អន្តរជាតិ
លោក ត្រាំ ទាមទារឲ្យសមាជិកណាតូបង្កើនការចំណាយយោធាឲ្យដល់៤ភាគរយ រូបភាព AFP
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១១ ខែកក្កដា ធ្វើឲ្យសមាជិកបក្សសម្ព័ន្ធយោធាណាតូផ្សេងទៀតភ្ញាក់ផ្អើលស្ទើរផ្ងារជើង បន្ទាប់ពីលោកស្នើឲ្យពួកគេបង្កើនការចំណាយលើវិស័យយោធាឲ្យបាន៤ភាគរយនៃផលិតផលសរុបក្នុងស្រុក (GDP) ។ សំណើនេះ ពិតជាធ្វើឲ្យសមាជិកណាតូទាំងអស់ស្រឡាំងកាំងខ្លាំង ស្របពេលដែលសមាជិកខ្លះនៅមិនទាន់ធ្វើតាមពាក្យសន្យាបង្កើនការចំណាយ២ ភាគរយតាមការទាមទាររបស់លោក ត្រាំ ផងនោះ។
រឿងរ៉ាវដែលគួរឲ្យបារម្ភ និងត្រូវបានរំពឹងទុកនោះ បានកើតឡើងជាបន្តបន្ទាប់នៅឯជំនួបកំពូលមេដឹកនាំសម្ព័ន្ធយោធាណាតូនៅលើទឹកដីបែលហ្ស៊ិក។ នៅថ្ងៃទី១១ ខែកក្កដា ដែលជាថ្ងៃទីប្រជុំទីមួយ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលកំពុងមិនសប្បាយចិត្តនឹងសមាជិកណាតូព្រោះមិនធ្វើតាមការឯកភាពបង្កើនការចំណាយយោធាឲ្យបាន២ភាគរយនៃ GDP បែរជាស្នើឲ្យសមាជិកដទៃទៀតបង្កើនការចំណាយឲ្យកាន់តែច្រើនលើសមុន។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យសេតវិមាន Sarah Sanders និយាយថា ក្នុងកិច្ចប្រជុំណាតូ លោកប្រធាធិបតី ដូណាល់ ត្រាំ បានស្នើឲ្យសមាជិកណាតូបង្កើនថវិកាលើវិស័យការពារជាតិឲ្យដល់៤ភាគរយ មិនមែនត្រឹម២ភាគរយឡើយ។ ក្នុងន័យថា ការទាមទារនេះមិនមែនជារឿងថ្មី មន្ត្រីអាមេរិករូបនេះបន្ថែមថា លោក ត្រាំ ចង់ឃើញសម្ព័ន្ធមិត្តជួយរែកពន់អម្រែករបស់អាមេរិកឲ្យបាន និងយ៉ាងហោចណាស់ធ្វើតាមកាតព្វកិច្ចរបស់ពួកគេ។
ការសន្យាបង្កើនថវិកាការពារជាតិដល់២ភាគរយនៅត្រឹមឆ្នាំ២០២៤ ត្រូវបានឯកភាពគ្នាតាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ ចាប់តាំងពីពេលនេះមក សមាជិកណាតូនៅអឺរ៉ុប និងកាណាដា បានពង្រីកការចំណាយលើវិស័យការពារជាតិរបស់ខ្លួនរហូតដល់ជិត៩០ពាន់លានដុល្លារចាប់តាំងពីឆ្នាំ២០១៥ មក។ ប៉ុន្តែសមាជិកធំៗរបស់ណាតូដូចជាអាល្លឺម៉ង់ជាដើមនោះ នៅមិនទាន់ធ្វើការព្រមព្រៀងគ្នានៅឡើយទេ។ ដោយសាររឿងនេះ លោក ត្រាំ បានវាយប្រហារសម្ព័ន្ធមិត្តរបស់ខ្លួនឥតឈប់ឈរ។
សំណើភ្លាមៗរបស់ប្រធានាធិបតីអាមេរិក ប្រៀបដូចជាការបាចទឹកអំបិលលើរបួសចាស់ដូច្នោះដែរ ខណៈទំនាក់ទំនងរវាងអាមេរិក ដែលអាចនិយាយបានថា ជាបងធំរបស់ណាតូ ជាមួយនឹងសមាជិកជាង២០ប្រទេសទៀតនោះ កំពុងតែមិនសូវល្អស្រាប់ផង។ ប្រធានាធិបតីប៊ុលហ្គារី Rumen Radev បានលើកជាសំណួរថា ការទាមទាររបស់លោក ត្រាំ នឹងមានន័យដូចម្ដេចសម្រាប់ណាតូដែលជាអង្គការសន្តិសុខដ៏ធំមួយមានអាយុ៧០ឆ្នាំទៅហើយនោះ?
តទៅមុខ សមាជិកណាតូប្រហែលជាក្លាយជាគោលដៅនៃការរិះគន់របស់លោក ត្រាំ ខ្លាំងថែមទៀត បើមិនអាចធ្វើតាមសំណើរបស់លោកទេនោះ។ តាមពិតទៅ ការបង្កើនការចំណាយឡើងដល់៤ភាគរយនៃ GDP គឺជាទំហំមួយដ៏ច្រើនសម្រាប់សមាជិកភាគច្រើនដែលគ្មានលទ្ធភាព ឬមិនមាននយោបាយដំឡើងថវិកាការពារជាតិនោះ។ ប៉ុន្តែសម្រាប់លោក ត្រាំ អាមេរិកទំនងជាលែងអាចទ្រាំទ្រនឹងការចំណាយសន្ធឹកសន្ធាប់សម្រាប់ណាតូតែម្នាក់ឯងទៀតហើយ៕
Tag:
អាមេរិក
ណាតូ
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com