ជាតិ
បោះឆ្នោត
នយោបាយជាតិ
លោក ស សុខា រិះគន់សមត្ថកិច្ច ដែលយកសម្បត្តិរដ្ឋហែបក្ស
× លោក ស សុខា បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានបញ្ចេញមតិរិះគន់សមត្ថកិច្ចដែលយករថយន្តរដ្ឋ ធ្វើជាមធ្យោបាយដើម្បីឃោសនារកសំឡេងឆ្នោត។ លោក ស សុខា ដែលជាកូនប្រុសរបស់សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផងដែរនោះ តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន បានភ្ជាប់រូបថតបីសន្លឹករបស់មន្ត្រីនគរបាល និងកងយោធពលខេមរភូមិន្ទ ដែលមាន Logo គណបក្សប្រជាជនកម្ពុជា។
អ្នកនយោបាយវ័យ៣៦ឆ្នាំរូបនេះ បានសម្តែងការហួសចិត្តចំពោះមន្ត្រីមួយចំនួនដែលមិនស្តាប់ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល ទាក់ទងនឹងការប្រើប្រាស់មធ្យោបាយនៃការឃោសនា ហើយលោកបានអំពាវនាវឲ្យសមត្ថកិច្ចពិចារណាលើករណីទាំងនេះ។
លោកបានសរសេរយ៉ាងដូច្នេះថា៖ «ក្នុងនាមពលរដ្ឋខ្មែរ ១រូប ខ្ញុំសូមរិះគន់ចំពោះមន្ត្រីសមត្ថកិច្ចមួយ ចំនួនតូច ដែលបានយករថយន្តរដ្ឋ ធ្វើជាមធ្យោបាយ ដើម្បីឃោសនារកសំលេងឆ្នោត ។ ខ្ញុំស្ទើរតែមិនចង់ជឿថា បងប្អូនសមត្ថកិច្ចចំនួនតូច នៅតែមិនដឹងថា អ្វីទៅជាទ្រព្យសម្បត្តិរដ្ឋ ? និងអ្វីទៅជាទ្រព្យសម្បត្តិឯកជន ? ហើយពេលណាគួរប្រើរថយន្តបែបណា? យើងដឹងហើយថា ប្រមុខរាជរដ្ឋាភិបាល លោកបានប្រកាសច្បាស់ៗ គឺមិនឲ្យប្រើប្រាស់រថយន្តរដ្ឋ នគរបាល ខេមរភូមិន្ទ និងទ្រព្យសម្បត្តិរដ្ឋ សំរាប់ជាមធ្យោយឃោសនាឡើយ។ សូមបងៗកងកំលាំង និងសមត្ថកិច្ចមួយចំនួនតូច មេត្តាពិចារណាអំពីរឿងនេះផង»៕
© រក្សាសិទ្ធិដោយ thmeythmey.com