អន្តរជាតិ
វេជ្ជបណ្ឌិត​៖ កុមារ​ថៃ​១២​នាក់ និង​គ្រូ​ពួកគេ នៅមាន​ជីវិត​ដោយសារ​ផឹកទឹក​ពី​ផ្ទាំង​ថ្ម​
04, Jul 2018 , 8:39 pm        
រូបភាព
 ក្រុម​វេជ្ជបណ្ឌិត​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិ​ការរុករក​បាន​និយាយថា​សមាជិក​ក្រុមកីឡា​បាល់ទាត់​យុវជន​ថៃ​ទាំង​១៣​នាក់​ដែល​បាន​បាត់​ខ្លួន​អស់​រយៈពេល ១០​ថ្ងៃ ហើយ​នៅតែ​អាច​រស់រានមានជីវិត​បាន ដោយសារ​ពួកគេ​ស្ថិតនៅក្នុង​ល្អាង​មាន​សំនើម និង​ទឹក​ផឹក​ដែល​សើម​ស្រក់​ពីលើ​ផ្ទាំង​ថ្ម​ក្នុង​រូងភ្នំ​នោះ​។​



​ក្មេងប្រុស​អាយុ​ចន្លោះ​ពី ១១ ទៅ​១៦​ឆ្នាំ​ព្រមទាំង​គ្រូបង្វឹក​បាល់ទាត់​ម្នាក់​អាយុ​២៥​ឆ្នាំ​ដែល​បាត់​ខ្លួន​តាំងពី​ថ្ងៃទី​២៣ ខែមិថុនា ក្នុង​រូងភ្នំ Tham Luang Nang Non ត្រូវបាន​ក្រុម​អ្នក​មុជទឹក​អង់គ្លេស​រកឃើញ​ស្ថិតនៅ​ទីទួល​ដែល​ស្ថិតក្នុង​រូងភ្នំ​នោះ​កាលពី​ថ្ងៃទី​២ ខែកក្កដា ហើយ​ពួកគេ​នៅមាន​សុវត្ថិភាព​ធម្មតា​ដោយ​គ្រាន់តែ​ខ្សោយកំលាំង​ប៉ុណ្ណោះ​។​

​មាន​មនុស្ស​ជាច្រើន​ឆ្ងល់​ថា ហេតុអ្វី​ក្មេង​ទាំង​១៣​នាក់​នោះ​នៅតែ​អាចមាន​ជីវិត​រស់ បើទោះបី​អត់​ចំនីអាហារ និង​ទឹកស្អាត​រហូតដល់​ទៅ​១០​ថ្ងៃ​។​



​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ដូច្នេះ​ថា បើតាម​អ្នកជំនាញ​គ្រូពេទ្យ​ដែលមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​រុករក​នោះ​លើកឡើងថា​ក្មេងៗ​ទាំងនោះ​អាចមាន​ជីវិតរ​ស់បាន​ព្រោះ​ពួក​បាន​ផឹកទឹក​ដែលមាន​ជាតិ​រ៉ែ​ជា​កំណក​ទឹក​ស្រក់​ពី​ផ្ទាំង​ថ្ម​ដែលមាន​រាង​ស្រួចៗ​ដូច​ផ្ទាំង​ទឹក​ក​នៅក្នុង​រូងភ្នំ​ដោយសារ​ភ្លៀង​ពី​ខាងក្រៅ​។ សំណើម​ទឹកជា​ប់​នឹង​ផ្ទាំង​ថ្ម​នោះ ក៏​ជា​បច្ច័យ​ល្អ​ដើម្បី​ទ្រទ្រង់​បរិយាកាស​ដល់ទី​តាំង​ដែល​ក្មេង​ស្ថិតនៅ​ដែរ​។​

​បច្ចុប្បន្ន សមាជិក​ទាហានជើងទឹក​ថៃ ៧​នាក់​ដែលមាន​ជំនាញ​មុជទឹក​រួមទាំង​គ្រូពេទ្យ និង​អ្នក​ព្រឹក្សា​ម្នាក់​កំពុង​ស្ថិតនៅ​ជាមួយ​ជនរងគ្រោះ​ទាំងអស់នោះ​។ ដោយ​ស្ថានភាព​ផ្លូវ​ក្នុង​រូងភ្នំ​ត្រូវ​លិច​ទឹក​អស់​និង​មាន​ចម្ងាយ​ឆ្ងាយ​ពី​មាត់​រូង​ផង​នោះ​ទើប​ធ្វើ​ឲ្យ​ពិបាក​នាំ​ពួកគេ​មុជទឹក​ដើម្បី​ចេញពី​រូងភ្នំ​។ ជារួម គឺ​ចាំបាច់​ត្រូវ​បង្រៀន​ឲ្យ​ពួកគេ​ចេះ​មុជទឹក​ដើម្បី​ហែល​ឆ្លងកាត់​តាមផ្លូវ​ទឹក​ដែលជា​ច្រក​ក្រោម​ដី​ដ៏​ស្មុគស្មាញ និង​ជា​គ្រោះថ្នាក់​ដ៏​ធំ​មួយ​ផងដែរ​៕


Tag:
 ក្មេងប្រុស​បាត់​ខ្លួន​នៅ​ថៃ​
  រូងភ្នំ Tham Laung
© រក្សាសិទ្ធិដោយ thmeythmey.com