កីឡាជាតិ
ជាតិ
កម្ពុជាត្រូវការឈ្នះថៃ រសៀលនេះ ដើម្បីបង្កើនឱកាសប្រជែងកៅអីវគ្គបន្តនៃ AFF Women រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា ត្រូវការឈ្នះម្ចាស់ជើងឯក៣ជំនាន់ថៃ នៅថ្ងៃនេះ ដើម្បីបង្កើនឱកាសក្នុងការប្រជែងកៅអីវគ្គបន្តនៃពានរង្វាន់ AFF Women Championship 2018 នៅប្រទេសឥណ្ឌូណេស៊ី។ ពូល A នេះដែរ ក្រុមអូស្ត្រាលីត្រូវប្រជែងជាមួយទីម័រខាងកើតនៅម៉ោង៧យប់ នាកីឡដ្ឋាន Bumi Sriwijaya Stadium ដូចគ្នា។ នាការប្រកួតបើកឆាក កម្ពុជាលត់ទីម័រខាងកើតក្នុងលទ្ធផល ១២-០ តែចាញ់ម៉ាឡេស៊ី ៤-០ នាការប្រកួតលើកទី២។
ក្រោយចាញ់ម៉ាឡេស៊ី ៤-០ ក្នុងជំនួបលើកទី២ពូល A កាលពីថ្ងៃទី២ ខែកក្កដា ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវការឈ្នះក្រុមកីឡាការិនីថៃ ដើម្បីបង្កើនឱកាសក្នុងការប្រជែងកៅអីវគ្គបន្តនៃពានរង្វាន់ AFF Women Championship ប្រចាំឆ្នាំ២០១៨។ តែយ៉ាងណា វាមិនមែនងាយស្រួលក្នុងការយកឈ្នះសម្រាប់កម្ពុជា ដែលទើបចូលរួមជាលើកដំបូងនោះទេ ព្រោះថៃជាក្រុមខ្លាំងពោរពេញដោយបទពិសោធ ដែលធ្លាប់ឈ្នះជើងឯក៣ជំនាន់ប្រចាំព្រឹត្តិការណ៍នេះ។
បើមើលការប្រកួតកន្លងមកក្នុងពូលនេះ ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា បានលត់ក្រុមទ័រខាងកើត ១២-០ ខណៈក្រុមកីឡាការិនីថៃ បានយកឈ្នះក្រុមនេះក្នុងលទ្ធផល ៨-០។ បច្ចុប្បន្នកម្ពុជាឈរកំពូលតារាងមាន៣ពិន្ទុ រីឯថៃ ឈរលេខរៀងទី២មាន៣ពិន្ទុដូចគ្នា។ តែថៃ ទើបតែប្រកួតបាន១លើកតែប៉ុណ្ណោះ ខណៈកម្ពុជាប្រកួត២លើក។
ថៃ ធ្លាប់គ្រងជើងឯកប្រចាំព្រឹត្តិការណ៍នេះ ចំនួន៣លើក(២០១១, ២០១៥ និង ២០១៦), ជើងឯករង១លើក(២០០៧) និងលេខ៣ចំនួន៣លើក(២០០៦, ២០០៨, ២០១២)។
កម្ពុជាត្រូវប្រជែងតទល់ជាមួយថៃ នាការប្រកួតលើកទី៣ពូល A នៃពានរង្វាន់ AFF Women Championship 2018 នៅម៉ោង៤រសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នាកីឡដ្ឋាន Bumi Sriwijaya Stadium ប្រទេសឥណ្ឌូណេស៊ី។ នៅថ្ងៃពុធ នេះដែរ ក្រុមអូស្ត្រាលី ដែលយកឈ្នះម៉ាឡេស៊ី ៧-០ ត្រូវជួបទីម័រខាងកើតនៅម៉ោង៧យប់ នាកីឡដ្ឋាននេះផងដែរ៕
Tag:
បាល់ទាត់នារី
AFF Women
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com