អន្តរជាតិ
មហា​ធៀ​៖ «​ម៉ាឡេស៊ី​ចង់បាន​បក្សប្រឆាំង​ខ្លាំង​ដែល​អាច​ធ្វើជា​កញ្ចក់​ឆ្លុះ​សម្រាប់​រដ្ឋាភិបាល​»
29, Jun 2018 , 3:28 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់ ប្រាប់​អ្នកសារព័ត៌មាន​ថ្ងៃ ២៨ ខែមិថុនា​ថា ម៉ាឡេស៊ី​បច្ចុប្បន្ន​មិនមាន​បក្សប្រឆាំង​ដែល​ល្អ និង​ខ្លាំង​ដែល​អាច​ធ្វើជា​កញ្ចក់​ឆ្លុះ​សម្រាប់​រដ្ឋាភិបាល​ឡើយ​។ លោក​មើលឃើញ អតីត​បក្ស​កាន់អំណាច UMNO នៅ​ទន់ខ្សោយ​ព្រោះ​សមាជិក​បក្ស​នេះ​បន្ត​បែកបាក់​គ្នា​ចាប់ពី​ពេល​ចាញ់ឆ្នោត​ខែ​មុន​។



​សម្ព័ន្ធ​បក្សប្រឆាំង​ដ៏​ធំ UMNO ដែលជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ Barisan Nasional ធ្លាប់​ដឹកនាំ​ប្រទេស​ម៉ាឡេស៊ី​រាប់​ទសវត្សរ៍ និង​ទើប​ចាញ់ឆ្នោត​កាលពី​ខែឧសភា​កន្លងមកនេះ​នៅ​មិនទាន់​រើស​បាន​មេដឹកនាំ​ថ្មី​ឡើយ​។ នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​លោក មហា​ធៀ នាយករដ្ឋមន្ត្រី​ទី​ប្រាំពីរ​យល់ថា បក្សប្រឆាំង​នេះ​មិនទាន់​រឹងមាំ និង​ស័ក្តិ​សមជា​គូប្រជែង​ដ៏​ល្អ​ក្នុងសង្គម​ប្រជាធិបតេយ្យ​ឡើយ​។​

​ក្នុង​បទ​សម្ភាស​ក្នុង​កម្មវិធី Conversation With របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក មហា​ធៀ បាន​បញ្ជាក់ថា សមាជិក​បក្ស UMNO នៅ​បែកបាក់​គ្នា​នៅឡើយ​ដែល​វា​ធ្វើ​ឲ្យ​បក្ស​នេះ​ទន់ខ្សោយ​។ ប៉ុន្តែ​សម្រាប់​លោក​ជា​នាយករដ្ឋមន្ត្រី លោក មហា​ធៀ ចង់ឃើញ​បក្សប្រឆាំង​ដែល​ល្អ និង​ខ្លាំង​ដែល​អាច​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​បានល្អ​។​

​លោក​បាន​ថ្លែង​ដូច្នេះ​៖« ការអនុវត្ត​ជាក់ស្តែង​សម្ព័ន្ធ Barisan Nasional នៅសល់តែ​បក្ស​បី​ប៉ុណ្ណោះ​ក្នុងនោះ​មាន​បក្ស UMNO, បក្ស​សមាគម​ជន​ជាតិចិន​ម៉ាឡេស៊ី និង​បក្ស​សមាជ​ឥណ្ឌា​ម៉ាឡេស៊ី​»​។​

 លោក​បន្តថា​៖ «​សូម្បីតែ​នៅក្នុង​ចំណោម​បក្ស​បី​ក្តី យើង​ដឹងថា បក្ស UMNO កំពុង​បាត់បង់​សមាជិក​ច្រើន ហើយ​ពួកគេ​រត់​ចូល​ជាមួយ​សម្ព័ន្ធ​បក្ស Pakatan Harapan​។ អ្វីដែល​នៅសល់​នោះ​គឺ​ក្រុមមនុស្ស​ដែល​មិន​យល់​ពី​ស្ថានភាព​ជាក់ស្តែង​ឡើយ​។ ប៉ុន្តែ​ទោះជា​បែបណាក៏ដោយ យើង​ត្រូវការ​បក្សប្រឆាំង​ដែល​ល្អ​»​។

​បក្ស​ល្អ និង​ខ្លាំង​ដែល​លោក មហា​ធៀ សំដៅ​ដល់​នោះ​គឺ បក្ស​ដែលមាន​សមត្ថ​ភាពមិន​ចាំតែ​រណប​រដ្ឋាភិបាល និង​យល់​ពី​កិច្ចការងារ​របស់ខ្លួន​។ លោក​បាន​ពន្យល់​បន្ថែម​ថា រដ្ឋាភិបាល​របស់លោក​ផ្ទាល់​ពិតជា​ចង់​ឲ្យ​បក្សប្រឆាំង​ពង្រឹងសមត្ថភាព​ខ្លួន និង​ធ្វើជា​កញ្ចក់​ឆ្លុះ​សង្គម ឬ​កញ្ចក់​ឆ្លុះ​សម្រាប់​រដ្ឋាភិបាល​។ មាន​កញ្ចក់​ទើប​រដ្ឋាភិបាល​មើលខ្លួន​ឯង​ឃើញថា ខ្លួន​ធ្វើ​ត្រូវ ឬ​ធ្វើ​ខុស​នោះ​។​

​លោក មហា​ធៀ សង្កត់ធ្ងន់​បែបនេះ​៖ «យើងចង់បានបក្សប្រឆាំង ព្រោះយើងចាត់​ទុក បក្សប្រឆាំង​ដូចជាកញ្ចក់ឆ្លុះ។ យើង​នឹង​មើលឃើញថា មុខ​របស់​យើង​មាន​ស្លាកស្នាម ឬ​មាន​បញ្ហា​អត់​។ ប៉ុន្តែ​ក្នុងករណី​ដែល​យើង​មិនមាន​បក្សប្រឆាំង​ដែល​ធ្វើជា​កញ្ចក់​ឆ្លុះ​នេះ​ទេ យើង​នឹង​គិតថា ខ្លួន​យើង​ស្រស់ស្អាត ប៉ុន្តែ​តាមពិត​យើង​មាន​ច្រមុះ​វៀច​សោះ​»​។​

​សូមបញ្ជាក់ថា សម្ព័ន្ធ​បក្ស Barisan Nasional ចាញ់ឆ្នោត​ក្នុងការ​បោះឆ្នោត​សាកល​លើក​ទី ១៤ ដើមខែ​ឧសភា ហើយ​សម្ព័ន្ធ​បក្ស Pakatan Harapan ដឹកនាំ​ដោយ​លោក មហា​ធៀ​នោះ បាន​ដណ្តើម​ជ័យជម្នះ​។ ក្រោយ​ចាញ់ឆ្នោត​លោក ណា​ជីប រ៉ា​ហ្សា​ក់ សម្រេច​ចុះចេញ​ពី​តំណែង​ជា​ប្រធាន​បក្ស UMNO ហើយ​លោក​ក៏ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​ជុំវិញ​ករណី​ពុករលួយ​ក្នុង​មូលនិធិ​រដ្ឋ 1MDB​ផងដែរ​៕


Tag:
 ​មហា​ធៀ មហាម៉ាត់​
  ម៉ាឡេស៊ី​
  UMNO
© រក្សាសិទ្ធិដោយ thmeythmey.com