អន្តរជាតិ
៦៥​ឆ្នាំក្រោយ សង្គ្រាម​កូរ៉េ​នៅតែ​មិនទាន់​ចប់​ផ្លូវការ​
27, Jul 2018 , 7:39 pm        
រូបភាព
​កាលពី​ថ្ងៃ​សុក្រ ទី​២៧ កក្កដា ឆ្នាំ​១៩៥៣ តំណាង​យោធា​អាមេរិក ចិន និង​កូរ៉េខាងជើង បាន​អង្គុយ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​បី​ឆ្នាំ​នៅ​ឧបទ្វីប​កូរ៉េ ដែល​សម្លាប់​មនុស្ស​ជាង​ពីរលាន​នាក់ រាប់សែន​នាក់​រងរបួស និង​បាន​ចែក​កូរ៉េ​ជា​ពីរ​។ ៦៥​ឆ្នាំក្រោយ សង្គ្រាម​មួយ​នេះ​នៅតែ​មិនអាច​បញ្ចប់​ជា​ផ្លូវការ​ដដែល ទោះជា​មានការ​ប្រឹងប្រែង​ជាច្រើន​ក្ដី​។ សង្គ្រាម​មួយ​នេះ​នៅតែ​ជា​ចំណុច​របត់​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​។​



​ថ្ងៃ​សុក្រ ទី​២៧ ខែកក្កដា ជា​ខួប​ទី​៦៥​ឆ្នាំ​នៃ​ការចុះហត្ថលេខា​លើ​យុទ្ធសន្តិភាព​ដើម្បី​បញ្ចប់សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣ ។ នៅ​ភូមិ​ប៉ាន់​មុន​ជុម ឧ​ត្ត​ម​សេនីយ​ឯក​អាមេរិក William Harrison តំណាង​ឲ្យ​ទីបញ្ជាការ​អង្គការសហប្រជាជាតិ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​តំណាង​កងទ័ព​ប្រជាជន​កូរ៉េ និង​ទ័ព​ស្ម័គ្រចិត្ត​របស់​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន​។ យោងតាម​សារព័ត៌មាន Bloomberg មុន​ឈានដល់​ការព្រម​ពៀង មានការ​ចរចា​ដល់​ទៅ​១៥៨​លើក​ក្នុង​ចន្លោះពេល​២​ឆ្នាំ និង​១៧​ថ្ងៃ​។​

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ កូរ៉េខាងត្បូង​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី Syngman Rhee ដែល​ប្រឡូក​ក្នុង​សង្គ្រាម​មួយ​នេះ បាន​បដិសេធ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ព្រោះ​វា​ធ្វើ​ឲ្យ​កូរ៉េ​បែក​ជា​ពីរ​។ កូរ៉េខាងត្បូង​ក៏​ងាក​ទៅ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ការពារ​ទ្វេភាគី​ជាមួយ​អាមេរិក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែក្រោយ​យុទ្ធសន្តិភាព​លេច​ជា​រូបរាង​។ វា គឺជា​ការចាប់ផ្ដើម​នៃ​ទំនាក់ទំនង​មិនអាច​កាត់ផ្ដាច់​បាន​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​។​

៦៥​ឆ្នាំ​៖ កូរ៉េ​ទាំងពីរ​ដើរ​លើផ្លូវ​ផ្ទុយគ្នា​


៦៥​ឆ្នាំក្រោយ​សមរភូមិ​បង្ហូ​រ​ឈាម កូរ៉េ​ទាំងសងខាង​បាន​ដើរ​ផ្លូវ​ផ្ទុយគ្នា​ស្រឡះ​។ កូរ៉េខាងត្បូង​ដែល​ប្រកាន់​របប​ដឹកនាំ​បែប​លោកខាងលិច និង​មានការ​គាំទ្រ​សន្ធឹកសន្ធាប់​ពី​អាមេរិក​ផង​នោះ បាន​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន ជា​ខ្លា​សេដ្ឋកិច្ច និង​ជា​ប្រទេស​អ្នកមាន​មួយ​ផង​។ ផលិតផល​ក្នុងស្រុក​សរុប (GDP) សម្រាប់​មនុស្ស​ម្នាក់​ចំនួន ៣៨,៣៥០​ដុល្លារ ឯ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យម​មាន​អាត្រា​ជិត​៣​ភាគរយ​។

​នៅ​ផ្នែក​ខាងជើង​នៃ​ខ្សែស្រប​ទី​៣៨ កូរ៉េ​ម្ខាង​ទៀត​កំពុង​រស់នៅ​ដោយ​ត្រដាបត្រដួស​។ ត្រូវបាន​ចាត់ទុកជារ​ដ្ឋ​ឯកោ​មួយ​របស់​ពិភពលោក កូរ៉េខាងជើង​អនុវត្ត​ប្រព័ន្ធ​នយោបាយ​កុម្មុយនីស្ត និង​សេដ្ឋកិច្ច​ផែនការ ប៉ុន្តែ​ថវិកា​ជាច្រើន​បាន​ចំណាយ​លើ​វិស័យ​យោធា កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ជាជាង​ការលើកកម្ពស់​សេដ្ឋកិច្ច​។ ប្រជាជន​ភាគច្រើន​រស់​នៅក្រោម​បន្ទាត់​ភាពក្រីក្រ ហើយ​បន្ថែម​ពីលើ​ការខ្វះខាត​ជីវភាព ក៏​ជួប​គ្រោះធម្មជាតិ​ជារឿយៗ​ទៅទៀត​។​

