អន្តរជាតិ
អ្នកជំនាញ​៖ ទ័ពជើងទឹក​រុស្ស៊ី​គួរ​មាន​នាវា​ដឹក​យន្តហោះ​ចម្បាំង​យ៉ាងហោច ៤​គ្រឿង
27, Jul 2018 , 9:19 am        
រូបភាព
រូបភាព AP
រូបភាព AP
ដោយ: ថ្មីៗ
​អ្នកជំនាញ​បាន​ផ្តល់យោបល់​ថា កងទ័ពជើងទឹក​រុស្ស៊ី​ត្រូវផ្តោត​សំខាន់​លើ​ការកសាង​សមត្ថភាព​និង​ឥទ្ធិពល​របស់ខ្លួន​តាម​រយៈ​ការបង្កើន​ចំនួន​សព្វាវុធ​សំខាន់ៗ​។ បច្ចុប្បន្ន​រុស្ស៊ី​មាន​ត្រឹម​នាវា​ដឹក​យន្តហោះ​មួយគ្រឿង​ប៉ុណ្ណោះ ប៉ុន្តែ​តាម​ស្ថានភាព​ជាក់ស្តែង​រុស្ស៊ី​ត្រូវការ​នាវា​ដឹក​យន្តហោះ​យ៉ាងហោចណាស់​ក៏ បួន​គ្រឿង​ដែរ​។



​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​រដ្ឋ Krylov របស់​រុស្ស៊ី​លោក Valery Polovinkin បាន​អះអាង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ថា បើតាម​ទ្រឹស្តី​កង​នាវា​រុស្ស៊ី​ប្រចាំ​ភាគ​ខាងជើង​និង​ប៉ាស៊ីហ្វិក​ត្រូវការ​នាវា​ដឹក​យន្តហោះ​បួន​គ្រឿង​។​

« តាម​ការវាយតម្លៃ​បែប​វិទ្យាសាស្ត្រ នាវា​មិនអាច​បន្ត​ប្រតិបត្តិ​ការមិន​ឈប់​ឡើយ ហើយ​វា​ត្រូវ​បន្ត​ទទួល​ការថែទាំ ជួសជុល និង​កែលម្អ​ជាដើម​។ ដូច្នេះហើយ វា​ចាំបាច់​ត្រូវមាន​នាវា​ពីរ​ក្នុង​តំបន់​មួយៗ​»​។ លោក Polovinkin បាន​និយាយ​ដូច្នេះ​។​

​អ្នកជំនាញ​ខាងលើ​បាន​បន្ថែមថា នាវា​ដឹក​យន្តហោះ​របស់​រុស្ស៊ី​នៅពេល​អនាគត​គឺ​ត្រូវមាន​ទម្ងន់​ចន្លោះ​ពី ប្រាំមួយ​តោន​ដល់​មួយ​សែន​តោន ហើយ​ទម្ងន់​នេះ​អាច​ប្រែប្រួល​ទៅតាម​ម៉ាស៊ីន នោ​ង​ថាមពល​របស់​នាវា​នីមួយៗ​ផងដែរ​។​

​តាមពិតទៅ​វិទ្យាស្ថាន​ស្រាវជ្រាវ Krylov មានឈ្មោះ​ល្បីល្បាញ​ដោយសារ​ស្ថាប័ន​នេះ​មាន​តួនាទី​ចម្បង​ក្នុងការ​រៀបចំ និង​រចនា​នាវា​ដឹក​យន្តហោះ​សម្រាប់​អតិថិជន​នានា​នៅ​បរទេស​កន្លងមក​។ ដល់​ឥឡូវនេះ​ស្ថាប័ន​នេះ​ក៏​ចាប់ផ្តើម​ផ្តោតលើ​ការផ្តល់សេវា​កម្មដ​ល់អ​តិ​ថិ​ជន​ក្នុងស្រុក​ផងដែរ​។​

 បច្ចុប្បន្ននេះ រុស្ស៊ី​មាន​ត្រឹម​នាវា​ដឹក​យន្តហោះ​មួយគ្រឿង​ប៉ុណ្ណោះ​គឺ Admiral Kuznetsov ដែល​ទើប​ទទួលបាន​ការកែលម្អ​ទ្រង់ទ្រាយ​ធំ​ប៉ុន្មាន​ខែ​មុននេះ​។ កងទ័ពជើងទឹក​រុស្ស៊ី​បាន​អះអាងថា ខ្លួន​នឹង​អាច​ទទួលបាន​នាវា​ដឹក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​នៅ​ចុងឆ្នាំ ២០៣០ ហើយ​នាវា​ទាំងនោះ​មាន​ទម្ងន់​មិន​ក្រោម​ប្រាំ​ពីរម៉ឺន​តោន​ឡើយ​។​

​ខណៈដែល​រុស្ស៊ី​មាន​ត្រឹម​នាវា​ដឹក​យន្តហោះ​ចម្បាំង​មួយគ្រឿង​នោះ សហរដ្ឋអាមេរិក​វិញ មាន​នាវា​ដឹក​យន្តហោះ​សរុប​រហូតដល់ ១១ គ្រឿង​ឯណោះ ហើយ​នាវា​អាមេរិក​ភាគច្រើន​ត្រូវបាន​ពង្រាយ​ទៅកាន់​តំបន់​ជាច្រើន​លើ​ពិភពលោក​ផង​ដើម្បី​ពង្រឹង​អំណាច​យោធា​របស់ខ្លួន​។ 


Tag:
 អាមេរិក​
  រុស្ស៊ី​
  នាវា​ដឹក​យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com