អន្តរជាតិ
អតីត​ជើងឯក​កីឡា​គ្រី​ឃី​ត​ប៉ា​គី​ស្ថាន​ប្រកាស​ឈ្នះឆ្នោត តែ​បក្ស​កាន់អំណាច​ទាត់ចោល​លទ្ធផល​
27, Jul 2018 , 3:24 pm        
រូបភាព
ដោយ: ថ្មីៗ
​អតីត​ជើងឯក​កីឡា​គ្រី​ឃី​ត​ដែល​ក្លាយជា​អ្នកនយោបាយ​លោក Imran Khan បានប្រកាស​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​សាកល​ដ៏​តានតឹង​ខ្លាំង និង​ពោរពេញ​ដោយ​ភាពមិនប្រក្រតី​កាលពី​ថ្ងៃ​ពុធ​ទី ២៥ ខែកក្កដា​កន្លងមក​។ លទ្ធផល​ផ្លូវការ​មិនទាន់​ត្រូវបាន​គេ​ប្រកាស​នៅឡើយ​ទេ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​វាយតម្លៃថា អ្នកនយោបាយ​ខាងលើ​បាន​សំឡេងគាំទ្រ​ភាគច្រើន​មែន​។



​ស្រប​ពេលដែល​បញ្ហា​ចម្រូងចម្រាស​រឿង​បោះឆ្នោត​បន្ត​កើតឡើង ហើយ​លទ្ធផល​ផ្លូវការ​ត្រូវគេ​ពន្យារពេល​ប្រកាស​ឲ្យ​សាធារណជន​បានដឹង​នោះ បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​បក្ស​ប៉ា​គី​ស្ថាន Tehreek-e-Insaf លោក Imran Khan ចេញមុខ​ថ្លែង​សារ​ទៅកាន់​ប្រជាជាតិ​។ លោក​ប្រកាសថា បក្ស​លោក​ឈ្នះ​ការបោះឆ្នោត​ភ្លូកទឹកភ្លូកដី​ផង​។​

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Khan បានចាត់ទុក​ការបោះឆ្នោត​លើក​នេះ​ថា​ជា​ជោគជ័យ​ដ៏​ធំ​សម្រាប់​ប៉ា​គី​ស្ថាន និង​អះអាងថា វា​មាន​តម្លា​ភាពល្អ​ថែមទៀត​ផង​។ ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា ការបោះឆ្នោត​នេះ​មាន​ហិង្សា​ប្រដាប់អាវុធ​ធ្ងន់ធ្ងរ កេង​បន្លំ​សន្លឹកឆ្នោត​និង​ភាពមិនប្រក្រតី​ច្រើន​ទៀតផង​។​
​ពី​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាដ  លោក Khan និយាយ​តាម​កញ្ចក់​ទូរទស្សន៍​ដូច្នេះ​៖«​យើង​ទទួលជោគជ័យ ហើយ​យើង​ទទួលបាន​អំណាច​ដឹកនាំ​ប្រទេស​លើក​នេះ​។ គ្មាន​ឡើយ​ជនរងគ្រោះ​ដោយសារ​បញ្ហានយោបាយ​នោះ​។ ព្រះ​បាន​ផ្តល់ឱកាស​ឲ្យ​ខ្ញុំ​បាន​ឡើងកាន់​អំណាច​ដើម្បី​អនុវត្ត​គោលនយោបាយ​និង​មនោគមន៍វិជ្ជា​ដែល​ខ្ញុំ​ចាប់ផ្តើម​កាលពី ២២ ឆ្នាំមុន​»​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុងពេល​ថ្លែង​សារ​នយោបាយ​នេះដែរ អនាគត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​បាន​សន្យា​ដោះស្រាយ​បញ្ហា​ក្តៅ​មួយចំនួន​ក្នុងសង្គម​ប៉ា​គី​ស្ថាន និង ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជា​មិត្ត និង ប្រទេសជិតខាង​ផង​។ លោក​ប្តេជ្ញាចិត្ត​ធ្វើយ៉ាងណា​កម្ចាត់​បញ្ហា​ពុករលួយ​ស៊ី​រូង​ផ្ទៃក្នុង​ឲ្យ​ខាងតែបាន​នៅពេល​លោក​កាន់អំណាច​ជា​ផ្លូវការ​។​

​ពាក់ព័ន្ធ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ អតីត​កីឡាករ​ដ៏​ល្បី​នេះ​បាន​សន្យា​រក្សា​តុល្យភាព​ក្នុង​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​អាមេរិក​ដើម្បី​ធានា​ប្រយោជន៍​ភាគី​ទាំងពីរ​រយៈពេល​វែង​ផង​។ ប៉ុន្តែ​អ្វីដែល​សំខាន់​លោក Khan ក៏​ត្រៀមខ្លួន​អង្គុយ​តុ​ចរចា​ជាមួយ​ឥណ្ឌា​ដែលជា​សត្រូវ​សួរ​ពូជ​ដើម្បី​ដោះស្រាយ​ជម្លោះទឹកដី​កា​ស្មៀ​រ​ដែល​បន្សល់ទុក​តាំងពី​ម្ចាស់​អាណានិគមនិយម​អង់គ្លេស​ចាកចេញ​ឆ្នា​ម ១៩៤៧ មក​នោះ​។​

​ថ្វីបើ​មាន​លោក Khan ប្រកាស​ជ័យជម្នះ​បែបនេះ​ក្តី គណបក្ស​ធំៗ​មួយចំនួន រួមទាំង​បក្ស​កាន់អំណាច​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី Nawaz Sharif បាន​ទាត់ចោល​លទ្ធផល និង​ចោទប្រកាន់ថា ការបោះឆ្នោត​នេះ​មិន​ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ​។ បក្ស​លោក Sharif បាន​ព្រមាន​ចាត់វិធានការ​ទាំង​ផ្នែក​នយោបាយ និង​ផ្លូវច្បាប់​ដើម្បី​ឆ្លើយតប​នឹង​លទ្ធផល​បោះឆ្នោត​នេះដែរ​។​

​ខាង​អ្នកជំនាញ​បាន​វាយតម្លៃថា គណបក្ស​ឈ្នះឆ្នោត Tehreek-e-Insaf អាច​នឹង​ចាប់ដៃ​ជាមួយ​គណបក្សនយោបាយ​ផ្សេងទៀត​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​ផង​បើសិនជា​ភាគី​នយោបាយ​អាច​ចរចា និង​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​បាន​។ ប៉ុន្តែ​វា​ក៏មាន​ក្តីបារម្ភ​ខ្លាំង​ដែរ​ថា ភាពចលាចល​ផ្នែក​នយោបាយ​កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ​ពេល​ភាគី​មិនអាច​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​បាន​នោះ​៕


Tag:
 Imran Khan
  ប៉ា​គី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com