ពីនេះ ពីនោះ
តើគេអាចបង្កើត«កូនផ្សារ»នៅលើលូទឹកស្អុយភ្នំពេញ ឬក៏បង្កើតផ្លូវទឹកកាណូតរំដោះចរាចរណ៍បានដែរឬទេ?
× ភ្នំពេញ៖ លូទឹកស្អុយ ជាពិសេស លូទឹកស្អុយបឹងត្របែកដែលភ្ជាប់ពីផ្លូវ២៧១ ទៅកាន់សាលាព្រះយុគន្ធរ(តំបន់ពេទ្យចិនចាស់) ត្រូវបានអ្នកខ្លះលើកជាគំនិតឡើងថា តើគេអាចបង្កើតផ្សាររាត្រី ឬផ្សារតូចតាចនៅពីលើលូទឹកស្អុយនេះបានដែរឬទេ? ប្រសិនបើគេអាចបង្កើតកូនផ្សារនៅលើលូទឹកស្អុយនេះបាន សកម្មភាពសេដ្ឋកិច្ចតូចតាចនៅលើនេះ ក៏អាចបង្កើតការងារ និងជាការទាក់ទាញទេសចរពេលយប់បានផងដែរ ព្រោះលូទឹកស្អុយនេះស្ថិតនៅចំកណ្តាលក្រុងភ្នំពេញ។
ការបង្កើតផ្សារលើតំបន់លូទឹកស្អុយនេះ ក៏អាចអនុញ្ញាតឲ្យអ្នកលក់តូចតាចមួយចំនួនចូលមកលក់នៅតំបន់នេះដោយចៀសវាងការបង្កើតកន្លែងលក់ដូរបែបអនាធិបតេយ្យនៅលើចិញ្ចឹមផ្លូវគ្រប់ទីកន្លែង។ ស្របពេលជាមួយគ្នា សាលារាជធានីភ្នំពេញ ក៏អាចរកចំណូលបានខ្លះពីអាជីវកម្មខាងលើនេះដែរសម្រាប់ការអភិវឌ្ឍក្រុងភ្នំពេញ។
គំនិតមួយទៀតដែលត្រូវបានគេលើកឡើងផងដែរនោះ គឺថា បើមិនបង្កើតផ្សារ តើគេអាចកែប្រែលូទឹកស្អុយឲ្យក្លាយទៅជាផ្លូវទឹកសម្រាប់កាណូតតូចៗក្នុងន័យរំដោះចរាចរណ៍ពីតំបន់សាលាព្រះយុគន្ធមកផ្លូវទំនប់២៧១ដែរឬទេ? គំនិតចុងក្រោយនេះ គឺជាទស្សនវិស័យវែងឆ្ងាយសម្រាប់ដោះស្រាយចរាចរណ៍នៅកណ្តាលរាជធានីភ្នំពេញនាពេលអនាគតដែលស្ថានភាពចរាចរណ៍កាន់តែស្មុគស្មាញឡើងៗ។ តែទោះជាយ៉ាងណាក៏ដោយ មុននឹងបង្កើតសកម្មភាពណាមួយនៅលើលូទឹកស្អុយនេះបាន លុះត្រាតែក្រុមជំនាញធ្វើយ៉ាងដូម្តេចកុំឲ្យទឹកលូនេះធុំក្លិនស្អុយ៕
(លិខិតមិត្តអ្នកអាន) (លោក សួង សុភក្តិ ពលរដ្ឋតំបន់បឹងត្របែក)
© រក្សាសិទ្ធិដោយ thmeythmey.com