កីឡាជាតិ
ជាតិ
ណាហ្គា ជួបអគ្គិសនី ព្រះខ័នរាជទទួលប៉ូលិស មុនក្រុមមិនស្គាល់ចាញ់ ប៉ះក្រុមមិនស្គាល់ឈ្នះ វេស្ទើននៅតែព្យាយាមរកជ័យជម្នះលើកដំបូងប្រចាំរដូវកាល។ រូបថត CNCC
× ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ឈានចូលដល់សប្តាហ៍ទី១៣នៅថ្ងៃសៅរ៍នេះ ដោយណាហ្គាវើល ប៉ះអគ្គិសនីកម្ពុជា ព្រះខ័នរាជស្វាយរៀង ទទួលអគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈបឹងកេតជួបវេស្ទើនភ្នំពេញ។
ណាហ្គាវើល ជួប អគ្គិសនីកម្ពុជា ម៉ោង៣រសៀលនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ
ណាហ្គាវើល ស្វែងឱកាសឈរលើកំពូលតារាងឡើងវិញជាបណ្តោះអាសន្ន មុនការប្រកួតរបស់បឹងកេត។ Bisan George រំពឹងរកគ្រាប់បាល់បញ្ចូលទីបន្ថែមទៀតដើម្បីឡើងទៅឈរលើតារាង Top Scorers ដោយបច្ចុប្បន្នគេមាន១៥គ្រាប់ ពោលគឺចាញ់ Befolo Mbarga Privat ១គ្រាប់។
វាជាជំនួបកាន់តែតឹងតែងបន្ថែមទៀតសម្រាប់អគ្គិសនីកម្ពុជា បន្ទាប់ពីពួកគេបានចាញ់វិសាខារហូតដល់ទៅ៤-០ កាលពីសប្តាហ៍មុន។ EDC មិនទាន់រកបានជ័យជម្នះឡើយនាជំនួប៦លើកចុងក្រោយនេះ ពោលបើគិតចាប់តាំងពីពួកគេឈ្នះ វេស្ទើនភ្នំពេញ ២-០ កាលពីថ្ងៃទី២០ ខែឧសភា។
បច្ចុប្បន្នណាហ្គាវើលស្ថិតនៅចំណាត់ថ្នាក់លេខ២ ដោយមាន២៨ពិន្ទុ ខណៈ EDC ត្រាំត្រែងនៅលេខ១១ បាតតារាង ដោយមានតែ៥ពិន្ទុ ពីការប្រកួត១២លើកន្លងមក។ នៅជើងទីមួយ ណាហ្គាវើល បានយកឈ្នះក្នុងលទ្ធផល ៥-១ ឯណោះ។
ព្រះខ័នរាជស្វាយរៀង ជួប អគ្គស្នងការដ្ឋាននគរបាលជាតិ ម៉ោង៦ល្ងាចនៅកីឡដ្ឋានខេត្តស្វាយរៀង
ព្រះខ័នរាជស្វាយរៀង ទទួលភ្ញៀវអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបង្កើតចំណាត់ថ្នាក់នៅលើតារាង។ ស្វាយរៀងស្ថិតក្នុងរដូវកាលដ៏ខកចិត្តមួយ ដោយសមាសភាពសំខាន់ៗជាប់ពិន័យព្រោះតែករណីប្រទូស្តរ៉ាយនៅលើទីលាននាជំនួបជាមួយក្រសួងការពារជាតិ។ កាលពីសប្តាហ៍មុនពួកគេ បានចាញ់ណាហ្គាវើល ៤-០ ខណៈដែលប្រាក់ មុន្នីឧត្តម បង្ហាញវត្តមានឡើងវិញ។
សម្រាប់អគ្គស្នងការដ្ឋាននគរបាលជាតិ ពួកគេបានយកឈ្នះវេស្ទើនភ្នំពេញរហូតដល់ទៅ៤-០ កាលពីសប្តាហ៍មុន បន្ទាប់ពីបានចាញ់ក្រសួងការពារជាតិក្នុងលទ្ធផលដូចគ្នា។ ក្នុងបញ្ជី Top Scorer ក្រៅពីសាន្ត គឹមហេង របស់វិសាខា មានតែខ្សែប្រយុទ្ធ នួន បូរី ប៉ុណ្ណោះ ដែលជាកីឡាករក្នុងស្រុកស្ថិតនៅជួរលើការសម្រេចគ្រាប់បាល់បញ្ចូលទី ដែលមាន៦គ្រាប់។
ព្រះខ័នរាជស្ថិតនៅចំណាត់ថ្នាក់លេខ៨ដោយមាន១៤ពិន្ទុ រីឯអគ្គស្នងការដ្ឋាននគរបាលជាតិឈរនៅលេខរៀងទី៦ ដោយមាន២០ពិន្ទុ។ កាលពីជើងទីមួយ ក្រុមទាំងពីរបានបញ្ចប់ការប្រកួតដោយមិនមានការស៊ុតបាល់បញ្ចូលទី។
បឹងកេត ជួប វេស្ទើនភ្នំពេញ ម៉ោង៦នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ជំនួបរវាងក្រុមកំពូលតារាង និងក្រុមបាតតារាង ដូច្នេះ បឹងកេតច្បាស់ជាមិនធ្វេសប្រហែសនោះឡើយដើម្បីរក្សាការនាំមុខណាហ្គាវើល។ បឹងកេតដែលមានវត្តមានរបស់ ចាន់ វឌ្ឍនាកា ឡើងវិញនោះ ជាក្រុមមិនទាន់ស្គាល់បរាជ័យនោះឡើយនាការប្រកួត១២លើកកន្លងមក ដោយឈ្នះ៩លើក និងស្មើ៣លើក។ លើកចុងក្រោយ ពួកគេបានយកឈ្នះ អាស៊ីអឺរ៉ុប ៤-០ ។
ផ្ទុយទៅវិញ វេស្ទើនភ្នំពេញ ជាក្រុមដែលចាញ់រហូត។ ១២ប្រកួតកន្លងមក ពួកគេស៊ុតបាល់បញ្ចូលទីតែ៤គ្រាប់ប៉ុណ្ណោះ ហើយធ្លាយមកវិញរហូតដល់ទៅ៥៧គ្រាប់ឯណោះ។
បឹងកេតឈរលើកំពូលតារាងដោយមាន៣០ពិន្ទុ ខណៈវេស្ទើនមិនទាន់មានពិន្ទុរាប់នោះឡើយ។ នៅជើងទីមួយ បឹងកេតឈ្នះ ៣-១៕
Tag:
Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com