អន្តរជាតិ
លោក ពូទីន ព្រមជួបលោក ត្រាំ នៅប្រទេសទីបីដើម្បីជជែករឿងស្តារទំនាក់ទំនងទ្វេភាគី
× ប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌីមៀ ពូទីន ព្រមជួបប្រធានាធិបតីអាមេរិកលោក ដូណាល់ នៅពេលខាងមុខ ដោយជំនួបកម្រិតខ្ពស់នេះអាចរៀបចំឡើងនៅប្រទេសទីបីផង។ ប្រមុខរដ្ឋរុស្ស៊ីព្រមទទួលសំណើរនេះក្នុងពេលជួបជាមួយទីប្រឹក្សាសន្តិសុខអាមេរិកនិងជាជំនួយការលោក ត្រាំផ្ទាល់ផង។
ជំនួបកម្រិតខ្ពស់រវាងប្រមុខរដ្ឋទាំងពីរនេះមិនទាន់ត្រូវបានគេកំណត់ជាក់លាក់ថានឹងកើតឡើងនៅទីណា ឬនៅពេលណាឡើយ។ ប៉ុន្តែភាគីពាក់ព័ន្ធនឹងចាប់ផ្តើមពិភាក្សាដើម្បីឈានទៅរៀបចំកាលវិភាគ និង កំណត់ទីតាំងផង។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក ពូទីន ប្រាប់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បុលតុន (John Bolton)ថា លោករំពឹងខ្ពស់លើជំនួបរវាងលោកជាមួយសមភាគីអាមេរិព្រោះវានឹងជួយកាត់បន្ថយភាពតានតឹង ក៏ដូចជាជួយត្រួសត្រាយផ្លូវសម្រាប់ការស្តារទំនាក់ទំនងដ៏ល្អក់កករនេះផងដែរ។
លោក ពូទីន និយាយដោយទឹកមុខញញឹមទៅកាន់លោក បុលតុន ដូច្នេះថា៖«ទស្សនកិច្ចរបស់លោកនៅម៉ូស្គូផ្តល់ក្តីសង្ឃឹមថា យ៉ាងហោចណាស់យើងអាចចាប់ផ្តើមជំហានដំបូងក្នុងការស្តារទំនាក់ទំនងទ្វេភាគីបាន។ យើងមិនដែលចង់បានការប្រឈមមុខគ្នាទេ ហើយយើងសោកស្តាយដែលទំនាក់ទំនងទ្វេភាគីមិនស្ថិតនៅកម្រិតខ្ពស់បំផុតនោះ»។
ចំណែកតំណាងក្រុងវ៉ាស៊ីនតោនលោក បុលតុន បានប្រាប់ទៅលោក ពូទីនថា រដ្ឋបាលអាមេរិកសង្ឃឹមរកវិធីដោះស្រាយភាពខុសគ្នារវាងភាគីទាំងពីរ និងបន្តស្វែងរកឱកាសសហការគ្នាដើម្បីដោះស្រាយបញ្ហា និងរក្សាសន្តិភាពនិងស្ថិរភាពពិភពលោក។ ក្រៅពីនេះ លោក បុលតុន ក៏ឆ្លៀតលើកសរសើរលោក ពូទីន ដែលបានចាត់ចែងនិងរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup នៅពេលនេះ ទោះបីជាមានឧបសគ្គច្រើនក៏ដោយ។
នៅវ៉ាស៊ីនតោនឯណោះវិញ លោក ដូណាល់ ត្រាំ បង្ហើបថា លោកមិនទាន់ដឹងច្បាស់ពីគម្រោងជួបជាមួយលោក ពូទីន ឡើយព្រោះលោកមិនទាន់បានជួបលោក បុលតុននៅឡើយ។ ប៉ុន្តែលោករំពឹងថា កិច្ចប្រជុំនេះនឹងកើតមានឡើងនៅពេលឆាប់ៗខាងមុខនេះ ហើយលោកសង្ឃឹមពាំនាំបញ្ហាចម្រូងចម្រាសមួយចំនួនផងដូចជាវិបត្តិអ៊ុយក្រែន និងសង្គ្រាមស៊ីរីទៅដាក់លើតុពិភាក្សាជាមួយលោក ពូទីនថែមទៀត។
