ជាតិ
រីករាយដំណើរតាមរថភ្លើង ប៉ោយប៉ែត-ភ្នំពេញ ដោយឥតគិតថ្លៃ រហូតដល់ថ្ងៃទី១ ខែសីហា ផ្លូវរថភ្លើង (រូបភាពបានពីហ្វេសប៊ុកក្រសួងសាធារណៈការ និងដឹកជញ្ជូន)
× ទីបំផុតទៅ ដំណើរតាមផ្លូវរថភ្លើងភាគខាងលិចរវាងព្រំដែនប៉ោយប៉ែត-ភ្នំពេញ ប្រព្រឹតទៅបាន ហើយ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល សម្ពោធឲ្យប្រើប្រាស់កំណាត់ចុងក្រោយជាបណ្តោះអាសន្ន ដែលភ្ជាប់រវាងពោធិ៍សាត់-ភ្នំពេញ ដោយតភ្ជាប់ពីស្ថានីយ៍បាត់ដឹង ខេត្តកំពង់ស្ពឺ លើចម្ងាយ១៦៦គីឡូម៉ែត្រ។
ឆ្លងកាត់ការសម្ពោធតាមដំណាក់កាលនីមួយៗ ផ្លូវដែកភាគលិចដែលតភ្ជាប់រវាងប៉ោយប៉ែត-ភ្នំពេញ បានលេចជារូបរាងផ្លូវការលើប្រវែងសរុបប្រមាណ៣៨៦គីឡូម៉ែត្រ។ កំណាត់ផ្លូវដែកប៉ោយប៉ែត-សិរីសោភ័ណប្រវែងជិត ៤៨គីឡូម៉ែត្របានឲ្យដំណើការជាផ្លូវការនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨។ កំណាត់ផ្លូវដែកសិរីសោភ័ណ-ក្រុងបាត់ដំបងប្រវែង៦៥គីឡូម៉ែត្រ ដាក់ដំណើរការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។ កំណាត់ផ្លូវដែកបាត់ដំបង-ពោធិ៍សាត់ប្រវែង១០៧គីឡូម៉ែត្រ ដាក់ឲ្យដំណើរការនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។ ដោយឡែកកំណាត់ផ្លូវដែកពីពោធិ៍សាត់-ភ្នំពេញ ដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី៤ ខែកក្កដានេះ។
តាមរយៈផ្លូវដែកនេះ ប្រជាពលរដ្ឋទូទាំងប្រទេសអាចធ្វើដំណើរតាមរទះភ្លើងដោយឥតគិតប្រាក់ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។ ចំពោះការស្ដារផ្លូវដែកពីប៉ោយប៉ែត មកដល់បាត់ដឹង ត្រូវចំណាយថវិកា ៧៦,៦ លានដុល្លារអាមេរិក។ ក្នុងនោះ ១៣លានដុល្លារជាជំនួយរបស់ធនាគារអភិវឌ្ឍន៍ជនបទ (ADB) និង ៦៣,៦លានដុល្លារអាមេរិក ជាទឹកប្រាក់របស់រដ្ឋាភិបាល ហើយក៏មានជំនួយជាដែកពីប្រទេសម៉ាឡេស៊ីមួយចំនួនផងដែរ៕
Tag:
ផ្លូវដែក បន្ទាយមានជ័យ
ពោធិ័សាត់
© រក្សាសិទ្ធិដោយ thmeythmey.com