​សន្តិភាព​ពិតប្រាកដ​នៅតែមាន​សង្ឃឹម តែ​ដំណើរការ​យឺត​

​ទោះ​ជាមាន​យុទ្ធសន្តិភាព​ក្ដី តាម​បច្ចេកទេស​ឧបទ្វីប​កូរ៉េ​នៅតែ​ស្ថិតក្នុង​លក្ខខណ្ឌ​នៃ​សង្គ្រាម​នៅឡើយ​។ យុទ្ធោបករណ៍​ជាច្រើន​គ្រឿង ច្រើន​ប្រភេទ​នៅតាម​បណ្ដោយ​ព្រំដែន​បែងចែក​កូរ៉េ​ទាំងពីរ ជា​សញ្ញា​បង្ហាញ​ពី​ការប្រឈមមុខ​ផ្នែក​យោធា​រវាង​បងប្អូន​កូរ៉េ​ទាំងពីរ​ដែលមាន​មហាអំណាច​នៅ​ពីក្រោយ​ខ្នង​រៀងៗ​ខ្លួន​។ ការផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​នៅ​អាមេរិក និង​កូរ៉េខាងត្បូង បានធ្វើ​ឲ្យ​ក្ដីសង្ឃឹម​នៃ​សន្តិ​ភាពលេច​រូបរាង​ឡើង​។​

​លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង ត្រូវ​មើលឃើញថា មាន​នយោបាយ​ទន់ភ្លន់​ចំពោះ​កិច្ចការ​កូរ៉េខាងជើង​។ លោក​បាន​បោះដៃ​ទៅរក​កូរ៉េខាងជើង​ដើម្បី​បញ្ចប់​អរិភាព​របស់​បងប្អូន​កូរ៉េ ហើយ​លោក​ក៏​ជា​មេដឹកនាំ​កូរ៉េខាងត្បូង​ទីមួយ​ដែល​ជួប​មេដឹកនាំ​កូរ៉េខាងជើង​ដល់​ទៅ​ពីរដង​ផង​។ នា​ជំនួប​ទីមួយ​ថ្ងៃទី​២៦ ខែមេសា លោក មូ​ន និង​លោក គីម ជុង​អ៊ុន បាន​ឯកភាពគ្នា​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បី​បង្កើត​របប​សន្តិភាព​អចិន្ត្រយ៍​នៅ​ឧបទ្វីប​កូរ៉េ​។​

​សត្រូវ​ធំ​របស់​កូរ៉េខាងជើង គឺ​អាមេរិក ក៏មាន​ជំហរ​ចង់​បង្កើត​សន្តិភាព​ឲ្យ​បាន​ឆាប់​ដែរ​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ក្លាយជា​មេដឹកនាំ​អាមេរិក​ទីមួយ​ចាប់ដៃ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១២ ខែមិថុនា នៅឯ​សិង្ហ​បុរី​។ ក្នុង​សេចក្ដីថ្លែងការណ៍​រួម មេដឹកនាំ​រដ្ឋ​គូសត្រូវ​ទាំងពីរ ក៏​យល់​ជជែក​ពី​ការបង្កើត​សន្តិភាព​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ​ផងដែរ​។ ប៉ុន្តែ​ជាង​មួយខែ​មកនេះ​គេ​ឃើញ​មាន​ដំណើរការ​តិចតួច​បំផុត​។​

​តាមពិតទៅ កូរ៉េ​ទាំងពីរ​ចង់​ប្រកាស​បញ្ចប់សង្គ្រាម​ផ្លូវការ​នៅ​ឆ្នាំនេះ ប៉ុន្តែ​ភាគី​ទាំងអស់​ហាក់​មិន​អើពើ​នឹង​ការចរចា​សោះ​។ ថ្មី​នេះ ក្រុង​ព្យុងយ៉ាង​ថែមទាំង​មិន​សប្បាយ​ចិត្តនឹង​ការយឺតយ៉ាវ​នេះ​ទៀតផង​។ លោក Kim Hong-gul កូនប្រុស​លោក គីម ដេ​ជុង អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដែល​ជួប​មេដឹកនាំ​កូរ៉េខាងជើង​ដំបូង​គេ បាន​ប្រាប់​សារព័ត៌មាន South China Morning Post ថា មន្ត្រី​កូរ៉េខាងជើងរ​ង្គៀ​ស​ចិត្តខ្លាំង​ណាស់​ចំពោះ​រឿងនេះ​៕


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  អាមេរិក​
  សង្គ្រាម​កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com