កីឡាជាតិ
ជាតិ
ម៉ារ៉ាតុនចក្រភពខ្មែរ៖ អ្នកចូលរួមរត់ជនជាតិចិន ជប៉ុន និងសិង្ហបុរី មានចំនួនច្រើន ជនជាតិចិនចូលរួមរត់ក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុនចក្រភពខ្មែរកាលពីឆ្នាំ២០១៧
× អត្តពលិកជាតិនិងអន្តរជាតិជាង១ពាន់នាក់ មកពី៤០ប្រទេស បានចុះឈ្មោះចូលរួមក្នុងទិវារត់ប្រណាំងម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរ ដែលប្រព្រឹត្តទៅនៅបរិវេណរមណីយដ្ឋានអង្គរខេត្តសៀមរាប នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨។ ភាគច្រើននៃអ្នកចុះឈ្មោះ ជាជនជាតិបរទេស ខណៈកម្ពុជាមានចំនួនតិចតួចនៅឡើយ។ ជាមួយក្តីរំពឹងកើនឡើង១៥ភាគរយ គណៈកម្មការរៀបចំ ស្នើឲ្យអ្នកចូលរួមរួសរាន់មកចុះឈ្មោះ ដើម្បីងាយស្រួលក្នុងការរៀបចំសម្ភារ ដែលផ្គត់ផ្គង់ឲ្យការរត់។ ទិវារត់ប្រណាំងនេះ ធ្វើឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកកាន់ខេត្តសៀមរាប និងប្រមូលថវិកាសប្បុរសធម៌ជូនមន្ទីរពេទ្យ និងអង្គការនានា។
ទិវារត់ប្រណាំងម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរ ទទួលបានអ្នកចុះឈ្មោះចូលរួមប្រមាណ១,៣០០នាក់ហើយ គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។ អត្តពលិកទាំងនេះមកពី៤០ប្រទេស ដែលភាគច្រើនមកពីប្រទេសក្នុងតំបន់អាស៊ី ដោយចិនឈរលំដាប់លេខ១ ជប៉ុនលេខ២ និងសិង្ហបុរីលេខ៣ ខណៈកម្ពុជាហាក់នៅមានចំនួនតិចតួចនៅឡើយ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។
«មកទល់ពេលនេះយើងទទួលបានបរទេសជាង១ពាន់នាក់ហើយ។ ខ្មែរយើងទាល់តែនៅពីរសប្តាហ៍ឬកៀកថ្ងៃប្រកួតទើបមកចុះឈ្មោះ នេះជាទម្លាប់ខ្មែរយើងទាល់តែទឹកដល់ច្រមុះទើបមក។ ក្នុងចំណោមបរទេសជាង១ពាន់នាក់ ភាគច្រើនមកពីតំបន់អាស៊ី ដោយសារខែសីហា អាស៊ីមានពេលវេលាទំនេរច្រើន។ តែបើខែធ្នូ គឺអឺរ៉ុបឈរលេខ១»។ ការបន្ថែមរបស់លោក វ៉ាត់ ចំរើន។
ពាក់ព័ន្ធនឹងគោលបំណងនៃព្រឹត្តិការណ៍នេះ គឺរៀបចំឡើង ដើម្បីប្រមូលថវិកាសប្បុរសធម៌ជួយមន្ទីរពេទ្រគន្ធបុប្ផា និងអង្គការមនុស្សធម៌នានា ពិសេសទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនារមណីយដ្នានអង្គរ ខេត្តសៀមរាប។ តាមរយៈព្រឹត្តិការណ៍នេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើរំពឹងថា នឹងជួយបង្កើនប្រាក់ចំណូល និងផ្តល់ការងារដល់ប្រជាពលរដ្ឋខេត្តសៀរាបក្នុងរដូវខ្សត់ភ្ញៀវទេសចរឲ្យកាន់តែច្រើន។
លោក វ៉ាត់ ចំរើន បន្ថែមថា ដើម្បីពង្រឹងសន្តិសុខ និងការពារសុវត្ថិភាពជូនអ្នករត់ គណៈកម្មការៀបចំការប្រកួតព្រឹត្តិការណ៍នេះ នឹងដាក់ពង្រាយកងកម្លាំងគ្រប់ទីកន្លែងក្នុងបរិវេណអង្គរ និងតាមគោលដៅនានា។ ការប្រកាសពីការពង្រឹងសន្តិសុខនេះ ត្រូវបានអគ្គលេខាធិការ NOCC រូបនេះអះអាងថា គឺដើម្បីពញ្ចៀសបញ្ហាអសន្តិសុខផ្សេងៗ ដែលធ្លាប់កើតមានកន្លងមក។
គួររំលឹកថា កាលពីកន្លងទៅមានភាពចលាចលមួយកើតឡើង ដោយមានអត្តពលិកជាជនជាតិចិនតៃវ៉ាន់បាននាំគ្នាលើកបង្ហាញទង់ជាតិតៃវ៉ាន់ក្នុងអំឡុងពេលពួកគេកំពុងរត់ក្នុងព្រឹត្តិការណ៍នេះ។ ត្រង់ចំណុចនេះ លោក វ៉ាត់ ចំរើន បានពន្យល់ថា ជាគោលការណ៍ កម្ពុជាមិនអនុញ្ញាតឲ្យប្រទេស ឬរដ្ឋណាមួយលើកទង់ជាតិប្រទេស ដែលមិនមានការទទួលស្គាល់ជាសកលនោះឡើយ។
ក្រៅពីការពង្រាយកងកម្លាំងដើម្បីរក្សាសន្តិសុខ លោក សែម ផល្លា នាយកប្រតិបត្តិរៀបចំព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុន និងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិនៃក្រសួងទេសចរណ៍បាននិយាយថា ស្តង់ពេទ្យចំនួន៣រួមជាមួយឡានសង្គ្រោះ៥គ្រឿង និងស្តង់ទឹកជាច្រើនស្តង់ ត្រូវបានដាក់ពង្រាយផងដែរ ដើម្បីត្រៀមជួយសង្គ្រោះ និងផ្តល់ទឹកដល់អ្នកចូលរួមរត់នៅឆ្នាំនេះ។
នាយកប្រតិបត្តិរូបនេះ បានវាយតម្លៃថា សម្រាប់ការរៀបចំ៤លើកកន្លងមក មិនមានបញ្ហាអសន្តិសុខធ្ងន់ធ្ងរអ្វីកើតឡើងនោះទេ ពោលគឺបានប្រព្រឹត្តទៅយ៉ាងរលូន និងប្រកបដោយភាពជោគជ័យ។ តែយ៉ាងណា លោក បានរំលឹកថា កាលពីកន្លងទៅធ្លាប់មានជនជាតិជប៉ុនម្នាក់ ដែលរត់ចម្ងាយ២១គីឡូម៉ែត្របានសន្លប់៣ថ្ងៃទើបដឹងខ្លួនវិញ។ តែមិនដែលបង្ករហូតមបាត់បង់អាយុជីវិតនោះទេ។
ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ខាងមុខ ក្នុងបរិវេណរមណីយដ្ឋានអង្គរខេត្តសៀមរាប។ កាលពីឆ្នាំ២០១៧ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមចំនួន២,០៩០នាក់ ខណៈឆ្នាំនេះថ្នាក់ដឹកនាំរំពឹងថា នឹងកើនឡើងអ្នកចូលរួមពី១០ទៅ១៥ភាគរយ ស្របពេលការចុះឈ្មោះនៅបន្តរហូតមុន១ថ្ងៃនៃការប្រកួត៕
Tag:
ម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរ
វ៉ាត់ ចំរើន
សែម ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com