អន្តរជាតិ
ចិន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹង​ទំនាក់ទំនង​មន្ត្រី​ប្រទេស​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​
29, Jun 2018 , 10:58 am        
រូបភាព
​ប៉េកាំង​៖ មន្ត្រី​នៃ​លេខាធិការដ្ឋាន​ជាតិ និង​អង្គភាព​សម្របសម្រួល​នៃ​ប្រទេស​សមាជិក​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (LMC) ចំនួន​៥ បាន​ចូលរួម​កម្មវិធី​បណ្ដុះបណ្ដាល​មួយ​នៅ​ទីក្រុង​ប៉េកាំង​។ កម្មវិធី​បណ្ដុះបណ្ដាល​នេះ ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៧ ខែមិថុនា មាន​រយៈពេល​ជិត​ពីរ​សប្ដាហ៍​ដើម្បី​ពង្រឹងសមត្ថភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មន្ត្រី​នៃ​ប្រទេស​តាម​បណ្ដោយ​ទន្លេមេគង្គ​ទាំងអស់​។



​ថ្លែង​ក្នុង​ពិធី​បើក​កម្មវិធី​បណ្ដុះបណ្ដាល​សម្រាប់​លេខាធិការដ្ឋាន​ជាតិ និង​អង្គភាព​សម្របសម្រួល​នៃ​ប្រទេស​សមាជិក​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (LMC) អគ្គនាយករង​កិច្ចការ​អាស៊ី​ក្រសួងការបរទេស​ចិន លោក ជាំ​ង តៃ​ចុង បាន​ស្វាគមន៍​មន្ត្រី​មកពី​ប្រទេស​ទាំង​៥ ដែល​ចូលរួម​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​នេះ​។ លោក​និយាយថា តាំងពី​លេច​ជា​រូបរាង​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ យន្តការ​កិច្ចសហប្រតិបត្តិការ LMC បាន​ក្លាយជា​វេទិកា​អនុតំបន់​ដ៏​សំខាន់ និង​ពោរពេញ​ដោយ​សក្តានុពល​។



​មន្ត្រី​ក្រសួងការបរទេស​ចិន​ដដែល​នេះ​បន្តថា ប្រទេស​ទាំង​៥ មាន​កម្ពុជា វៀតណាម ថៃ ឡាវ និង​មី​យ៉ាន់​ម៉ា គឺជា​អ្នកជិតខាង​ជិតស្និទ្ធ​របស់​ចិន ដែល​ចែករំលែក​ទន្លេ និង​អនាគត​គ្នា​។ ក្នុងន័យនេះ លោក ជាំ​ង បញ្ជាក់ថា ការជំរុញ​កិច្ចសហប្រតិបត្តិការ LMC គឺ​ចិន​មាន​ឆន្ទៈ​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​ក្បែរ​ខាង​ជាមួយ​ការអភិវឌ្ឍ​របស់ខ្លួន និង​ជំរុញ​ការអភិវឌ្ឍ​អនុតំបន់​ផង​។ វា​ក៏​ស្របតាម​គំនិត​សាងសង់​សហគមន៍​ចែករំលែក​អនាគត​រួម​សម្រាប់​មនុស្សជាតិ​ដែល​លើកឡើង​ដោយ​ប្រធានាធិបតី ស៊ី ជិន​ភីង​។​

​សូមបញ្ជាក់ថា កម្មវិធី​បណ្ដុះបណ្ដាល​នេះ​រៀបចំ​ដោយ​សាកលវិទ្យាល័យ​សិក្សា​បរទេស​ប៉េកាំង និង​ទីក្រុង​សិន​ជិន​។ អគ្គនាយករង​កិច្ចការ​អាស៊ី​របស់​ចិន​ក្រសួងការបរទេស​ចិន​អះអាងថា សាកលវិទ្យាល័យ និង​ទីក្រុង​ស៊ិន​ជិន មានបំណង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​របស់​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង តាមរយៈ​វគ្គ​ដ៏​សំខាន់​នេះ​។

​ក្នុងនាម​ជា​សហប្រធាន​យន្តការ LMC ជាមួយ​ចិន​សម្រាប់​ឆ្នាំ​២០១៨ ឡាវ​បាន​អរគុណ​ចិន​ដែល​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង​។ ដោយ​ចាត់ទុក​កម្មវិធី​នេះ​ជា​សកម្មភាព​សំខាន់​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង អគ្គរដ្ឋទូត​ឡាវ​ប្រចាំ​ចិន លោកស្រី Vandy Bouthasavon ជឿថា សមត្ថភាព​មន្ត្រី​លេខាធិការដ្ឋាន​ជាតិ និង​អង្គភាព​សម្របសម្រួល​នៃ​ប្រទេស​នីមួយៗ​ផង​។ លោកស្រី​ក៏​ហៅ​ការរៀបចំ​វគ្គ​នេះ ជា​សកម្មភាព​ជាក់ស្ដែង​របស់​ចិន​នៅក្នុង​កិច្ចសហប្រតិបត្តិការ​អនុតំបន់​មួយ​នេះ​។​



​ជាមួយគ្នានេះ លោក ហេង សុភា នាយករង​នាយកដ្ឋាន​កិច្ចសហប្រតិបត្តិការ​មេគង្គ ដែលជា​អ្នកចូលរួម​ក្នុង​កម្មវិធី​ខាងលើ បាន​ថ្លែង​ដែរ​ថា លោក​រីករាយ​ដែល​ចូលរួម​កម្មវិធី​នេះ និង​អរគុណ​ភាគី​ចិន​ចំពោះ​បដិសណ្ឋារកិច្ច និង​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​។ លោក​បញ្ជាក់ដែរថា កម្ពុជា​ផ្ដល់​សារសំខាន់​ដល់​យន្តការ LMC នេះ ព្រោះ​ជា​យន្តការ​បំពេញបន្ថែម​សម្រាប់​កម្ពុជា​ធ្វើ​សមាហរណកម្ម​តំបន់ ក៏ដូចជា​ជំរុញ​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​ផង​៕ 


Tag:
 ​ចិន​
  LMC2018
© រក្សាសិទ្ធិដោយ thmeythmey.com