កីឡាជាតិ
ជាតិ
សុខផេង រកបានគ្រាប់បាល់ឲ្យក្លិបថ្មី ខណៈមុន្នីឧត្តម និងវឌ្ឍនាកា បង្ហាញខ្លួនឡើងវិញឲ្យក្លិបចាស់ រូបភាពពីហ្វេសប៊ុក CNCC
× ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា, កែវ សុខផេង និងខ្សែបម្រើ ប្រាក់ មុន្នីឧត្តម សុទ្ធតែបានបង្ហាញខ្លួនជាមួយក្លិបរៀងៗខ្លួន សម្រាប់ការប្រកួតបើកឆាកជើងទី២នៃពានរង្វាន់បាល់ទាត់ក្របខណ្ឌខេមបូឌានលីគក្នុងសប្តាហ៍ទី១២។ ប៉ុន្តែក្នុងចំណោមពួកគេ មានតែកែវ សុខផេង ប៉ុណ្ណោះ ដែលបានរកគ្រាប់បាល់ជូនក្លិបសម្រាប់ការបង្ហាញខ្លួនលើកដំបូងនេះ។ បឹងកេតបានបន្តឈរកំពូលតារាង ក្រោយយកឈ្នះអាស៊ីអឺរ៉ុប ៤-០ ខណៈក្រុមព្រះខ័នរាជស្វាយរៀងរបស់ ប្រាក់ មុន្នីឧត្តម ចាញ់ណាហ្គាវើល ៤-០។
កីឡាករឆ្នើម៣រូបរួមមាន កែវ សុខផេង, ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម ដែលបានចុះកិច្ចសន្យាលេងឲ្យក្លិបក្នុងក្របខណ្ឌកំពូលកម្ពុជា ក្រោយចាកចេញពីក្លិបកំពូលម៉ាឡេស៊ី សុទ្ធតែបានបង្ហាញខ្លួនលើទីលានជាមួយក្លិបរៀងៗខ្លួន សម្រាប់ការប្រកួតពានរង្វាន់ក្របខណ្ឌខេមបូឌានលីគសប្តាហ៍ទី១២។ មានតែខ្សែប្រយុទ្ធ កែវ សុខផេង ប៉ុណ្ណោះ ដែលបានសម្រេចគ្រាប់បាល់ជូនក្រុមសម្រាប់ការបង្ហាញខ្លួនលើកដំបូងនេះ ខណៈ វឌ្ឍនាកា និង មុន្នីឧត្តម បានត្រឹមផ្គាប់ចិត្តអ្នកគាំទ្រ ដែលទន្ទឹងរង់ចាំចង់ឃើញការបង្ហាញខ្លួនរបស់ពួកគេតែប៉ុណ្ណោះ។
ក្រុមបឹងកេតបានបន្តឈរកំពូលតារាងបណ្តោះអាសន្នជាមួយ៣០ពិន្ទុ ក្រោយយកឈ្នះក្រុមអាស៊ីអឺរ៉ុបក្នុងលទ្ធផល ៤-០ នាការប្រកួតបើកជើងទី២ពានរង្វាន់លីគកំពូលកម្ពុជាកាលពីល្ងាចថ្ងៃសៅរ៍ទី៣០ មិថុនា នៅពហុកីឡដ្ឋានជាតិ។ ប៉ុន្តែជ័យជម្នះនេះ មិនមានការរួមចំណែកពីខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ដែលដូរចូលជំនួសកីឡាករ ម៉ាត់ យ៉ាមីន នៅនាទីទី៦៣នោះទេ។
ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Julius Oiboh បានរកគ្រាប់បាល់នាំមុខ សម្រាប់បឹងកេតនៅនាទីទី២៦ ក្រោយការបញ្ជូនរបស់មិត្តរួមជាតិ Samuel Gbenga Ajayi។ នៅចុងតង់ទី១ ខ្សែប្រយុទ្ធរូបបានសម្រេច១គ្រាប់បន្ថែម ឲ្យបឹងកេតនៅនាទីទី៤៤។ នៅនាទីទី៥៧ កីឡាករ លី មីហ្សាន បានលើកបាល់យ៉ាងល្អ ឲ្យ Maycon តែតបញ្ជូនទីសម្រេចគ្រាប់ទី៣សម្រាប់បឹងកេត។ បន្ទាប់មកខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ សម្រេចបាន១គ្រាប់បន្ថែមដោយការទាត់បាល់ Free Kick ក្រោយខ្សែការពារធ្វើឲ្យកីឡាករ ចាន់ វឌ្ឍនាកា ដួល ដើម្បីនាំជ័យជម្នះ ៤-០ សម្រាប់បឹងកេត។
