កីឡាជាតិ
ជាតិ
AFF U19៖ ជំនួបបង្គ្រប់កិច្ចសម្រាប់កម្ពុជា តែសំខាន់សម្រាប់ទីម័រខាងកើតនៅរសៀលនេះ រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា ត្រូវតទល់ជាមួយទីម័រខាងកើត សម្រាប់ជំនួបចុងក្រោយពានរង្វាន់ AFF U19 Championship ប្រចាំឆ្នាំ២០១៨នៅប្រទេសឥណ្ឌូណេស៊ី។ ការប្រកួត ដែលប្រព្រឹត្តទៅម៉ោង៣:៣០នាទីរសៀល នៅកីឡដ្ឋាន Gelora Joko Samudro Stadium វាជាជំនួបបង្គ្រប់កិច្ចសម្រាប់កម្ពុជា ខណៈទីម័រខាងកើតត្រូវការឈ្នះជាចាំបាច់។ ជាមួយគ្នានេះ U19 ម៉ាឡេស៊ី ត្រូវប្រជែងដណ្តើមកំពូលតារាងពូល B ជាមួយមីយ៉ាន់ម៉ា នៅម៉ោង៧យប់។
ទោះបីអស់ឱកាសឡើងទៅវគ្គបន្តនៃពានរង្វាន់ AFF U19 Championship ប្រចាំឆ្នាំ២០១៨ ក៏ដោយ តែក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា ត្រូវការឈ្នះក្រុមទីម័រខាងកើតក្នុងជំនួបបង្គ្រប់កិច្ចថ្ងៃនេះ ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ ក្រោយពួកគេធ្វើឲ្យខកចិត្តពីរប្រកួតជាប់គ្នាកន្លងមកនេះ។ ទោះបីវាជាជំនួបបង្គ្រប់កិច្ច តែនឹងក្លាយជាជំនួបដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រ ព្រោះទីម័រខាងកើតត្រូវការឈ្នះកម្ពុជាដាច់ខាត ដើម្បីប្រជែងដណ្តើមកៅអីទៅវគ្គបន្ត។
ការប្រកួតដែលប្រព្រឹត្តទៅម៉ោង៣:៣០នាទីរសៀលនៅកីឡដ្ឋាន Gelora Joko Samudro Stadium វាជាជំនួបលើកទី៣រវាងក្រុមពីរ ដោយលទ្ធផលកន្លងមក កម្ពុជាចាញ់១លើកនិងស្មើ១លើក។ នាការប្រកួតឆ្នាំ២០១៣ នៅប្រទេសឥណ្ឌូណេស៊ី កម្ពុជាបានចាញ់ទីម័រខាងកើតក្នុងលទ្ធផល ៣-១ មុនក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅឆ្នាំ២០១៧ លើទឹកដីមីយ៉ាន់ម៉ា។
ករណីកម្ពុជាឈ្នះក្នុងការប្រកួតនេះ ក្រុមទីម័រខាងកើតនឹងធ្លាក់ចេញពីពានរង្វាន់ AFF U19 Championship 2018 ដោយស្វ័យប្រវត្តិ។ តែបើទីម័រខាងកើតជាអ្នកឈ្នះវិញ ក្រុមនេះអាចមានឱកាសច្រើនក្នុងការឈានទៅវគ្គបន្ត ជាពិសេសជំរុញឲ្យក្រុមម៉ាឡេស៊ីនិងមីយ៉ាន់ម៉ា ត្រូវប្រជែងដណ្តើមជ័យជម្នះគ្នា ពេលពួកគេជួបគ្នាម៉ោង៧យប់នៅកីឡដ្ឋាន Gelora Joko Samudro Stadium។
បច្ចុប្បន្នទីម័រខាងកើតឈរលេខរៀងទី៣មាន៥ពិន្ទុ រីឯក្រុមមីយ៉ាន់ម៉ា និងម៉ាឡេស៊ីឈរកំពូលតារាងនិងលេខ២ជាបន្តបន្ទាប់មាន៧ពិន្ទុដូចគ្នា៕
Tag:
បាល់ទាត់
AFF U19
U19 កម្ពុជា
ទីម័រខាងកើត
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com