ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
លោក ភារៈ រំពឹងរកចំណូលបានដល់១២ម៉ឺនដុល្លារពីដំណាំទុរេនក្នុងឆ្នាំនេះ
× កោះកុង៖ ដំណាំទុរេនចំនួន៨០០ដើម ដែលមាន៧ប្រភេទពូជផ្សេងគ្នា ត្រូវបានលោក ឆម ភារៈ ដាំដុះនៅលើដីចម្ការរបស់ខ្លួនជាង១១ហិកតា ស្ថិតក្នុងឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។ ទុរេនចំនួន៨០០ដើម កំពុងតែហុចផល ឲ្យកសិករភារៈរាល់ថ្ងៃផងដែរ។ ដោយសារឆ្នាំនេះ ទិន្ឋផលទុរេនកើនជាងឆ្នាំមុន លោក ឆម ភារៈ រំពឹងថាខ្លួនអាចរកចំណូលបានដល់ ១២ម៉ឺនដុល្លារឯណោះ។
ដើម្បីជ្រាបច្បាស់ សូមទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកកាសែតនៃសារព័ត៌មានថ្មីៗ ជាមួយលោក ឆម ភារៈ ម្ចាស់ចម្ការ ទុរេនក្នុងស្រុកថ្មបាំង ខេត្តកោះកុងដូចតទៅ៖
តាមលោក ឆម ភារៈ មូលហេតុដែលទិន្នផលទុរេនក្នុងចម្ការរបស់គាត់ កើនពីមួយឆ្នាំ ទៅមួយឆ្នាំ ព្រោះការថែទាំបានត្រឹមត្រូវ ខណៈដើមទុរេនកាន់តែធំ មានផ្លែកាន់តែច្រើនដែរ ហើយដើមខ្លះ អាចផ្តល់ចំណូលដល់១០០០ដុល្លារផងក៏មាន។ ម្ចាស់ចម្ការទុរេនដដែល អះអាងទៀតថា គាត់ដាំទុរេនតាមធម្មជាតិ ដែលប្រើជីលាមកសត្វ និងជីកំប៉ុសប៉ុណ្ណោះ។ លោក ឆម ភារៈ បានលើកឡើងថា៖«នៅឆ្នាំមុនៗ រកចំណូលបានត្រឹម ១ម៉ឺន ទៅ២ម៉ឺនដុល្លារ ប៉ុណ្ណោះ ដោយសារតែចាប់ផ្ដើមផ្លែដំបូង។ ប៉ុន្តែឆ្នាំនេះ ខ្ញុំសង្ឃឹមថា បានចំណូល១២ម៉ឺនដុល្លារ ដោយសារផ្លែទុរេនកើនឡើងជាងឆ្នាំមុន។ ដើមខ្លះ មានផ្លែរហូតដល់២០០ផ្លែឯណោះ»។
បានចំណូលមែន ប៉ុន្តែការចំណាយក៏ច្រើនដែរ ដូចជាការចំណាយលើកម្មករ,ការកាត់ស្មៅ និងជីជាដើម។ រីឯការថែទាំវិញ គឺចាប់តាំងពីពេលចេញផ្កា រហូតដល់ផ្លែធំ ហើយការប្រើប្រាស់ទឹក ក៏ត្រូវប្រើឲ្យត្រូវស្ដង់ដាដែរ។ លោក ភារៈ អះអាងដូច្នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com