ជាតិ
សង្គមជាតិ
រកឃើញត្រីរាជដ៏កម្រពីកម្ពុជានៅភោជនីយដ្ឋានដ៏ធំមួយនៅវៀតណាម ត្រីរាជដែលស្ថិតក្នុងបញ្ជីមុខម្ហូបនៅភោជនីយដ្ឋាននៅហាណូយ កាលពីអំឡុងពិធីបុណ្យចូលឆ្នាំសកល។ PHOTOGRAPH BY LE HIEU
× ត្រីរាជដ៏កម្ររបស់កម្ពុជា បានស្ថិតក្នុងបញ្ជីមុខម្ហូបនៅភោជនីយដ្ឋានដ៏ទំនើបមួយក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ នេះបើតាមការផ្សាយរបស់សារព័ត៌មានវិទ្យាសាស្ត្រ National Geographic បានចេញផ្សាយអត្ថបទស៊ើបអង្កេតដ៏វែងមួយ នាថ្ងៃទី២ ខែកក្កដា។
តាមរយៈឃ្លីបវីដេអូមួយ ភោជនីយដ្ឋាន Lang Nghe បានបង្ហាញរូបត្រីរាជ (Giant Mekong Catfish) ដែលទម្ងន់ប្រមាណ១៤០គីឡូក្រាម (៣០០ផោន)។ ប្រភពនានាបានបញ្ជាក់ថា ត្រីដ៏កម្រនេះ ត្រូវបាននេសាទដោយខុសច្បាប់ពីទន្លេសាបកម្ពុជា ហើយបានក្លាយជាបញ្ជីមុខម្ហូបរបស់ Lang Nghe នាអំឡុងនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំសកល២០១៨ ។
លោក Zeb Hogan អ្នករុករកប្រចាំ National Geographic និងជីវវិទូ ប្រចាំសាកលវិទ្យាល័យ Nevada សហរដ្ឋអាមេរិក ទាមទារឲ្យមានចំណាត់ការដើម្បីកុំឲ្យអាជីវកម្មបែបនេះ កាន់តែរីកធំឡើង។ អ្នកជំនាញមច្ឆារូបនេះ ក៏បានបញ្ជាក់ផងដែរថា លោកបានដឹងពីករណីបរិភោគសត្វត្រីកម្រដូចជា ត្រីរាជ និងត្រីគល់រាំងនៅវៀតណាម តាមរយៈមិត្តភក្តិរបស់ខ្លួន។
«ខ្ញុំពិតជាមិនដែលធ្លាប់គិតសោះថា ត្រីដ៏ធំ ដ៏កម្រ និងរងគ្រោះថ្នាក់បំផុតរូបនេះ បែរក្លាយជាចំណីអាហារទៅវិញ»។ លោក Hogan ហួសចិត្ត នឹងទាមទារឲ្យមានវិធានការជាបន្ទាន់ដើម្បីភាពយូរអង្វែងរបស់ពូជសត្វដ៏កម្រ។
ក្រៅពីត្រីរាជ កាសែតវៀតណាម នាពេលកន្លងមក ក៏ធ្លាប់បានចុះផ្សាយជាញឹកញាប់ផងដែរ ករណីយកត្រីគល់រាំង ធ្វើជាម្ហូបអាហារ។ តាមប្រភព ត្រីទាំងនោះ ត្រូវបានដឹកតាមយន្តហោះពីកម្ពុជាទៅវៀតណាម។
បច្ចុប្បន្នត្រីនៅទន្លមេគង្គជាច្រើនប្រភេទក៏ត្រូវទទួលបាននូវការយកចិត្តទុកដាក់ជាពិសេសផងដែរ ដែលក្នុងនោះមានដូចជា ត្រីប៉ាសេអ៊ី ត្រីប្រាកណ្តុរ ត្រីក្រឡង់ (ត្រីព្រួល) និងត្រីកែ (ប្រាកែ) ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com