អន្តរជាតិ
ប្រធាន​អាស៊ាន​សិង្ហ​បុរី​ប្រកាស​ផ្តល់ជំនួយ​និង​ការផ្គត់ផ្គង់​នានា​ដល់​ប្រជាជន​ឡាវ​ក្នុង​គ្រាអាសន្ន​
25, Jul 2018 , 12:03 pm        
រូបភាព
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Tsein Loong។ រូបថត AFP
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Tsein Loong។ រូបថត AFP
ដោយ: ថ្មីៗ
​សិង្ហ​បុរី​បានចេញ​សារ​រំលែក​ទុក្ខ​ជូន​ដល់​ប្រជាជន​ឡាវ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ករណី​បាក់​ទំនប់​វា​រី​អគ្គិសនី Xe Pien-Xe Namnoy ។ ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំនេះ​ផង សិង្ហ​បុរី​បានប្រកាស​ត្រៀម​ផ្តល់ជំនួយ និង​ការផ្គត់ផ្គង់​នានា​ដល់​រដ្ឋាភិបាល​ឡាវ​សម្រាប់​ការសង្គ្រោះ​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ដោយសារ​គ្រោះមហន្តរាយ​នេះ ដែរ​។​



​ក្រសួងការបរទេស​សិ​ង្ហ​បុរី​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​អង្គារ​ទី ២៤ ខែកក្កដា​ថា សិង្ហ​បុរី​ត្រៀមខ្លួន​ផ្តល់ជំនួយ និង​ការផ្គត់ផ្គង់​នានា​ដែល​ចាំបាច់​បន្ទាន់​ដើម្បី​ជួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​ឡាវ​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​ករណី​បាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ឡាវ​។

​ដោយឡែក នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង វិញ​បាន​បង្ហោះ​សារ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ដោយ​បង្ហាញ​អារម្មណ៍​សោកស្តាយ​ពេក​ក្រៃ​ចំពោះ​ឧបទ្ទវ​ហេតុដែល​កើតមានឡើង​នៅ​ឡាវ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​និង​ខូចខាត​ធ្ងន់ធ្ងរ​។ ថ្វីបើ​មិនទាន់​ដឹង​ច្បាស់​ថា​ការខូចខាត​មាន​ទំហំ​ប៉ុណ្ណា​ក្តី លោក លី សង្កត់ធ្ងន់ថា ខាង​រដ្ឋាភិបាល​សិង្ហ​បុរី​បាន​ទាក់ទង​ទៅ​រដ្ឋាភិបាល​ឡាវ​រួចហើយ​ដើម្បី​ផ្តល់ជំនួយ​ក្នុង​គ្រាអាសន្ន​នេះហើយ​។



«​យើង​សោកស្តាយ​ណាស់​ដែល​បានដឹង​ពី​ករណី​បាក់​ទំនប់​វា​រី​អគ្គីសនី Xe Pien-Xe Namnoy នៅ​ឡាវ​។ យើង​សូម​ចូល​រំលែក​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នក​ដែល​រង​ផលប៉ះពាល់​ដោយសារ​សោកនាដកម្ម​នេះ​។ យើង​បាន​ទាក់ទង​ភាគី​ឡាវ​ដើម្បី​ផ្តល់ជំនួយ ហើយ​យើង​បាន​ប្រាប់​ឲ្យ​ភាគី​ឡាវ​ដឹងថា​សិង្ហ​បុរី​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ជួយ​តាម​អ្វីដែល​យើង​អាច​ធ្វើបាន​»​។ លោក លី សៀន​ឡុង​បាន​សរសេរ​បែបនេះ​។

​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​លោក វី​វៀន បា​ឡាស​គ្រី​ស្នាន់ (Vivian Balashkrisnan) ក៏​ចេញ​សារ​រំលែក​ទុក្ខ​ចំពោះ​ប្រជាជន​ឡាវ​ដូចគ្នា​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​។ លោក​បាន​អះអាងថា លោក​បាន​ទាក់ទង​ផ្ទាល់​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​ឡាវ​លោក  Saleumxay Kommasith រួចរាល់​ហើយ​ដើម្បី​ផ្តល់ជំនួយ​និង​ការគាំទ្រ​ដល់​ប្រជាជន​ឡាវ​ក្នុងពេល​ប្រឈម​គ្រោះមហន្តរាយ​នេះ​ដូចគ្នា​។​



​ហេតុការណ៍​បាក់​ទំនប់​វា​រី​អគ្គិសនី បានកើត​ឡើង​នៅ​រាត្រី​ថ្ងៃទី​២៣ ខែកក្កដា នៅក្នុង​ខេត្ត Attapeu ។ ទឹក​ចំនួន​៥​ពាន់​លាន​ម៉ែត្រ​គីប ត្រូវបាន​ហូរ​ចេញពី​ទំនប់ ដែល​សម្លាប់​មនុស្ស​ជាច្រើន និង​រាប់រយ​នាក់​ទៀត​នៅ​បន្ត​បាត់​ខ្លួន​នៅឡើយ​។ គម្រោង​វា​រី​អគ្គិសនី​ដែលមាន​សមត្ថភាព ៤១០​មេ​ហ្គា​វ៉ា​ត់​នេះ ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ថៃ កូរ៉េខាងត្បូង និង​ឡាវ ហើយ​គ្រោង​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ឆ្នាំ​២០១៩ ។​

​ក្រោយ​ឧបទ្ទវហេតុ​កើតមានឡើង អាជ្ញាធរ​ថ្នាក់មូលដ្ឋាន​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ចេញ​ចំណាត់ការ​ផ្តល់ជំនួយ​ស​ម្រា​ប់​គ្រាអាសន្ន​មាន​សម្លៀកបំពាក់ ចំណីអាហារ ទឹក និង​ថ្នាំសង្កូវ​ផងដែរ​។ គណៈកម្មការ​ជាតិ​ឡាវ​ទទួលបន្ទុក​ការពារ​និង​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ជួបពិភាក្សា​គ្នា​បន្ទាន់ និង​ដាក់ចេញ​វិធានការ​ចាំបាច់​ក៏ដូចជា​កញ្ចប់​មូលនិធិ​ដើម្បី​ឆ្លើយតប​នឹង​ត​ម្រូ​រ​ការជាក់ស្តែង​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​។ នាយករដ្ឋមន្ត្រី​ឡាវ​លោក Thongloun Sisoulith បានសម្រេច​ពន្យារពេល​ប្រជុំ​គណៈរដ្ឋមន្ត្រី ហើយ​ធ្វើដំណើរ​ទៅកាន់​តំបន់​ដែល​រងគ្រោះ​ដើម្បី​តាមដាន​ស្ថានការណ៍ និង​ត្រួត​ពិនិត្យមើល​ការអន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ផង​៕


Tag:
 ឡាវ​
  សិង្ហ​បុរី​
 ​អាស៊ាន​
  Xe Pien-Xe Namnoy
© រក្សាសិទ្ធិដោយ thmeythmey.com