កីឡាជាតិ
ជាតិ
ទូតកូរ៉េខាងត្បូងផ្តល់សម្ភារកីឡាមានតម្លៃប្រមាណ៥ពាន់ដុល្លារ ដល់សហព័ន្ធចំបាប់កម្ពុជា លោក អូ ណាក់យ៉ុង (ឆ្វេងទី២)ប្រគល់សម្ភារកីឡាចំបាប់ជូនលោក វ៉ាត់ ចំរើន (ស្តាំទី៣)នៅទីស្នាក់ការ NOCC
× ស្ថានទូតកូរ៉េខាងត្បូង បានផ្តល់សម្ភារកីឡាចំបាប់ ដែលមានតម្លៃប្រមាណជា៥ពាន់ដុល្លារអាមេរិក ជូនសហព័ន្ធកីឡាចំបាប់កម្ពុជា។ ឯកអគ្គរដ្ឋទូតសាធារដ្ឋកូរ៉េលោក អូ ណាក់យ៉ុង ទន្ទឹមនឹងសសើរពីស្នាដៃល្អ ដែលសម្រេចបានកន្លងមក លោករំពឹងថា តាមរយៈភាពជាដៃគូនេះ នឹងជួយឲ្យកីឡាចំបាប់ទទួលបានជោគជ័យបន្ថែមទៀត ពិសេសធ្វើឲ្យទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែល្អប្រសើរ។
លោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានយកសម្ភារកីឡាចំបាប់រួមមានឯកសណ្ឋាន និងស្បែកជើងប្រគល់ជូនសហព័ន្ធកីឡាចំបាប់កម្ពុជា សម្រាប់ទទ្រង់ការហ្វឹកហាត់របស់ក្រុមកីឡាករចំបាប់ជម្រើសជាតិ។ ឯកអគ្គរដ្ឋទូតរូបនេះ បានបញ្ចាក់ថា សម្ភារកីឡា ដែលមានតម្លៃប្រមាណ៥ពាន់ដុល្លារនេះ ជាការផ្តល់របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េ តាមរយៈកម្មវិធីភាពជាដៃគូលើវិស័យកីឡា។
ទន្ទឹមនឹងលើកសរសើរពីស្នាដៃល្អៗ ដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្រោមការបង្វឹករបស់ លោក គីម ស៊ូគីល គ្រូបង្វឹកកីឡាចំបាប់ជនជាតិកូរ៉េ លោក ណាក់យ៉ុង រំពឹងថា កីឡាចំបាប់នឹងទទួលបានជោគជ័យថ្មី សម្រាប់ការប្រកួតកីឡាអាស៊ី ដែលរៀបចំនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីនាអំឡុងខែសីហា ខាងមុខនេះ។ សម្រាប់ការប្រកួតកីឡាអាស៊ីនៅប្រទេសចិន កាលពីឆ្នាំ២០១៤ ចំបាប់ដណ្តើមបានមេដាយមាស២ ប្រាក់៣។
តាមរយៈភាពជាដៃគូនេះ ឯកអគ្គរដ្ឋទូតខាងលើសង្ឃឹមថា នឹងជួយពង្រឹង និងជំរុញទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែរឹងមាំ និងជិតស្និទ្ធថែមមួយកម្រិតទៀត។ នាពិធីប្រគល់និងទទួលសម្ភារ ដែលរៀបចំនៅទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃ៤ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានលោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា៕
Tag:
ចំបាប់
វ៉ាត់ ចំរើន
អូ ណាក់យ៉ុង
ទូតកូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com