សម្រាប់ការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀង ក្រុមព្រះខ័នរាជស្វាយរៀង ដែលមានកីឡាករ ប្រាក់ មុន្នីឧត្តម ស្ថិតក្នុងជម្រើស១១នាក់ដំបូង ត្រូវបានក្រុមភ្ញៀវណាហ្គាវើលលត់ក្នុងលទ្ធផល ៤-០ ដោយគ្រាប់បាល់ជ័យជម្នះរបស់ណាហ្គាវើលមានការរួមចំណែកម្នាក់ពីរគ្រាប់របស់កីឡាករ Bisan George និង Sung Chi-hoon។ ជ័យជម្នះបានជួយឲ្យណាហ្គាវើលបន្តឈរលេខរៀងទី២ជាមួយ២៨ពិន្ទុ។
នៅកីឡដ្ឋានខេត្តសៀមរាប ក្រុមភ្ញៀវភ្នំពេញក្រោនបានយកឈ្នះក្រុមសូលទីឡូអង្គរក្នុងលទ្ធផល ២-១ ដើម្បីបន្តឈរលេខរៀងទី៥មាន២១ពិន្ទុ។ កីឡាករ Valci Junior បានសម្រេចគ្រាប់បាល់នាំមុខសម្រាប់ភ្នំពេញក្រោននៅនាទីទី៦៧ មុនកីឡាករ Debiro Dzarma Bata សម្រេចគ្រាប់បាល់តាមស្មើ ១-១ នៅនាទីទី៨១ ដោយបាល់ពិន័យ១១ម៉ែត្រ។ នៅនាទីបន្ថែមតង់ទី២កីឡាករ យ៉ើ ម៉ូស្លីម សម្រេចគ្រាប់ជ័យជម្នះ ២-១ សម្រាប់ភ្នំពេញក្រោន។
សម្រាប់ការប្រកួតនៅកីឡដ្ឋានអគ្គិសនីកម្ពុជាកាលពីថ្ងៃអាទិត្យទី១ កក្កដា ក្រុមចំណូលថ្មីវិសាខាបានយកឈ្នះម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ៤-០ ដើម្បីបន្តឈរលេខរៀងទី៣ជាមួយ២៦ពិន្ទុ។ ជ័យជម្នះរបស់វិសាខា ពីរគ្រាប់សម្រេចដោយកីឡាកររបស់អគ្គិសនីតាមរយៈការធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករ រី ភារុន និង មូល ដារ៉ាវ័ន្ត នៅនាទីទី៤និង១៨។ ក្រោយមកនៅនាទីទី៣៧ ខ្សែប្រយុទ្ធ កែវ សុខផេង បានសម្រេចគ្រាប់ទី៣ មុនខ្សែប្រយុទ្ធ Cheo Myong-ho សម្រេចគ្រាប់ចុងក្រោយនៅនាទីទី៧៩។
ក្រុមក្រសួងការពារជាតិបានបន្តឈរលេខរៀងទី៤មាន២៤ពិន្ទុ ក្រោយយកឈ្នះអង្គរថាយហ្គឺរក្នុងលទ្ធផល ២-០ នាការប្រកួតនៅកីឡដ្ឋានស្តាតចាស់។ ដោយពីរគ្រាប់នេះ សម្រេចដោយប្រធានក្រុម រ៉ឹង ប៊ុនហៀង នៅនាទីទី៩ និង៨៧។ ចំណែកការប្រកួតនៅកីឡដ្ឋានវេស្ទើនភ្នំពេញ ក្រុមភ្ញៀវអគ្គស្នងការនគរបាលជាតិ បានធ្វើម្ចាស់ផ្ទះវេស្ទើនភ្នំពេញ រងការខកចិត្តជាលើកទី១២ តាមរយៈការយកឈ្នះក្នុងលទ្ធផល ៤-០។ ជ័យជម្នះនេះ សម្រេចបានពីរគ្រាប់ម្នាក់ឯងដោយ នួន បូរី និងរួមចំណែកម្នាក់១គ្រាប់ពីកីឡាករ Kim Dongyoo និង Oladipupo Abidun Michael៕
Tag:
Cambodian League 2018
ចាន់ វឌ្ឍនាកា
ប្រាក់ មុន្នីឧត្តម
កែវ សុខផេង
© រក្សាសិទ្ធិដោយ thmeythmey.com