ជាតិ
បាក់ឌុប
ស៊ីសំណូកពេលបាក់ឌុប ប្រឈមបាក់មុខដោយត្រូវឡើងតុលាការ និងបណ្តេញចេញពីក្របខណ្ឌ រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ
× ភ្នំពេញ៖ មិនមានការលើកលែងនោះឡើយចំពោះគណៈមេប្រយោគដែលពុករលួយ ស៊ីសំណូក ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ និងបំពេញវិជ្ជា (បាក់ឌុប)នាពេលខាងមុខ។ ករណីរកឃើញទោសកំហុស គណៈមេប្រយោគទាំងនោះ ត្រូវឡើងតុលាការ ហើយឈានដល់ការបណ្តេញចេញពីក្របខណ្ឌគ្រូបង្រៀនថែមទៀតផងដែរ។
គណៈមេប្រយោគចំនួនជាង៣ម៉ឺននាក់ នឹងត្រូវបំពេញបេសកកម្មនៅទូទាំងប្រទេសសម្រាប់ការប្រឡងបាក់ឌុប នាសម័យប្រឡង ២០ សីហា ២០១៨ ខាងមុខនេះ ដោយជិត១៦០០០នាក់បម្រើការនៅដំណាក់កាលសំណេរ និងជាង១៤០០០បម្រើការនៅដំណាក់កាលកំណែវិញ្ញាសារ។
ថ្លែងនាសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗកន្លងមកនេះ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានព្រមានមន្ត្រីអប់រំទាំងអស់ឲ្យជៀសផុតពីអំពើពុករលួយ ស៊ីសំណូក ពេលប្រឡងក្នុងនាតួនាទីជាគណៈមេប្រយោគ។ លោកលើកឡើងថា ក្រសួងមានបទប្បញ្ញតិ្ត ជាក់លាក់សម្រាប់បុគ្គលិកអប់រំ ប្រសិនមេប្រយោគ អនុញ្ញាតឲ្យបេក្ខជនចម្លងគ្នា ហើយឃើញចម្លងគ្នាមិនចាប់នោះគឺខុសទាំងស្រុង។
សូមស្តាប់សំឡេង៖
បើតាមលោករដ្ឋមន្ត្រី ក្រសួងមានវិធានការរដ្ឋបាលស្រាលកម្រិតទី១ តាមរយៈការស្ដីបន្ទោស ហើយនៅឆ្នាំបន្ទាប់ មិនអាចឲ្យធ្វើមេប្រយោគប្រឡងម្ដងទៀតទេ។ បើចូលករណីធ្ងន់ក្នុងកម្រិតទី២ ដូចជាការជួយដល់បេក្ខជនប្រឡង ដោយបង្កើតជាក្រុមមួយ បានរៀបចំចម្លើយលើប្រធានវិញ្ញាសាហើយចែកទៅអ្នកប្រឡង នឹងត្រូវបានស្ដីបន្ទោសជាលាយលក្ខណ៍អក្សរ ហើយបើទង្វើកាន់តែធ្ងន់ធ្ងរជាងនេះ ពួកគាត់អាចត្រូវឡើងតុលាការ ហើយប្រឈមនឹងការដេញចេញពីក្របខណ្ឌគ្រូបង្រៀនទៀតផង។
នៅឆ្នាំនេះ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា មានចំនួន ១១៧ ,០៦១នាក់ មណ្ឌលប្រឡងចំនួន ១៩៥មណ្ឌល ចែកចេញជា ៤,៧១៦បន្ទប់ នៅរាជធានី-ខេត្ត។ ការប្រកាសលទ្ធផលនៅតាមមណ្ឌលប្រឡងនីមួយៗ គឺនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយចំណែកឯ មណ្ឌលប្រឡងនៅតាមខេត្តផ្សេងៗ នៅថ្ងៃទី១២ ខែកញ្ញា៕
Tag:
អប់រំ
បាក់ឌុប
ហង់ ជួន ណារ៉ុន
គណៈមេប្រយោគ
© រក្សាសិទ្ធិដោយ thmeythmey.com