ជាតិ
បោះឆ្នោត
សង្គ្រោះជាតិជាអាយ៉ង? សមាជិកបក្សឆ្លើយទៅលោក ពេជ្រ ស្រស់ ថា «មិនមែនទេ» លោក ពេជ្រ ស្រស់ ផ្តល់បទសម្ភាសដល់អ្នកកាសែត ពេលដង្ហែក្បួនឃោសនារកសំឡេងឆ្នោត
× ខណៈកំពុងដឹកនាំសមាជិក-សមាជិកា និងអ្នកគាំទ្រ ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅតាមដងផ្លូវ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក៏ត្រូវបានលោក សាន្ត ប៊ុនធឿន ចាងហ្វាងកាសែតស្នេហាជាតិ រួមទាំងអ្នកកាសែតផ្សេងទៀត ស្កាត់សួរពីគោលនយោបាយ។
ក្រៅពីសួរគោលនយោបាយ លោក សាន្ត ប៊ុនធឿន ក៏ចង់ឲ្យលោក ពេជ្រ ស្រស់ បញ្ជាក់ថា គណបក្សរបស់លោក ជាអាយ៉ងរបស់គណបក្សកាន់អំណាច ដូចមជ្ឈដ្ឋានមួយចំនួន ចោទប្រកាន់ ឬមិនមែនទេ។
«មានបងប្អូនខ្លះថាលោក ជាអាយ៉ងរបស់គណបក្សកាន់អំណាច»។ លោក សាន្ត ប៊ុនធឿន និយាយបែបនេះ ទៅកាន់លោក ពេជ្រ ស្រស់ ហើយក៏ចាប់ផ្តើមសួរបែបនេះថា៖«តើគណបក្សរបស់លោក ជាគណបក្សអាយ៉ងរបស់គណបក្សកាន់អំណាច ដែរទេ?»។
ឮសំណួរហើយ លោក ពេជ្រ ស្រស់ ដែលគេនៅចាំថាជាអ្នកជំរុញឲ្យក្រសួងមហាផ្ទៃ ប្តឹងរំលាយគណបក្សសង្គ្រោះជាតិ មិនទាន់ឆ្លើយឲ្យចំភ្លាមៗនោះទេ ដោយលោក បែរទៅនិយាយពីលោក សម រង្ស៊ី ជាមុនសិន។ លោក លើកឡើងថា ពាក្យអាយ៉ង គឺកើតចេញពីលោក សម រង្ស៊ី តាំងពីទសវត្សរ៍៩៨ មកម្ល៉េះ។ លោក បន្តថា ពាក្យអាយ៉ាងនេះ បានធ្វើឲ្យប្រជាពលរដ្ឋ ដែលដើរតាម សម រង្ស៊ី ចាំក្នុងខ្លួនតែម្តង។
ប្រធានគណបក្សយុវជនកម្ពុជា បន្ថែមថា លោក សម រង្ស៊ី ក៏ធ្លាប់ចោទលោក កឹម សុខា និងគណបក្សសិទ្ធិមនុស្ស ថាជាអាយ៉ងរបស់អ្នកដទៃដែរ តែចុងក្រោយលោក សម រង្ស៊ី និង កឹម សុខា បែរជាចាប់ដៃគ្នាទៅវិញ។ និយាយចប់ត្រង់កន្លែងនេះ លោក ពេជ្រ ស្រស់ ក៏បែរមុខទៅក្រោយ ហើយស្រែកសួរខ្លាំងៗទៅកាន់សមាជិក-សមាជិកា និងអ្នកគាំទ្រ យ៉ាងដូច្នេះថា៖«អ៊ីចឹងគណបក្សសង្គ្រោះជាតិ ជាអាយ៉ងទេ បងប្អូន?»។
លោក ពេជ្រ ស្រស់ ហាក់សង្ឃឹមថា សមាជិក-សមាជិកា និងអ្នកគាំទ្រ នឹងស្របតាមខ្លួន ដែលថាគណបក្សសង្គ្រោះជាតិ ជាអាយ៉ងរបស់គេ។ ខុសពីការរំពឹងទុក មន្ត្រីនិងអ្នកគាំទ្ររបស់លោក បែរជាស្រែកត្រឡប់មកវិញថា៖«អត់ [អាយ៉ង] ទេ»។