លោក ត្រាំ នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូនៅក្នុងទីក្រុងព្រុចសែលថ្ងៃ ១១ ខែកក្កដាខាងមុខនេះ ហើយលោកនឹងឆៀងចូលទស្សនកិច្ចនៅអង់គ្លេសដោយជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស ថេរ៉េសា ម៉េយ៍ និងចូលគាល់ម្ចាស់ក្សត្រីយ៍អេលេហ្សាបែតទីពីរផងដែរ។ គេរំពឹងថា លោក ត្រាំ នឹងយកឱកាសនៃដំណើរទស្សនកិច្ចអឺរ៉ុបនេះដើម្បីជួបលោក ពូទីនតែម្តង។
តាមពិតទៅវត្តមានមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោក ត្រាំ នៅម៉ូស្គូកើតឡើងស្របពេលដែលទំនាក់ទំនងទ្វេភាគីរវាងអាមេរិកនិងរុស្ស៊ីល្អក់កករខ្លាំងផង។ បញ្ហាចម្រូងចម្រាសដូចជាការក្រសោបយកទឹកដីគ្រីមៀពីអ៊ុយក្រែន ជម្លោះភាគខាងកើតអ៊ុយក្រែន សង្គ្រាមស៊ីរី និងការចោទប្រកាន់ថា រុស្ស៊ីលូកលាន់ក្នុងកិច្ចការបោះឆ្នោតអាមេរិកធ្វើឲ្យទំនាក់ទំនងមហាអំណាចទាំងពីរប្រេះឆាកាន់តែខ្លាំងឡើង។ ប៉ុន្តែលោក ត្រាំ ហាក់ព្យាយាមបន្ធូរបន្ថយភាពតានតឹងដោយបន្តស្វែងរកលទ្ធភាពជួបពិភាក្សាគ្នាជាមួយមេដឹកនាំក្រេមឡាំងផង។
យ៉ាងណាក៏ដោយ អ្នកប្រឆាំងលោក ត្រាំ បានបង្ហាញក្តីកង្វល់ដូចគ្នាចំពោះឆន្ទៈរបស់រដ្ឋបាលលោក ត្រាំ ក្នុងការរៀបចំជំនួបជាមួយលោក ពូទីន។ បារម្ភត្រង់ថា លោក ត្រាំ អាចនឹងសម្រេចបានកិច្ចព្រមព្រៀងណាមួយជាមួយលោក ពូទីនផង ដោយអាមេរិកធ្វើសម្បទានច្រើនដល់រុស្ស៊ី។ ប៉ុន្តែកន្លងមក ដើម្បីធ្វើឲ្យសាធារណជនអាមេរិកជាពសេសមាជិកសភាអាមេរិករសាយកង្វល់ រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ បានប្រកាសពីជំហរផ្លូវការរបស់អាមេរិកលើបញ្ហាមួយចំនួនដែលមានពាក់ព័ន្ធនឹងរុស្ស៊ីផង។ ប្រមុខការបរទេសអាមេរិកបានអះអាងថា រដ្ឋបាលលោក ត្រាំ នៅតែចាត់ទុកសកម្មភាពរុស្ស៊ីនៅអឺរ៉ុបខាងកើតជាពិសេសឈ្លានពានអ៊ុយក្រែន និងការក្រសោបយកទឹកដីគ្រីមៀ ជារឿងខុសច្បាប់អន្តរជាតិ៕
Tag:
វ្ល៉ាឌីមៀ ពូទីន
ដូណាល់ ត្រាំ
អាមេរិក
រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com