អន្តរជាតិ
ប្រមុខ UN ប្រាប់​សមាជិក​ទាំង​១៩៣​ប្រទេស​៖ UN កំពុង​អស់​លុយ​ហើយ​
27, Jul 2018 , 11:41 am        
រូបភាព
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) បាន​ផ្ញើ​សារ​មួយ​ទៅកាន់​ប្រទេស​សមាជិក​ទាំងអស់ ដោយបាន​បង្ហាញ​ពី​ការខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ​។ នេះ​បើតាម​លិខិត​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​២៧ ខែកក្កដា​។ លោក ហ្គូ​តេ​រ៉េ​ស ក៏បាន​ទទូច​ឲ្យ​សមាជិក​គ្រប់​ប្រទេស​បង់ថ្លៃ​វិភាគទាន​ដែល​ពួកគេ​ជំពាក់​ឲ្យ​បាន​ឆាប់រ​ហ័យ​តាមតែ​អាចធ្វើ​បាន ដើម្បី​ឲ្យ​អង្គការ​អន្តរជាតិ​មួយ​នេះ​បន្តដំណើរ​ការ​ទៅ​មុខជា​ប្រក្រតី​។



​ក្នុង​លិខិត​ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃទី ២៥ ខែកក្កដា ប្រមុខ​អង្គការសហប្រជាជាតិ (UN) អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​ប្រាប់​សមាជិក​ទាំង ១៩៣​ប្រទេស ថា នៅត្រឹម​ថ្ងៃទី​៣០ ខែមិថុនា កញ្ចប់​ថវិកា​របស់​ស្ថាប័ន​នេះ​មាន​ឱនភាព​ដល់​ទៅ​១៣៩​លាន​ដុល្លារ​ឯណោះ​។ លោក​និយាយថា អង្គការសហប្រជាជាតិ​មិនដែល​ជួប​បញ្ហាលំបាក​ផ្នែក​លំហូរ​សាច់ប្រាក់​នៅពេល​ឆាប់រហ័ស​ក្នុង​រយៈពេល​មួយឆ្នាំ​នៃ​ឆ្នាំសារពើពន្ធ​បែបនេះ​ឡើយ​។  

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អគ្គលេខាធិការ​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បន្តថា ស្ថាប័ន​ពិភពលោក​ដូចជា​អង្គការសហប្រជាជាតិ មិនគួរ​ជួប​បញ្ហា​ក្ស័យធន​ម្ដង​ហើយ​ម្ដង​ទៀតឡើយ​។ កាលពី​ខែធ្នូ ឆ្នាំ​២០១៧ គណៈកម្មាធិការ​ថវិកា​របស់​អង្គការ​នេះ​បានអនុម័ត​ទឹកប្រាក់​ចំណាយ​ចំនួន​៥,៤​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៨-២០១៩ ដោយ​ថយចុះ​ចំនួន​២៨៥​លាន​ដុល្លារ ប្រៀបធៀប​ទឹកប្រាក់​ចំណាយ​ឆ្នាំ​២០១៦-២០១៧ ។

​ការថយចុះ​ថវិកា​នេះ ក៏​បណ្ដាលមកពី​នយោបាយ​របស់​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែរ​។ អាមេរិក​ដែលជា​ម្ចាស់​វិភាគទាន​ធំជាងគេ បានស្នើ​ឲ្យ​កំណែទម្រង់​ស្ថាប័ន​ពិភពលោក​មួយ​នេះ​ដើម្បី​កាត់បន្ថយ​ការចំណាយ​ដ៏​ច្រើន​លើសលប់​។ អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ Nikki Haley ធ្លាប់​លើកឡើងថា អាមេរិក​មិនអាច​ឲ្យ​ទឹកចិត្ត​ទូលាយ​របស់ខ្លួន ត្រូវបាន​កេងចំណេញ​ដោយ​គ្មាន​ការត្រួតពិនិត្យ​ទៀតឡើយ​។

​មកទល់ពេលនេះ សមាជិក​ចំនួន​១១៣​ក្នុងចំណោម​១៩៣​ប្រទេស​បាន​បង់ប្រាក់​វិភាគទាន​របស់ខ្លួន​រួចហើយ​។ ចំណែក​អាមេរិក ដែល​ត្រូវ​បង់​វិភាគទាន​ដល់​ទៅ​២២​ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​ទាំងអស់ នឹង​បង់​ក្រោយ​គេ​។ ជាមួយនឹង​ការខ្វះខាត​ថវិកា​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នេះ លោក ហ្គូ​តេ​រ៉េ​ស បានបង្ហាញ​ក្ដីបារម្ភ​ពី​ផលប៉ះពាល់​ដល់​បុគ្គលិក​ទាំងអស់ ព្រោះ​លោក​ត្រូវបាន​ចាត់វិធានការ​សន្សំសំចៃ​ដូចជា​ការកាត់បន្ថយ​ចំនួន​បុគ្គលិក​ជាដើម​។​

​សូមបញ្ជាក់ថា ក្រោម​ច្បាប់​របស់ខ្លួន សមាជិក​អង្គការសហប្រជាជាតិ​ដែល​ជំពាក់​វិភាគទាន​របស់ខ្លួន ស្មើ ឬ​លើស​វិភាគទាន​របស់ខ្លួន​នៅពេល​ពីរ​ឆ្នាំមុន ប្រទេស​នោះ​អាច​បាត់បង់​សិទ្ធិ​បោះឆ្នោត​នៅឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ លុះត្រាតែ​ប្រទេស​នោះ​បង្ហាញថា អសមត្ថភាព​ក្នុង​ការបង់​វិភាគទាន​នោះ គឺ​ហួស​ពី​សមត្ថភាព​។ សព្វថ្ងៃ កូ​ម័​រ ហ្គី​ណេ​ប៊ី​ស្សូ សៅ​តូ​ម៉េ​និង​ប្រាំង​ស៊ី​ប បាន​ជំពាក់​ថ្លៃ​វិភាគទាន​របស់ខ្លួន តែ​នៅមាន​សិទ្ធិ​បោះឆ្នោត​បាន តែ​លី​ប៊ី​គ្មាន​សិទ្ធិ​ឡើយ​៕



Tag:
 UN
  អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស​
© រក្សាសិទ្ធិដោយ thmeythmey.com