង​ហៅ​អាមេរិក​ថា ជា​«​មហាអំណាច​ចក្រពត្តិ​» ដែល​សម្លាប់​រង្គាល​ប្រជាជន​កូរ៉េ​យ៉ាង​ព្រៃផ្សៃ​ថែមទៀត​ផង​។​

​អាច​និយាយបានថា វា​ជាស​ញ្ញា​វិជ្ជមាន​ខណៈ ព្រោះ​កូរ៉េខាងជើង​និង​អាមេរិក​បន្ត​ចរចា​គ្នា​ទៀត​ដើម្បី​ឈានទៅ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ដូច​ការចង់បាន​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ការសន្យា​របស់លោក គីម ជុង​អ៊ុន​នោះ ក្រោយ​កិច្ចប្រជុំ​ប្រវត្តិសាស្ត្រ​នៅ​សិង្ហ​បុរី​ថ្ងៃ ១២ មិថុនា​នោះ​។​

​មិន​ត្រឹម​តែមាន​ការបន្ថយ​ពាក្យសម្តី​ដែល​ទិតៀន​អាមេរិក ប៉ុណ្ណោះ កូរ៉េខាងជើង​ក៏​កំពុង​ជជែក​ពិភាក្សា​ជាមួយ​កូរ៉េខាងត្បូង​ផងដែរ​ជុំវិញ​ការឈាន​ទៅ​ដក​កាំភ្លើង​ធំ​ពី​ព្រំដែន​ប្រទេស​ទាំងពីរ​។ នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​លោក Lee Nak-yon បាន​បង្ហើប​ថា ភាគី​ទាំងពីរ​កំពុង​ស្ថិតក្នុង​ដំណាក់កាល​ពិភាក្សា និង​ឈានទៅ​ដក​កាំភ្លើង​ធំ​នេះ​ឲ្យ​ផុតពី​ព្រំដែន​។​

​កូរ៉េខាងជើង​មាន​កាំភ្លើង​ធំ​ប្រហែល ១០០០ នៅតាម​ព្រំដែន ហើយ​វា​ជាការ​គំរាមកំហែង​ខ្លាំង​បំផុត​សម្រាប់​កូរ៉េខាងត្បូង​ព្រោះ​ក្រុង​សេ​អ៊ូ​ល​ស្ថិតនៅ​ចម្ងាយ​ត្រឹម ៥០ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​នោះ​។ បើសិន​មាន​គ្រោះអាសន្ន​កើតឡើង សេ​អ៊ូ​ល​ត្រូវ​រងគ្រោះ​ខ្លាំង​ជាក់​ជាមិនខាន​៕


Tag:
 អាមេរិក​
  សង្គ្រាម​កូរ៉េ​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com