លោក ពេជ្រ ស្រស់ ព្យាយាមសួរម្តងទៀតថា៖«[គណបក្សសង្គ្រោះជាតិ] អាយ៉ងឬអត់?»។ ពួកគេ នៅតែឆ្លើយអវិជ្ជមានដដែលថា «អត់»។ ពេលទទួលបានចម្លើយខុសពីបំណងចំនួនពីរលើក លោក ពេជ្រ ស្រស់ ក៏ឈប់សួរ ហើយក៏ឆ្លើយខ្លួនឯងថា៖«ហេ ! អត់ [អាយ៉ង] យ៉ាងម៉េច អាយ៉ងពេញទំហឹងតែម្តង»។ រំពេចនោះ សមាជិក-សមាជិកា និងអ្នកគាំទ្ររបស់លោក ផ្ទុះសំណើចឡើងទាំងអស់គ្នា។
សំឡេងលោក ពេជ្រ ស្រស់ ដែលឆ្លើយនឹងសំណួររបស់លោក សាន្ត ប៊ុនធឿន៖
បន្តិចមក លោក ពេជ្រ ស្រស់ ក៏រិះគន់លោក សម រង្ស៊ី និងបក្សពួក ដែលពីមុនចោទលោក កឹម សុខា ថាជាអាយ៉ង ហើយឥឡូវ មកចោទគណបក្សរបស់លោក រួមទាំងគណបក្សដទៃទៀត ថាជាអាយ៉ងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក បានលើកហេតុផលជាច្រើន ដើម្បីបញ្ជាក់ថា គណបក្សរបស់លោក មិនមែនជាអាយ៉ងនោះទេ។
ប្រធានគណបក្សយុវជនកម្ពុជា លើកអំណះអំណាងយ៉ាងដូច្នេះថា៖«អាយ៉ងឬមិនអាយ៉ង សូមបងប្អូនមើលសកម្មភាព។ ក្នុងចំណោមគណបក្សទាំង១៩ តើមានគណបក្សណាមួយ ហ៊ានតតាំង ហ៊ាននិយាយការពិត ជាមួយគណបក្សកាន់អំណាច ដូចជា រឿងសាំង រឿងព្រំដែន និងរឿងអន្តោប្រវេសន៍។ គណបក្សយុជនកម្ពុជា ប្តេជ្ញាយ៉ាងមុះមុត ដើម្បីសម្អាតអ្នកខុសច្បាប់ រហូតធ្វើឲ្យលោក ហ៊ុន សែន ក្តៅស្លឹកត្រចៀកជាមួយគណបក្សយុវជនកម្ពុជា»។ ក្រោយផ្តល់បទសម្ភាសរួច លោក ពេជ្រ ស្រស់ ក៏បន្តដង្ហែក្បួនឃោសនាទៅមុខទៀត។
ទោះជាលោក ពេជ្រ ស្រស់ រួមទាំងប្រធានគណបក្សដទៃ ប្រឹងការពារខ្លួនថា មិនមែនជាអាយ៉ងរបស់គណបក្សកាន់អំណាចក៏ដោយ ក៏លោក សម រង្ស៊ី និងអតីតក្រុមអ្នកប្រឆាំង នៅតែចំអកឲ្យពួកគេដដែល។ លោក សម រង្ស៊ី បន្តហៅគណបក្សទាំង១៩ ដែលយល់ព្រមចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា ថាជាគណបក្សអំពិលអំពែក។
អតីតប្រធានគណបក្សប្រឆាំង ចាត់ទុកការសម្រេចចិត្តរបស់គណបក្សទាំងនោះ ដែលចូលរួមក្នុងការបោះឆ្នោត ថាគ្រាន់តែជាការបង្គ្រប់កិច្ច ឲ្យគណបក្សប្រជាជនកម្ពុជា បានបន្តកាន់អំណាចប៉ុណ្ណោះ៕
Tag:
បោះឆ្នោត
ពេជ្រ ស្រស់
សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com