អន្តរជាតិ
ឡាវ ត្រៀម​លក់​សញ្ញា​បណ្ណ​ក្នុង​ផ្សារភាគហ៊ុន ក្រោយ​បាន​បទពិសោធន៍​ពី​ប្រទេសជិតខាង និង​ដៃគូ​អាស៊ាន
29, Jun 2018 , 9:19 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ កំពុង​រៀបចំ​ចេញផ្សាយ​សញ្ញា​បណ្ណ ឬ​បណ្ណ​បំណុល​នៅលើ​ផ្សា​រមូល​ប​ត្រ​របស់ខ្លួន​។ នេះ គឺជា​ដំណើរការ​ទៅមុខ​មួយ​នៃ​ផ្សារភាគហ៊ុន​របស់​ប្រទេស​ក្រីក្រ​របស់​ពិភពលោក​មួយ​នេះ បន្ទាប់ពី​បានដាក់​ដំណើរការ​អស់​រយៈពេល​ជិត​មួយ​ទសវត្សរ៍​ហើយ​នោះ​។​



​លោកស្រី​អគ្គលេខាធិការ​ទីផ្សារ​មូល​ប​ត្រ​ឡាវ Saysamone Chanthachack បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ឡាវ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល នៃ​ការរៀបចំ​ឯកសារ របៀបរបប និង​បទបញ្ជា​និង​ក្របខណ្ឌ​ផ្នែក​ច្បាប់​ចាំបាច់​ដើម្បី​ចុះបញ្ជី​សញ្ញា​បណ្ណ​របស់​រដ្ឋាភិបាល​នៅក្នុង​ផ្សារភាគហ៊ុន​ឡាវ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឡាវ Laotiane Times នៅ​ថ្ងៃ​២៥ មិថុនា​។

​លោកស្រី​អគ្គលេខាធិការ​រូបនេះ ថ្លែងថា នីតិវិធី​សម្រាប់​ការចេញផ្សាយ ឬ​ដាក់លក់​សញ្ញា​បណ្ណ​របស់​រដ្ឋាភិបាល​ឡាវ នឹងត្រូវ​បញ្ចប់​នៅក្នុង​ឆ្នាំ​នេះហើយ​។ លោកស្រី​សង្កត់ធ្ងន់ថា តាម​គម្រោង​រដ្ឋាភិបាល​គ្រោង​នឹង​ចុះបញ្ជី​សញ្ញា​បណ្ណ​នៅក្នុង​ផ្សាយ​ភាគហ៊ុន​នាពេលខាងមុខ​ដ៏​ខ្លី ខណ​ស្ថាប័ន​ដែល​នឹងត្រូវ​ទទួលខុសត្រូវ​លើ​ការសម្រេចចិត្ត គឺ​ក្រសួង​ហិរញ្ញវត្ថុ​ឡាវ​។ ផលិតផល​ដែល​រដ្ឋាភិបាល​គ្រោង​ចុះបញ្ជី​ដាក់លក់​នោះ​គឺ ការតភ្ជាប់​បណ្តាញ​( The Local Capital Market Pipeline )​។  

​តាម​លោកស្រី​អគ្គលេខាធិការ​នៃ​ផ្សា​រមូល​ប​ត្រ​ឡាវ​ដដែល​នោះ គម្រោង​នៃ​បោះ​សញ្ញា​បណ្ណ​របស់​រដ្ឋាភិបាល ធ្វើឡើង​ដោយ​ផ្អែក​តាម​បទពិសោធន៍ ដែល​ឡាវ​បាន​រៀនសូត្រ​ពី​បណ្តា​ប្រទេសជិតខាង និង​ប្រទេស​ដៃគូ​អាស៊ាន​បូក​បី ដែល​រួមមាន ចិន ជប៉ុន និង​កូរ៉េខាងត្បូង ដែល​បាន​អនុវត្ត​ទៅ​ប្រកបដោយ​ជោគជ័យ​ហើយ​នោះ​។

​សូមជម្រាបថា មូល​ប​ត្រ​រដ្ឋ ឬ​សញ្ញា​បណ្ណ គឺជា​ការដាក់​ធានា​បំណុល ដែល​ចេញប្រកាស​ដោយ​រដ្ឋាភិបាល​។ សញ្ញា​បណ្ណ ដែល​ដាក់លក់​នៅ​ផ្សារភាគហ៊ុន ឬ​ផ្សា​រមូល​ប​ត្រ​របស់​ប្រទេស បើកចំហ​ឲ្យ​មានការ​ទិញ​លក់​ពី​ទាំង​អ្នកវិនិយោគ​បរទេស និង​អ្នកវិនិយោគ​ក្នុងស្រុក​។ ភាគច្រើន​រដ្ឋាភិបាល​ចេញផ្សាយ​សញ្ញា​បណ្ណដើ​ម្បី​ទាក់ទាញ​អ្នកវិនិយោគ​ដើម្បី​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍ​របស់ខ្លួន​។

​ត្រលប់មក​កាន់ការ​ដំណើរការ​ផ្សា​រមូល​ប​ត្រ​ឡាវ​បន្តិច​។ បើតាម​សារព័ត៌មាន Laotian Times ផ្សា​រមូល​ប​ត្រ​ឡាវ ត្រូវ​បានដាក់​ដំណើរ​នៅក្នុង​ប្រទេស​តាំងពី​ឆ្នាំ​២០១០​មក ក្រោម​ការគាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​កូរ៉េខាងត្បូង​។ ថៃ ដែលជា​អ្នកជិតខាង​ជឿនលឿន​ហើយ​នោះ កន្លងមក ក៏បាន​ជួយ​ជ្រោមជ្រែង​ឡាវ​ផ្នែក​បច្ចេកទេស​ផងដែរ​៕



Tag:
 ឡាវ​
  អាស៊ាន​
  ផ្សារភាគហ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com