អន្តរជាតិ
លោក ស៊ី ជិន​ភីង អំពាវនាវ​ឲ្យ​មហាអំណាច​សេដ្ឋកិច្ច​ថ្មី BRICS បន្ត​បើកចំហ​សេដ្ឋកិច្ច និង​គាំទ្រ​ប្រទេស​ក្រីក្រ​
26, Jul 2018 , 9:39 pm        
រូបភាព
​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ថ្មី​សមាជិក ក្រុម BRICS បន្ត​បើកចំហ​សេដ្ឋកិច្ច​, ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​គាំទ្រ​ប្រទេស​ក្រីក្រ​ឲ្យ​អភិវឌ្ឍ​រហ័ស​។ មេដឹកនាំ​ចិន​លើកឡើង​បែបនេះ ស្រប​ពេលដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​កំពុង​បន្ត​ឆាបឆេះ​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ព្រួយបារម្ភ​ខ្លាំង​ដែរ​។​



​នា​វេទិកា​ជំនួប​កំពូល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ជាន់​ថ្មី BRICS នៅ​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាងត្បូង សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ពិភពលោក​ជាពិសេស​រវាង​អាមេរិក និង​ចិន​គ្រប់​ដណ្តប់​វេទិកា​ទាំងមូល​។ ប្រធានាធិបតី​លោក ស៊ី ជិន​ភីង បាន​ទទូច​ឲ្យ​ប្រទេស​ជា​មិត្ត​ជាពិសេស​សមាជិក BRICS ចៀស​ឲ្យ​ផុតពី​សង្គ្រាម​ដែល​គ្មាន​អ្នកឈ្នះ​នេះដែរ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua  លោក ស៊ី ជិន​ភីង បាន​អះអាងថា​៖«​សង្គ្រាម​ពាណិជ្ជកម្ម​មិនល្អ​ឡើយ ព្រោះ​គ្មាន​អ្នកណា​ឈ្នះ​ទេ​។ ពង្រឹង​អនុត្តរភាព​សេដ្ឋកិច្ច​តែម្នាក់ឯង​គឺ​រឹតតែ​គ្រោះថ្នាក់ ព្រោះ​វា​នឹងធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រយោជន៍​រួម​របស់​សហគមន៍​អន្តរជាតិ​។ អ្នក​ដែល​បន្តធ្វើ​សកម្មភាព​ទាំងនេះ​ត្រឹមតែ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ខ្លួន​ប៉ុណ្ណោះ​ពេល​ចុងក្រោយ​»​។​

​តាមពិតទៅ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ផ្ទុះ​ឡើងជា​ផ្លូវការ​កាលពីដើម​ខែកក្កដា​កន្លងមកនេះ​។ សមរភូមិ​នេះ​ចាប់ផ្តើម​ដោយ​ការដំឡើង​ពន្ធ ២៥ ភាគរយ​ជំហាន​ដំបូង​របស់​អាមេរិក​ប្រឆាំង​ទំនិញ​ចិន​ដែលមាន​ទំហំ ៣៤ ពាន់​លាន​ដុល្លារ​ដែល​ទំនិញ​ទាំងនោះ​មាន​យ៉ាងតិច ៨០០ មុខ​ផ្សេងគ្នា​រួមបញ្ចូល​ទាំង​គ្រឿង​ម៉ាស៊ីន​ឧស្សាហកម្ម​, គ្រឿង​បរិក្ខារ​សុខាភិបាល និង​គ្រឿងបន្លាស់​រថយន្ត​ជាដើម​។ ឯ​ចិន​វិញ​សងសឹក​អាមេរិក​ភ្លាមៗ​ដែរ​ដោយ​ដាក់​ពន្ធ​លើ​ទំនិញ ៥៤៥​មុខ​នាំ​មកពី​អាមេរិក ដែល​ភាគច្រើន​ជា​ផលិតផល​កសិកម្ម​រួមមាន​ផលិតផល​អាហារ​សមុទ្រ សាច់ សណ្តែកសៀង និង​ពោត​ជាដើម​។

​ក្រៅពី​ពន្យល់​ពី​ផលវិបាក​នៃ​សង្គ្រាម​ពាណិជ្ជកម្ម លោក ស៊ី ក៏បាន​ស្នើ​ឲ្យ​មេដឹកនាំ​ប្រទេស BRICS បន្ត​តស៊ូ​មតិ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​ដើម្បី​ធ្វើយ៉ាងណា​បន្ត​កសាង​សេដ្ឋកិច្ច​ដែល​បើកចំហ​, ជំរុញ​ការច្នៃប្រឌិត​, ការពារ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​, អភិវឌ្ឍ​អភិបាលកិច្ច​សកល និង​ធានា​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន​ដើម្បី​ប្រយោជន៍​ប្រជាជន​ទូទៅ​។

​មេដឹកនាំ​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​បន្ទាប់ពី​ប្រធាន ម៉ៅ សេទុង ខាងលើនេះ​ក៏​ឆ្លៀត​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស BRICS បន្ត​រួមចំណែក​ជួយ​គាំទ្រ​ដល់​រដ្ឋ​កំពុង​អភិវឌ្ឍ និង​បណ្តា​សេដ្ឋកិច្ច​រីកលូតលាស់​ថ្មី​ឲ្យ​លូតលាស់​បាន​រហ័ស និង​ទទួលបាន​ប្រយោជន៍​ពី​សាកលភាវូបនីយកម្ម​ផង​។​

​មេដឹកនាំ​ចិន​ក៏បាន​លើកឡើង​ពី​គំនិត​ផ្តួចផ្តើម​រួម​ដែលមាន​ស្រាប់​ដូចជា កិច្ចសហប្រតិបត្តិការ​ត្បូង​-​ត្បូង​ដែលមាន​ប្រទេស​កំពុង​អភិវឌ្ឍ​ជា​សមាជិក​។ វេទិកា​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​នេះ​មាន​តួនាទី​ស្នូល​ក្នុង​ការធានា​បើកទ្វារ​ចំហ ធានា​ស្ថានភាព​វិនិយោគ​ដែល​រាក់ទាក់​, ពង្រឹង​និង​ការពារ​កម្មសិទ្ធិបញ្ញា ក៏ដូចជា​បង្កើន​ការនាំចេញ​។​

​ចំណែក​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ (OBOR) របស់​ចិន​វិញ លោក ស៊ី ជិន​ភីង បាន​សង្កត់ធ្ងន់​ផងដែរ​ថា វា​នឹង​ជួយ​ដើម្បី​បង្កើត​ឱកាស​ថ្មី​ទាំង​សង្គម និង​សេដ្ឋកិច្ច​សម្រាប់​បណ្តា​ប្រទេស​ទាំងអស់​ដែល​ចូលរួម និង​អាច​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ ២០៣០​ផងដែរ​៕


Tag:
 ស៊ី ជិន​ភីង​
  BRICS
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com